ធ្លាក់យន្តហោះនៅលើបឹងមួយកន្លែងក្នុងប្រទេសតង់ហ្សានី បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១៩នាក់

ដាអេសសាឡាម៖ នាយករដ្ឋមន្ត្រីតង់ហ្សានី លោក Kassim Majaliwa បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះ នៅបឹង Victoria កាលពីព្រឹកថ្ងៃអាទិត្យទី០៦ ខែវិច្ឆិកានេះ បានកើនឡើងពី ៣ នាក់ដល់ ១៩នាក់ គិតត្រឹមរសៀលថ្ងៃដដែល។

លោក Majaliwa ដែលបានទៅទស្សនាកន្លែងធ្លាក់នៅលើច្រាំងនៃបឹង Victoria ក្នុងសង្កាត់ Bukoba ក្នុងតំបន់ Kagera កាលពីរសៀលថ្ងៃអាទិត្យ បាននិយាយថា វាទំនងជាអ្នកដំណើរមួយចំនួននៅតែជាប់ក្នុងបំណែកយន្តហោះនៅឡើយ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលតង់ហ្សានី (TCAA) បាននិយាយថា ជើងហោះហើរ Precision Air លេខ 5H-PWF ដឹកអ្នកដំណើរប្រមាណ៤០នាក់ ពីទីក្រុងដា អេស សាឡាម (Dar es Salaam) ទៅក្រុងកំពង់ផែ ប៊ូគូបា (Bukoba) បានជួបឧប្បត្តិហេតុចុះចត នៅម៉ោង ៨៖៤៥ នាទីព្រឹក ។

សេចក្តីថ្លែងការណ៍បានបន្តថា៖ «យន្តហោះបានចុះចតក្នុងទឹកនៅចម្ងាយប្រហែល ៥០០ម៉ែត្រ មុនកម្រិតកំណត់»។ សេចក្តីថ្លែងការណ៍បាននិយាយថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលតង់ហ្សានី នឹងបន្តធ្វើបច្ចុប្បន្នភាពជាសាធារណៈលើព័ត៌មានបន្ថែម និងដំណើរការនីតិវិធី។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមស៊ើបអង្កេតដែលមានបុគ្គលិកបច្ចេកទេស Precision Air និងអ្នកជំនាញអាកាសចរណ៍មកពី TCAA ត្រូវបានបញ្ជូនឱ្យចូលរួមជាមួយក្រុមជួយសង្គ្រោះ។

ប្រធានាធិបតីតង់ហ្សានី Samia Suluhu Hassan បាននិយាយនៅមុននេះបន្តិចថា លោកស្រីមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មាននៃគ្រោះថ្នាក់នេះ៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner