ប្រជាពលរដ្ឋសប្បាយរីករាយទស្សនា ការប្រណាំងទូកបែបលក្ខណៈប្រពៃណីនៅបារាយណ៍ខាងលិច ក្រុងសៀមរាប
សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនកុះករ ពួកគាត់បានសម្ដែងការសប្បាយរីករាយ ដែលបានចូលរួមទស្សនាក្នុងពិធីប្រណាំទូកលក្ខណៈប្រពៃណីនេះ ។ ពួកគាត់បានលើកឡើងថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទៅទស្សនាច្រើន ជាពិសេសពួកគាត់នៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារ ពីការបង្កើតការលក់ដូរនៅក្នុងពិធី។
ប្រជាពលរដ្ឋបានបន្ដថា ការបង្កើតកម្មវិធីសប្បាយៗនេះ បង្ហាញថា ប្រទេសកម្ពុជាបានរួចផុតការឆ្លងជំងឺកូវីដ១៩ហើយ ព្រោះអ្នកដើរកំសាន្ដមិនសូវមានការពាក់ម៉ាស់នោះទេ ជាពិសេសពិធីអុំទូកនេះ បានបង្ហាញថា កម្ពុជា បង្កើតការសប្បាយដល់ប្រជាពលរដ្ឋ និងរំលឹកឡើងវិញនៃពិធីបុណ្យអុំទូកក្នុងតំបន់រមណីយដ្ឋានអង្គរ។ពួកគាត់បន្ថែមថា ពិធីប្រពៃណីនេះ មិនត្រឹមតែផ្ដល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនោះទេ វាជាការទាក់ទាញអ្នកទេសចរទៅកំសាន្ដនិងរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរដល់កូនចៅជំនាន់ក្រោយផងដែរ។ ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរបង្កើតពិធីបែបប្រពៃណីនេះឱ្យបានច្រើន ដើម្បីឱ្យយុវជន ក៍ដូចប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរនេះ។
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្ដមហានទីរតនារាម ហៅវត្ដស្វាយរមៀត ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ដែលជាប្រធានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះ ព្រះអង្គមានសង្ឃដីកាថា ពិធីអុំទូកលក្ខណៈប្រពៃណីនេះ ដើម្បីអបអរពិធីបុណ្យកឋិនទាន និងដើម្បីឱ្យមានទាក់ទាញអ្នកទេសចរណ៍ ជាពិសេសរក្សាប្រពៃណីបុរាណខ្មែរឱ្យបានគង់វង្ស ព្រមទាំងបង្កើតបរិយាកាសកន្សាន្ដសប្បាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដោយសារការយកចិត្តទុកដាក់និងការលះបង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទើបយើងទាំងអស់គ្នាមានឱកាសជួបជុំនិងប្រាព្ឋពិធីផ្សេងៗ ឡើងវិញក្រោមម្លប់សុខសន្តិភាពតែមួយ។
ពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះមានរយៈពេល២ថ្ងៃព្រះអង្គបន្ថែមថា ការរៀបចំរំលឹកនូវការប្រណាំងទូកនេះ គឺធ្វើឡើងអាស្រយប្រជាពលរដ្ឋជួយគាំទ្រទាំងថវិកាស្មារតី ដើម្បីបង្កើតការសប្បាយដល់ប្រជាពលរដ្ឋឱ្យបានច្រើន។ជាមួយគ្នានោះ ពិធីនេះមានការហែអង្គកឋិនទាន តាមទូកឆ្លងកាត់ទឹកបារាណ៍ចូលវត្ដផងដែរ ដែលនេះលើកទីមួយហើយការដង្ហែកឋិនទាននៅលើទឹក។ ពិធីអុំទូកនេះ ធ្វើឡើងមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅបាយរាណ៍ខាងលិច ដោយមានទូកអុំចំណុះ៦នាក់ចំនួន២៦គូរធ្វើការប្រគួតប្រជែងយកជ័យលាភីផង៕ ដោយ ស៊ាន សុផាត


