ប្រមុខយោធា​នុយក្លេអ៊ែរ​អាមេរិក ព្រមានអំពី​ល្បឿននៃកម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់ចិន

អាមេរិក៖មេបញ្ជាការផ្នែកយុទ្ធសាស្ត្រ​របស់អាមេរិក​ លោកនាយឧត្តមនាវី​ ឆាលស៍ រីឆាដ (Charles A. Richard) បានព្រមានថា​ ប្រទេសចិនកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរលឿនជាងអាមេរិក​ និងបានហៅវាថាជាបញ្ហាដែលត្រូវឆាប់​ដោះស្រាយ​។ លោក រីឆាដ បានលើកឡើងបែបនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯព្រឹត្តិការណ៍មួយកាលពីសប្តាហ៍មុន​។

មន្ត្រីនៃមន្ទីរបញ្ចកោណ​ បាននិងកំពុងប្រកាសអាសន្នពីការកសាងនិងអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ​។ ក៏ប៉ុន្តែ​ ការអត្ថាធិប្បាយរបស់លោកនាយឧត្តមនាវីអាមេរិក រីឆាដ បានរំលេចថាបញ្ហានេះ​កាន់តែធ្ងន់ធ្ងរនិងបន្ទាន់ជាងមុន​។

«នៅពេលខ្ញុំវាយតម្លៃកម្រិតនៃការទប់ទល់របស់យើងប្រឆាំងនឹងចិន​ កប៉ាល់កំពុងលិចបន្តិចម្តងៗ​។ វាកំពុងលិច​ ដោយហេតុថា​ ចិនកំពុងពង្រឹងសមត្ថភាពក្នុងវិស័យនេះលឿនជាងយើង​»។ នេះគឺជា​ការ​លើកឡើងរបស់លោក រីឆាដ​។

បន្ថែមលើនេះ​ លោកនាយឧត្តមនាវីអាមេរិក​ បានហៅការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិនថាជាបញ្ហាដែលត្រូវតែឆាប់ដោះស្រាយ​។

គួរជ្រាបថា​ ប្រមុខយោធានុយក្លេអ៊ែរអាមេរិក បានធ្វើការព្រមានអំពីល្បឿននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិន​ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទប្រចាំឆ្នាំរបស់របស់កងទ័ពជើងទឹក​កាលពីថ្ងៃពុធសប្តាហ៍មុន​។ នេះជាព្រឹត្តិការណ៍សម្ងាត់មួយ​ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក រីឆាដ​ ត្រូវបានគេយកទៅចុះផ្សាយ​នៅក្នុងអត្ថបទព័ត៌មាន​របស់ក្រសួងការពារជាតិ​កាលពីថ្ងៃសុក្រ​។

រដ្ឋបាល​របស់លោក​ ចូ បៃដិន បានហៅចិនថាជាដៃគូប្រកួតប្រជែងដ៏សំខាន់​របស់​សហរដ្ឋអាមេរិក និងបានព្រមានអំពីការអភិវឌ្ឍកម្មវិធីយោធា​ និងអាវុធនុយក្លេអ៊ែររបស់ចិន​នៅក្នុងឯកសារគោលនយោបាយ​ជាបន្តបន្ទាប់​។ ឯកសារគោលនយោបាយ​ដែលត្រូវបានចេញផ្សាយ​កាលពីចុងខែតុលានេះ ពន្យល់ពី​យុទ្ធសាស្ត្រផ្នែកការពារជាតិ​ និងយោធា​របស់អាមេរិក។

ដោយឡែក មន្ត្រីការពារជាតិជាន់ខ្ពស់​អាមេរិកមួយរូបទៀត បាននិយាយអំពីយុទ្ធសាស្ត្រនេះថា​ ប្រទេសចិនគឺជា​បញ្ហា​ដែលសហរដ្ឋអាមេរិកត្រូវដោះស្រាយ​ ពីព្រោះចិនគឺគូប្រជែងតែមួយគត់ដែលមានទាំងចេតនា​ និងសមត្ថភាព​កាន់តែខ្លាំងឡើង​ក្នុងការប្រកួតប្រជែងជាមួយអាមេរិកមិនថាលើផ្នែកយោធា​ សេដ្ឋកិច្ច​ បច្ចេកវិទ្យា​ ឬផ្នែកការទូតឡើយ​។

ឯកសារគោលនយោបាយមួយរបស់អាមេរិក​ បានលើកឡើងអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិនថា​ ប្រទេសចិន​ ទំនងជាមានគោលដៅ​ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ​ឲ្យបានយ៉ាងហោចណាស់ ១ ០០០ គ្រាប់នៅចុងទសវត្សរ៍នេះ​។

ប្រមុខយោធានុយក្លេអ៊ែរអាមេរិក​លោក រីឆាដ​ ធ្លាប់បានព្រមានហើយដែរ​អំពីការ​អភិវឌ្ឍនុយក្លេអ៊ែរ​របស់​ចិនក្នុងឆ្នាំ​ ២០២១​ ដោយហៅកម្មវិធីរបស់ចិននេះ​ថាជាការបំបែកយុទ្ធសាស្ត្រមួយ​៕

ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖ US military nuclear chief sounds the alarm about pace of China’s nuclear weapons program

ads banner