អាមេរិក ព្រមានពីការជ្រៀតជ្រែករបស់ចិន និងរុស្ស៊ី ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

អាមេរិក៖ខណៈ​ការ​បោះ​ឆ្នោត​​ពាក់​កណ្តាល​អាណត្តិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​អង្គារ​ទី​៨ ខែ​​វិច្ឆិកា​នេះ​ ​​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋបាល​បៃដិន​ បាន​ព្រមាន​អំពីលទ្ធភាព​នៃ​​ការ​ប៉ុន​ប៉ង​​របស់​រុស្ស៊ី​ និង​ចិន​ ដើម្បី​ធ្វើ​ឱ្យ​ខូច​ទំនុក​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត​ និង​បង្ក​​ឱ្យ​មាន​ការ​បែក​បាក់​កាន់​តែ​​ខ្លាំង​​​សង្គម​អាមេរិក​​។​

​នាយក​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីនធឺណិត​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ លោក​ Jen Easterly ​បាន​​អះ​អាង​កាល​ពី​ចុង​ខែ​តុលា​ថា​ ​​ពេល​ឃើញ​​ព័ត៌មាន​មិន​ពិត​តាម​អ៊ីនធឺណិត​ សូម​កុំ​ចែក​រំលែង​​ព័ត៌មាន​នោះ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ និង​ផ្តល់​ឱកាស​ជាមូលដ្ឋាន​ឱ្យ​សត្រូវ​បរទេស​​បន្សាយ​ឥទ្ធិពល​​ជន​ជាតិ​អាមេរិក​​។​

ការ​ព្រមាន​បែប​នេះ​ ​ត្រូវ​បាន​បន្ទរ​​ដោយ​មន្រ្តី​ និង​អ្នក​​​ស្រាវ​ជ្រាវ យ៉ាង​ណា​មិញ​  រដ្ឋា​ភិបាល​ទីក្រុង​ម៉ូស្គូ​ និង​ទីក្រុង​ប៉េកាំង​ តែង​​បដិសេធ​ការ​ចោទ​ប្រកាន់​​​​ ប៉ុន្តែ​រដ្ឋបាល​របស់​​លោក​ប្រធានាធិបតី​ ចូ បៃដិន​ ​បាន​កំណត់​​ការ​ចោទ​ប្រកាន់​នេះ​ ជា​អាទិភាព​ដើម្បី​ការពារ​ការ​ជ្រៀត​ជ្រែក​​លើ​ការ​បោះឆ្នោត​ពី​បរទេស​។​

​ការ​ចោទ​ប្រកាន់​ដ៏​ពេញ​និយម​នោះ​ គឺ​ថា​ រុស្ស៊ី​​​ប្រើ​​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​​មិន​​ពិត​ ​ដែល​​មាន​​បំណង​​បំភ្លៃ​​លទ្ធផល​​នៃ​​ការ​​បោះឆ្នោត​​ប្រធានាធិបតី​​អាមេរិក​​ឆ្នាំ​ ​២០១៦​។​ តែ​បន្ថែម​ពី​នោះ​​ ក្រុមហ៊ុន​សន្តិសុខ​តាម​អ៊ីនធឺណិត​ និង​បច្ចេក​វិទ្យាផ្សេង​គ្នា​​ បាន​​អះ​អាង​ថា​ ​ការ​​សង្ស័យ​ពី​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​បរទេស​ជាច្រើន​ ដើម្បី​សាប​ព្រួស​ការ​មិន​ទុក​ចិត្ត​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ បាន​លេច​ចេញ​ជា​រូប​រាង​រួច​ហើយ​។

​ក្រុមហ៊ុន​សន្តិសុខ​តាម​អ៊ីនធឺណិត​អាមេរិក​​ Mandiant ​​កាល​ពី​ខែ​តុលា​ បាន​ព្រមាន​អំពី​យុទ្ធនាការ​​បន្សាយ​​ឥទ្ធិពល​ ​ដើម្បី​គាំទ្រ​ផល​ប្រយោជន៍​នយោបាយ​​រដ្ឋាភិបាល​ចិន។​ ក្រុម​ហ៊ុន​អះ​អាង​ថា​ Mandiant​ ​ យុទ្ធនាការ​ដែល​​​មាន​ឈ្មោះ​ថា​​ Dragonbridge ​បង្កើត​ឡើង​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ រួម​ទាំង​ការ​ប៉ុន​ប៉ង​ដើម្បី​បំបាក់​ទឹក​ចិត្ត​ប្រជាជន​អាមេរិក​មិន​ឱ្យ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​​នៅ​ថ្ងៃ​អង្គារ​នេះ​។ ​

កាល​​ពី​ចុង​ខែ​កញ្ញា​ ក្រុម​ហ៊ុន​​​ Meta ​ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ហ្វេសប៊ុក​ ​​បាន​អះ​អាង​ថា​ ខ្លួន​បិទ​បណ្តាញ​គណនី​ក្លែង​ក្លាយ​ ដែល​ចេញ​មក​ពី​ចិន​ ​ដែល​​បង្ហោះ​​មាតិកា​លើ​​​បញ្ហា​ដែល​បង្ហាញ​ពី​ការ​បាក់​បែក​គ្នា​ក្នុង​សង្គម​​​​អាមេរិក​ដូច​ជា​ ការ​គ្រប់​គ្រង​កាំភ្លើង​ និង​សិទ្ធិ​រំលូត​កូន​​ជា​ដើម​។ ​​ក្រុម​ហ៊ុន​ Meta ថា​ វា​ជា​រឿង​ខុស​​​ប្រក្រតី​​​​ ដែល​ប្រតិបត្តិការ​បែប​នេះ​ ​ផ្តោត​លើ​នយោបាយ​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក​ ជា​ជាង​ការ​រិះ​គន់​សហរដ្ឋ​អាមេរិក​​ពី​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​បរទេស​។

បន្ថែម​ពី​លើ​នេះ​ ក្រុមហ៊ុន​ Meta ​ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ​ខ្លួន​បាន​បិទ​យុទ្ធនាការ​រុស្ស៊ី​ដ៏​ធំ​មួយ​ ដែល​​បង្កើត​ឡើង​ ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​គាំទ្រ​វិមាន​ក្រឹម​ឡាំង​ ដែល​គេ​ក្លែង​​ថា​ជា​ព័ត៌មាន​។​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​​សារព័ត៌មាន​ផ្សេង​ៗ​របស់​អាមេរិក​បាន​ចុះ​ផ្សាយ ​ដោយ​ស្រង់​សម្ដី​មន្ត្រី​​​​ជាន់​ខ្ពស់មួយ​រូប​​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ (FBI)​ ​​​ថា​ ប្រទេស​ចិន​កំពុង​ប្រើ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ ដើម្បី​បំបែក​សង្គម​អាមេរិក​។  ​

​​​​អ្នក​សិក្សា​ពី​សង្គម​​យោធា​នៅ​ក្រុមហ៊ុន​ RAND Corp. លោក​ Marek Posard ​បាន​ព្រមាន​ថា​ សហរដ្ឋ​អាមេរិក​កាន់​តែ​ងាយ​រង​គ្រោះ​ចំពោះ​យុទ្ធនាការ​​បន្សាយ​ឥទ្ធិពល​បរទេស​ បន្ទាប់​ពី​អ្នក​គាំទ្រ​​អតីត​​ប្រធានាធិបតី​ លោក​ ដូណាល់​ ត្រាំ​ ​បាន​វាយ​លុក​ចូល​វិមាន​កាពីតូល​ នៅ​ថ្ងៃ​ទី​០៦ ខែ​មករា​ ឆ្នាំ​ ២០២១។ លោក​ ត្រាំ​ ដែល​បដិសេធ​​ការ​ចាញ់​ឆ្នោត​លោក​ បៃដិន​ បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ក្រុម​កូដករ​ទាំង​នោះ​​។

លោក​ Posard ​បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​​ថា​៖ «​​​នៅ​ពេល​សុន្ទរកថា​ឈាន​ដល់​ចំណុច​មួយ​ ​ដែល​​មិន​ផ្អែក​លើ​ការ​ពិត​ និង​ភស្តុតាង​ ​​ប៉ុន្តែ​បែរ​ជា​ផ្អែក​លើ​មតិ​ និង​ការ​ប៉ាន់ស្មាន​ដែល​​គ្មាន​​មូលដ្ឋាន​នៅ​ក្នុង​ការ​ពិត​ ​​នោះ​វា​នឹង​បង្កើត​ឱកាស​សម្រាប់​សត្រូវ​ក្នុង​ការ​កេង​ប្រវ័ញ្ច​»​។​

គួរ​រំឭក​ថា​ លោក​ ត្រាំ​ មិន​បាន​ផ្តល់​ភស្តុតាង​គាំទ្រ​ការ​អះ​អាង​របស់​លោក​ អំពី​ការ​ក្លែង​បន្លំ​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ នោះ​ទេ​ ហើយ​​បន្ត​​ប្រាប់​ទៅ​​អ្នក​​គាំទ្រ​របស់​លោក​​ថា​ ការ​​បោះ​ឆ្នោត​​ត្រូវ​​បាន​​គេ​​លួច​​ពី​​លោក​ ហើយ​បដិសេធ​លទ្ធផល​ឆ្នោត​៕

ដោយ៖ហួន ឌីណា ប្រភព៖ U.S. warns of election interference by Russia, China in midterms

ads banner