កិច្ចប្រជុំអាកាសធាតុ COP២៧ ពិភាក្សាគ្នាអំពីការផ្ដល់សំណងទៅកាន់ប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ
អេហ្ស៊ីប៖កិច្ចប្រជុំអាកាសធាតុ COP២៧ បានពិភាក្សាគ្នាអំពីការផ្ដល់សំណងរបស់ប្រទេសអ្នកមាន ទៅកាន់ប្រទេសដែលងាយរងគ្រោះបំផុត ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ។
នៅក្នុងកិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ដើម្បីព្រមព្រៀងគ្នាអំពីការផ្តល់សំណងរបស់ប្រទេសអ្នកមាន ជូនដល់ប្រទេសក្រីក្រដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមលោក Sameh Shoukry ប្រធាន COP២៧ បានថ្លែងប្រាប់អង្គពិធីថា ការពិភាក្សាអំពីបញ្ហាផ្តល់សំណងជាថវិកា ជូនដល់ប្រទេសក្រីក្រដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ នឹងត្រូវដាក់លើរបៀបវារៈផ្លូវការ នៃCOP២៧។
ធាតុនេះត្រូវបានអនុម័តនៅក្នុងរបៀបវារៈនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំពិភពលោក បានមកដល់សម្រាប់ការចរចាដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា។
លោកបានបន្តថា៖ «ការដាក់បញ្ចូលរបៀបវារៈនេះ ឆ្លុះបញ្ចាំងពីអារម្មណ៍នៃសាមគ្គីភាពសម្រាប់ជនរងគ្រោះ ដោយសារគ្រោះមហន្តរាយអាកាសធាតុ»។
សូមបញ្ជាក់ថា សន្និសីទលើកទី២៧ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP២៧ បង្កើតលើលទ្ធផលនៃ COP២៦ ដើម្បីផ្តល់សកម្មភាពលើបញ្ហាសំខាន់ៗក្នុងការដោះស្រាយភាពអាសន្ននៃអាកាសធាតុ ដោយការកាត់បន្ថយជាបន្ទាន់នូវការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកសាងភាពធន់ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់ដែលជៀសមិនរួចនៃការប្រែប្រួលអាកាសធាតុ ដើម្បីផ្តល់ការប្តេជ្ញាចិត្តក្នុងការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពអាកាសធាតុនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕ ដោយ៖ជា សុខនី