ពិព័រណ៍ម្ហូបអាហារ ក្លាយជាវេទិកាជំរុញទេសចរណ៍តំបន់ឆ្នេរ និងលើកស្ទួយផលិតផលក្នុងស្រុក
ភ្នំពេញ៖ពិព័រណ៍ម្ហូបអាហារ ឬហៅកាត់ថា Biz fair បានក្លាយទៅជាវេទិកាសម្រាប់អ្នកទិញ និងអ្នកលក់មក ជួបជុំគ្នាក្នុងទីតាំងកំណត់មួយ ដើម្បីផ្សព្វផ្សាយពីផលិតផលដែលផលិតបានក្នុងស្រុក ក៏ដូចជាជំរុញ ទេសចរណ៍តាមខេត្តជាប់សមុទ្រឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អស់រយៈ២ឆ្នាំមកនេះ។ ពិព័រណ៍នេះត្រូវបានធ្វើឡើងនៅក្នុងក្រុងព្រះសីហនុ ចំនួនប្រាំថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ខែវិច្ឆិកា។
ស្តង់លក់ផលិតផលចម្រុះរាប់រយស្តង់បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនត្រៀបត្រាពាសពេញបរិវេនពយជំទាវម៉ៅ ដែលផលិតផលទាំងនោះរាប់តាំងពីផលិតផលមុខម្ហូប សេវាកម្ម និងទេសចរណ៍ជាដើម ដែលភាគច្រើនជាអ្វីដែលផលិតបានក្នុងស្រុកផ្ទាល់តែម្ដង។
អាជីវករម្នាក់ដែលបានចូលរួមដាក់តាំងផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះបានបង្ហាញនូវការពេញ ចិត្តចំពោះការទទួលបានឱកាសចូលរួមផ្សព្វផ្សាយពីផលិតផលសាច់ក្រករបស់ខ្លួន។ នេះជាលើកទី២ហើយ សម្រាប់អ្នកស្រីក្នុងការយកផលិតផលខ្លួនមកដាក់តាំងបែបនេះ ហើយកាលពីពេលកន្លងទៅការលក់ផលិតផលក្នុងពិព័រណ៍រាប់ថាជោគជ័យសម្រាប់អ្នកស្រី។
អ្នកស្រី កែវ ឌីរីយ៉ា ម្ចាស់សិប្បកម្មផលិតសាច់ក្រក មហាលាភ បានឱ្យដឹងថា៖ «ខ្ញុំធ្លាប់ធ្វើកន្លងមក ទទួលបានការគាំទ្រច្រើន ដោយលើកមុនខ្ញុំលក់មួយថ្ងៃអស់ ១០០គីឡូ… សម្រាប់ឆ្នាំនេះ ទោះដាច់ឬមិនដាច់ ខ្ញុំនៅតែ អរគុណដល់ខាងខេត្តព្រះសីហនុដែលបានផ្ដល់ឱកាសនេះដើម្បីផ្សព្វផ្សាយបន្ថែម ជាពិសេសក្រោយពីជំងឺកូវីដតែម្ដង»។
ម្ចាស់សិប្បកម្មខ្នាតតូចដែលផលិតសាច់ក្រកមានគុណភាព និងស្តង់ដារត្រឹមត្រូវនេះ សង្ឃឹមបានផ្សព្វ ផ្សាយផលិតកាន់តែច្រើនថែមទៀត ក្នុងឱកាសមានមនុស្សម្នាចូលមកដើរកម្សាន្តតាមស្តង់ប្រជ្រៀត គ្នារយៈពេល៥ថ្ងៃនេះ។ អ្នកស្រីក៏ចង់ឱ្យមានព្រឹត្តិការណ៍បែបនេះបន្តទៀត ថ្វីបើខ្លួនផ្ទាល់ធ្លាប់ទទួលបានផលប្រយោជន៍ច្រើនពីការចូលរួមកន្លងមក។
ឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ តំណាងឯកឧត្តម ថោង ខុន បានចូលរួមជាគណអធិបតីក្នុងការបើកជាផ្លូវការនូវពិព័រណ៍ម្ហូបអាហារនេះ នៅល្ងាចថ្ងៃទី៥វិច្ឆិកា បានថ្លែងអំណរ គុណដល់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សម្រាប់ការផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍ ពិព័រណ៍នេះឡើង។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «នេះជាអ្វីដែលយើងអាចចាត់ទុកថាជាព្រឹត្តិការណ៍កម្រិតអន្តរជាតិ ក្នុងការប្រមូលផ្ដុំទាំងវិស័យទេសចរណ៍ និងវិស័យចំណីអាហារ…ជាឱកាសដែលអ្នកទិញ និងអ្នកលក់អាចជួបជជែកគ្នា និងជាឱកាសក្នុងការផ្សព្វផ្សាយទៅអន្តរជាតិអំពីសក្កានុពលរបស់កម្ពុជាក្រោយវិបត្តិកូវីដផងដែរ»។
ឯកឧត្តមបន្តថា កម្ពុជាបានត្រៀមរួចរាល់ បើទោះជាយើងមានការប៉ះពាល់ខ្លះដោយសារកូវីដក៏ដោយ តែយើងមានភាពរហ័សរហួនក្នុងការងើបឡើងវិញ បើធៀបទៅនឹងប្រទេសជិតខាង។ ឯកឧត្តមក៏បានសាទរ និងជំរុញឱ្យមានកម្មវិធីបែបនេះតទៀត ដើម្បីលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាលើកស្ទួយផលិតផលខ្មែរ។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដែលជាអ្នកផ្ដួច ផ្ដើមពិព័រណ៍ធ្វើពិព័រណ៍នេះឡើងបានស្វាគមន៍ចំពោះការមកដល់របស់ឯកឧត្តម នី ផល្លី ក៏ដូចជា ក្រុមអ្នកទិញ និងអ្នកលក់មកពីបណ្ដាប្រទេសក្នុងអាស៊ាន។
លោកបណ្ឌិតដាក់ក្ដីរំពឹងខ្ពស់ថា នឹងមានការចូលមកទស្សនាស្តង់ពិព័រណ៍បានច្រើន ដោយសារនេះជា ពេលវេលាឈប់សម្រាកនៃពិធីបុណ្យអ៊ុំទូកផង ហើយវត្តមានរបស់ភ្ញៀវទាំងនោះនឹងជួយទៅដល់ រាល់ផលិតផលដែលកំពុងដាក់តាំង មិនថាក្នុងរូបភាពផ្សព្វផ្សាយបន្ថែម ឬការជាវទិញផលិតផលយក ទៅប្រើប្រាស់នោះទេ។
លោកបណ្ឌិតបន្តថា៖ «នេះនឹងចូលរួមចំណែកមួយផ្នែកធំក្នុងការលើកស្ទួយទេសចរណ៍តំបន់ឆ្នេរខ្នាតអន្តរជាតិ និងជាចំណែកជំរុញផលិតផលក្នុងស្រុកឱ្យឈានទៅរកទីផ្សារកាន់តែធំថែមទៀត»។
គួរបញ្ជាក់ថា ការតាំងពិព័ណ៍ឆ្នាំ ២០២២នេះ គឺជាការផ្គូរផ្គងគ្នារវាងអ្នកទិញ និងអ្នកលក់ ហើយជាពិព័រណ៍កម្រិតអន្តរជាតិ ដែលមានប្រាំបីប្រទេសចូលរួម។ តាមការរំពឹងទុក នឹងមានមនុស្សចូល រួមព្រឹត្តិការណ៍នេះប្រមាណជា ៥០ម៉ឺននាក់ និងស្តង់ចំនួន ៧០០៕
ដោយ៖កែវ បុស្បា