AVIVoice Ep98: កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងព្រឹត្តិការណ៍សំខាន់ៗមុនកិច្ចប្រជុំ
កម្ពុជានឹងមានភារកិច្ចដ៏សំខាន់នៅក្នុងរយៈពេល១០ឆ្នាំម្ដង ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ។ ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមាននូវការកើនឡើងកម្ដៅនៃបញ្ហាទាំងក្នុងតំបន់ និងពិភពលោកដោយទាមទារឱ្យអាស៊ានទាំងមូលចូលរួមក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ពុយ គា បានរៀបរាប់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលស្វាគមន៍នូវការមកដល់របស់ថ្នាក់ដឹកនាំកំពូលៗពិភពលោកដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលនាពាលខាងមុខ និងបកស្រាយអំពីបញ្ហាពាក់ព័ន្ធនានាដែលនឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំទាំងនោះ។
សំណួរទី១៖ កិច្ចប្រជុំកំពូលលើកទី៤០ និងលើកទី៤១របស់អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលនឹងត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ មុនចូលទៅដល់ចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើង ជាបឋម មកទល់នឹងពេលនេះ តើកម្ពុជាដែលនឹងត្រូវដឹកនាំកិច្ចប្រជុំកំពូល ថ្នាក់តំបន់មួយនេះបានត្រៀមអ្វីរួចរាល់ហើយ ដើម្បីជាការស្វាគមន៍នូវវត្តមានរបស់ថ្នាក់ដឹកនាំនានារបស់ពិភពលោកដែលនឹងមកដល់ទឹកដីកម្ពុជានៅក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ?
ក្រសួងការបរទេសកម្ពុជាបានធ្វើកិច្ចការងារយ៉ាងសកម្មទាក់ទងទៅនឹងឯកសារ និងបែបបទពិធីការ ដោយឡែកខាងផ្នែកសន្តិសុខ និងផ្នែករៀបចំឡូជីស្ទិកផ្សេងៗទៀត គឺកម្ពុជាបានរៀបចំរួចរាល់ស្រេចបាច់ហើយ។ ក្នុងនោះរួមទាំងការចូលរួមរបស់សាលាក្រុង ដែលក្នុងនាមជាម្ចាស់ផ្ទះដែលធ្វើកិច្ចប្រជុំនៅកណ្តាលទីក្រុងភ្នំពេញនេះ។ អ្វីៗបានដំណើរការដោយរលូន តាមអ្វីដែលខ្ញុំតាមដាននូវការរៀបចំរហូតមកដល់ពេលនេះ។
សំណួរទី២៖ ជាគោលការណ៍ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាដៃគូដទៃទៀតបានពិភាក្សារួចរាល់អស់ទៅហើយទៅលើបញ្ហាជាច្រើនទាំងក្នុងតំបន់ និងពិភពលោក ដែលនឹងត្រូវដោះស្រាយរួមគ្នា។ លទ្ធផលពេលនោះ ក៏ទទួលបាននូវផ្លែផ្កា និងលទ្ធភាពជាច្រើនដែរ។ ងាកមកពេលវេលាដែលនឹងឈានមកដល់នៅក្នុងកិច្ចប្រជុំកំពូលខាងមុខនេះ យើងឃើញថាព្រឹត្តិការណ៍ថ្មីៗមួយចំនួនដែលកំពុងតែកើតឡើងស្របពេលជាមួយគ្នានេះ ហើយដែលបញ្ហាទាំងនោះទាមទារឱ្យមានការចូលរួមពីអាស៊ានដើម្បីដោះស្រាយផងដែរ។ បើតាមការសង្កេតការណ៍របស់ (វាគ្មិន) ផ្ទាល់ តើអ្វីទៅជាបញ្ហាអាទិភាព ដែលនឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ? ហើយបញ្ហាទាំងនោះ វាអាចនឹងប៉ះពាល់ដែរឬទេ ទៅដល់ដំណើរការនៃកិច្ចប្រជុំកំពូលទាំងនោះ?
ដំណើរការនៃកិច្ចប្រជុំរបស់អាស៊ានជានិច្ចជាកាល តែងតែបន្តនូវសកម្មភាពដែលអាស៊ានហ្នឹងបានធ្វើនៅក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ដែលរួមរស់ជាមួយគ្នាជាគ្រួសារនេះ ហើយមានផែនការអនុវត្តម្ដង៥ឆ្នាំៗនេះ។ កន្លងមកយើងឃើញហើយ ពីទស្សនវិស័យសម្រាប់សហគមន៍អាស៊ានឆ្នាំ២០២០ដល់២០២៥នេះ គឺកំពុងតែបន្ត ដូច្នេះអ្វីដែលនៅសេសសល់ហ្នឹង គឺខំប្រឹងប្រែងបន្តទៅទៀត។ ដោយឡែកចំណុចដែលពាក់ព័ន្ធទៅនឹង កិច្ចការរឿងបន្ទាន់ៗ ហើយរឿងធំៗហើយវាប៉ះពាល់ទៅដល់សេដ្ឋកិច្ច ប៉ះពាល់ទៅដល់ផ្នែកសន្តិសុខ ប៉ះពាល់ទៅដល់ការគំរាមកំហែងនៅក្នុងតំបន់ដោយការប្រកួតប្រជែងមហាអំណាចធំៗនៅក្នុងពិភពលោកនោះ គឺសុទ្ធតែជារឿងរ៉ាវដែលអាស៊ានតែងតែលើកមកពិភាក្សា។
ក្នុងនោះខ្ញុំលើកឧទាហរណ៍ថា៖ (១) យើងឃើញហើយ កន្លងមកពីមុនរឿងដ៏ធំរបស់អាស៊ាន គឺរឿងបញ្ហាសមុទ្រចិនខាងត្បូង ដែលមានប្រទេស៤នៅក្នុងចំណោមបណ្ដាប្រទេសប្រជាជាតិអាស៊ាន១០ប្រទេសបានឈ្លោះជាមួយចិន។ រឿងនេះអត់ទាន់បានចប់ ទោះបីជាស្ងប់ស្ងាត់មែន ក៏ប៉ុន្តែមិនទាន់ចប់ទេ ដោយសារការធ្វើឯកសារ។ ឯកសារនយោបាយបានធ្វើចប់ហើយ ដែលហៅថាDoC (Declaration of the Conduct of Parties in the South China Sea) ហើយឥឡូវនេះក៏កំពុងធ្វើឯកសារជាផ្លូវច្បាប់មួយទៀតដែលគេហៅថាCoC (Code of Conduct in the South China Sea)។ (២) ទន្ទឹមនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ គឺរឿងនៅឧបទ្វីបកូរ៉េ ជាពិសេសគឺកូរ៉េខាងជើងហ្នឹងតែម្ដង ដែលគាត់បានគំរាមកំហែងទៅនឹងសន្តិសុខនៅក្នុងតំបន់ ហើយនៅក្នុងពិភពលោកដែលទាក់ទងទៅនឹងការប្រើប្រាស់មីស៊ីល និងការបាញ់សាកល្បងជាបន្តបន្ទាប់។ (៣) បន្តមកទៀតរឿងទី៣ ដែលទើបនឹងកើតឡើងមួយឆ្នាំជាងនេះ គឺរឿងនៅភូមាតែម្ដង ដែលជាសមាជិកគ្រួសាររបស់អាស៊ានតែម្តង ដែលធ្វើឱ្យអាស៊ាន ឈឺក្បាល និងវិលមុខមែនទែន។ រឿងបញ្ហាអាស៊ាននេះ ជារឿងធំហើយមិនមែនតែក្នុងចំណោមគ្រួសារអាស៊ានមួយទាំងមូលទេ ប៉ុន្តែវាធ្វើឱ្យពិភពលោក រួមទាំងសហរដ្ឋអាមេរិកនិងខាងអឺរ៉ុប មានការថ្កោលទោសជាបន្តបន្ទាប់ ទៅដល់របបយោធាភូមា។ (៤) បន្ទាប់មកទៀត គឺរឿងកើតឡើងបន្ទាន់ៗ គឺតៃវ៉ាន់នេះឯង ដែលប៉ះគ្នាគឺម្ដងហើយម្ដងទៀត និងឆ្លងឆ្លើយគ្នាជាបន្តបន្ទាប់នៅជាមួយនឹងចិននេះ។ (៥) ហើយទន្ទឹមនេះ រឿងដែលធំសម្រាប់ពិភពលោកនោះ គឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាមួយនឹងរុស្ស៊ីនេះតែម្ដង។
នៅក្នុងឆ្នាំនេះ នៅពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ រឿងក្តៅៗងើបមកដល់ទៅ៣រឿងធំៗ គឺរឿងភូមា រឿងនៅតៃវ៉ាន់ និងរឿងនៅអ៊ុយក្រែន។ ប៉ុន្តែយ៉ាងណាក៏ដោយទោះបីជារឿងក្ដៅ យើងឆ្លងកាត់កងព័ន្ធទី១ បើយើងប្រៀបធៀបទៅនឹងការប្រណាំងទូក ដោយឧបសគ្គផ្សេងៗ គឺយើងបានឆ្លងកាត់ធំនៅក្នុងខែ៨ នៅថ្នាក់រដ្ឋមន្ត្រីការបរទេសនោះ។ ហើយអ្វីៗដែលបានត្រៀមសម្រាប់កិច្ចប្រជុំកំពូលខាងមុខនេះ គឺមិនមានអ្វីគួរឱ្យបារម្ភនោះទេ។ មូលហេតុដែលមិនបារម្ភ ដោយសារនៅក្នុងកិច្ចប្រជុំកំពូលនេះ គឺមិនមានJoint Communiqueទៀតទេ ឬក៏Joint Statementមិនដែលធ្វើឱ្យស្ទះទៀតទេ ប៉ុន្តែគេប្រើពាក្យថាChairman Statement មានន័យថាជាStatementរបស់ប្រធាន។ បែបនេះ គឺមានន័យថាប្រធានគាត់អាចសម្របសម្រួលពិគ្រោះជាមួយបណ្ដាប្រទេសដែលពាក់ព័ន្ធ ហើយគាត់អាចចេញនៅពេលភាសាមួយ ប្រធានអាចសម្របសម្រួលបានមិនចាំបាច់កុងសង់ស៊ីសទេ។
សំណួរទី៣៖ កាលពីសប្ដាហ៍មុន អាស៊ានបានកោះហៅកិច្ចប្រជុំបន្ទាន់មួយ ដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំនោះផ្ទាល់នៅឯទីក្រុងហ្សាកាតា ដើម្បីពិភាក្សាទៅលើបញ្ហាមីយ៉ាន់ម៉ាដែលកិច្ចប្រជុំនេះមិនមានវត្តមានរបស់មីយ៉ាន់ម៉ាឡើយ។ ជារួម តើកិច្ចប្រជុំនេះទទួលបានលទ្ធផលដូចម្ដេច ហើយលទ្ធផលកាលពីកិច្ចប្រជុំបន្ទាន់នោះ វាអាចនឹងផ្ដល់ផលប៉ះពាល់ទៅលើកិច្ចប្រជុំកំពូលនាពេលខាងមុខនេះដែរឬទេ?
តាមគម្រោងនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសពិសេសនៅទីក្រុងហ្សាកាតានោះ ដំបូងឡើយគេគិតថាអាចពិភាក្សាសំខាន់ទៅលើការវិវឌ្ឍន៍ ឬក៏មិនវិវឌ្ឍន៍នៃសភាពការណ៍ភូមា មានន័យថាគេចង់ជជែកមើលចង់ធ្វើជា អាំឌីហ្កាទ័រ គឺវាស់មើលថាអ្វីដែលបានជជែកគ្នា បានឯកភាពគ្នាទៅលើចំណុចឯកច្ឆន្ទទាំង៥ចំណុចនោះ ថាតើយើងអាចវាស់បានទេ? ភូមាគាត់ធ្វើបានប៉ុន្មានហើយ? គាត់ធ្វើមិនបានប៉ុន្មាន? ប៉ុន្តែជារួមនៅក្នុងការជជែកអស់ជាងរយៈពេល៣ម៉ោង។ រដ្ឋមន្ត្រីនៃប្រទេសមួយៗនោះគឺបានសម្តែងនូវការវាយតម្លៃរបស់ប្រទេសមួយៗ ហើយសរុបមកវិញទាំងអស់គ្នាយល់ឃើញថាមានការវិវឌ្ឍន៍ដែរប៉ុន្តែវិវឌ្ឍន៍តិចតួច។ ដោយឡែកសម្រាប់កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ហើយក៏ជាតួអង្គសំខាន់ ដោយសារយើងមានបេសកជនពិសេសរបស់អាស៊ាននេះ។
ក្នុងនាមជាបេសកជនកម្ពុជា លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសនេះ បានធ្វើដំណើរទៅ២ដង ហើយបានធ្វើកិច្ចការច្រើនជាមួយនឹងមីយ៉ាន់ម៉ា៖ ទី(១)៖ គឺដំណើរទស្សនកិច្ចដំណើរបេសកជនពិសេសបានទៅ។ ចំណុចទី(២)៖ គឺបានជួប គ្រាន់តែមិនបានជួបគ្រប់ភាគីទាំងអស់ទេ ប៉ុន្តែបានជួបភាគីច្រើនដែរ។ ទី(៣)៖ គឺរឿងបញ្ហាជំនួយ ក៏ដូចគ្នាគឺបានជួយដែរ ទោះបីជាមិនបានគ្រប់កន្លែងដែលត្រូវការទៅនោះក៏បានខ្លះដែរ។ សរុបមកវិញ គឺមាន៣ចំណុចដែលមានការវិវឌ្ឍន៍ ប៉ុន្តែវាមិនបានពេញលេញ។
សរុបមកវិញអាស៊ានទាំងអស់គឺបានឯកភាពគ្នាថា ភូមាគាត់បានធ្វើដែរ ប៉ុន្តែតិចតួចមិនបានពេញលេញនោះទេ។ អ៊ីចឹងហើយតែមានវិធានការបន្តទៅទៀត ថាតើអាស៊ាននឹងត្រូវអនុញ្ញាតឱ្យភូមាហ្នឹងគាត់ចូលរួមប្រជុំបន្តទៀត ឬក៏ឈប់ឱ្យចូលប្រជុំតែម្តង? ដូចនេះការជជែកធំគឺទៅលើបរិបទហ្នឹង។ ហើយបើឱ្យចូលរួមប្រជុំ ថាតើកម្រិតនៃការចូលរួមប្រជុំនៅក្នុងវេទិកាណាខ្លះដែលឱ្យគាត់ ហើយវេទិកាណាខ្លះដែលមិនឱ្យចូល រួមទាំងនៅក្នុងកម្រិតណា។ ការជជែកអស់៣ម៉ោងនេះ សរុបសេចក្ដីមក គឺថាអត់មានការឯកភាពគ្នាជារួមទេ។ ប្រទេសមួយៗ គឺនាំគ្នាផ្ដល់ជាយោបល់ថាគួរធ្វើដូចនេះឬដូចនោះ ដើម្បីដាក់ជាListមួយ ហើយដើម្បីឱ្យថ្នាក់ដឹកនាំកំពូលលោកជាអ្នកសម្រេច ថាតើចំណុចណាដែលគួរយក ចំណុចណាដែលមិនគួរយក ហើយត្រូវអនុវត្តឱ្យរដ្ឋមន្ត្រីការបរទេស ឬក៏បេសកជនពិសេសរបស់អាស៊ាននឹងបន្តធ្វើការតទៅទៀត ជាពិសេសនៅឆ្នាំក្រោយនៅពេលដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។
សំណួរទី៤៖ ពាក់ព័ន្ធទៅនឹងបញ្ហានេះដដែល កម្ពុជានឹងត្រូវផ្ទេរញញួរទៅកាន់ឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនបន្ទាប់របស់អាស៊ាន ហើយតួនាទីជាប្រេសិតពិសេសរបស់អាស៊ានស្ដីពីមីយ៉ាន់ម៉ារបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងត្រូវផុតអាណត្តិនាពេលនោះផងដែរ។ បើតាមការមើលឃើញរបស់ (វាគ្មិន) ផ្ទាល់ ក្នុងនាមជាអ្នកអង្កេតការណ៍ជាប់លាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន តើ (វាគ្មិន) យល់ឃើញយ៉ាងណាចំពោះការអនុវត្តតួនាទី និងសមិទ្ធផលរបស់ប្រេសិតពិសេសនៅឆ្នាំ២០២២នេះ? ហើយពាក់ព័ន្ធទៅនឹងបញ្ហាមីយ៉ានម៉ានៅឆ្នាំក្រោយ តើប្រេសិតពិសេសបន្ទាប់អាចនឹងមានការផ្លាស់ប្តូរអ្វីខ្លះ ចំពោះអភិក្រម និងជំហរក្នុងការដោះស្រាយវិបត្តិនៅមីយ៉ានម៉ា?
ខ្ញុំចង់ជម្រាបជូនកន្លែងនេះបន្តិចថា ជាទូទៅគេឱ្យតម្លៃខ្ពស់ទៅលើបេសកជនពិសេសរបស់កម្ពុជានេះអំពីតួនាទី ហើយនឹងកិច្ចខិតខំប្រឹងប្រែង ហើយនឹងសមត្ថភាពផ្ទាល់របស់បេសកជន គឺលោករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលគេទទួលស្គាល់ថាលោកពូកែខាងផ្នែកការទូតធ្វើការបានច្រើន បើទោះបីមិនបានជោគជ័យ មិនបានឱ្យភូមាហ្នឹងអនុវត្តទៅតាមការសន្យារបស់ខ្លួន។ នោះគឺជាបញ្ហារបស់ភូមាខ្លួនឯងទេដែលគាត់ជាអ្នកសម្រេច និងអនុវត្ត។ តួនាទីរបស់កម្ពុជាហាក់ដូចជាប្រឹងប្រែងអស់ហើយ នេះជាការបារម្ភ ថាតើពេលដែលឥណ្ឌូនេស៊ីគាត់បន្តតួនាទីនេះក្នុងនាមជាបេសកជនពិសេសបន្តនេះ ថាតើក៏ប្រើធម៌ក្តៅ ឬក៏គាត់បន្តធ្វើការទូតរបៀបកម្ពុជាគឺជាធម៌ត្រជាក់។ គេមានការជជែកគ្នាហើយ នៅកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសព្រុយណេបានប្រើភាសាមួយល្អណាស់ គាត់ថាបញ្ហាភូមា គាត់ប្រៀបធៀប ភូមាទៅជាសេះមួយដែលកំពុងតែឈឺ ហើយដោយឡែកចំណុចឯកច្ឆន្ទប្រាំចំណុច នោះវាប្រៀបដូចជាទឹកអញ្ចឹង។
ដូច្នេះគាត់ថាយើងត្រូវប្រយ័ត្នប្រយែងក្នុងការប្រើរំពាត់ណាមួយដើម្បីចាប់បង្ខំឱ្យសេះទៅផឹកទឹក ថាតើយើងត្រូវប្រើរំពាត់បែបណា? ដោយរំពាត់ធំពេកក៏មិនកើត តូចពេកក៏មិនកើត យើងទៅរករំពាត់ឱ្យត្រូវទៅតាមសេះដែលកំពុងឈឺ។ នេះគឺជាភាសាមួយដែលគាត់បានរំឭក ហើយក៏បានស្នើឱ្យអាស៊ានហ្នឹងពិចារណា ក្រៅពីកម្ពុជាបានប្រើប្រាស់ច្រើនដែរ ថាយើងវាពិបាកទៅនឹងការធ្វើការចាប់បង្ខំ ប្រសិនជាគ្មានការសហការពីរបបយោធាភូមាទេ។ នេះមានន័យថា អ្វីៗមិនអាចអនុវត្តបានទេ បើសិនជាគ្មានការអនុញ្ញាតពីរបបយោធា ដែលតាំងពីដំបូងយើងធ្វើដំណើរទៅរហូតដល់ការចូលទៅដីហ្នឹង គឺមានការព្រមព្រៀង របបលោកMin Aung Hlaingនេះឯង។ នៅក្នុងកិច្ចប្រជុំឥណ្ឌូនេស៊ីនេះ យើងឃើញបញ្ហាធំគឺឥណ្ឌូនេស៊ី និងសិង្ហបុរីគឺប្រទេសពីរ ដែលគាត់នាំមុខគេនៅក្នុងការចង់ប្រើប្រាស់ធម៌ក្ដៅ គឺការប្រើប្រាស់រំពត់ធំតែម្តង ដើម្បីវ៉ៃភូមាឱ្យគាត់អនុវត្តតាមអ្វីដែលគាត់បានសន្យា។
ចំណុចនេះជាការបារម្ភរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួន ហើយសឹងតែថាភាគច្រើនផងគឺបណ្ដាប្រទេសអាស៊ានដីគោក យើងដឹងហើយអាស៊ានដីគោកមានកម្ពុជា វៀតណាម ឡាវ និងថៃ បូកជាមួយភូមាខ្លួនឯងមួយទៀត។ ដោយឡែក អាស៊ាន៥ទៀតហ្នឹង គឺអាស៊ានដីកោះដែលមាន មានឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ ប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញលម្អៀងភាគច្រើន គឺមកខាងដីគោកនេះដែរ គឺគាត់ថាមិនគួរប្រើធម៌ក្តៅ បើទោះបីជាភូមាគាត់នៅតែបន្តនូវសកម្មភាពមួយដែលពិបាកទទួលយក។ អ្វីដែលបារម្ភនៅក្នុងតួនាទី ថាតើឥណ្ឌូនេស៊ីក៏ដើរទៅផ្លូវណា ឬមួយក៏គាត់ចង់នៅក្នុងដំណាក់កាលចុងក្រោយ ពេលដែលកម្ពុជាជិតចប់ហើយគាត់ចង់ប្រើធម៌ក្ដៅឱ្យកម្ពុជាអ្នកប្រើ ហើយបន្ទាប់មកគាត់ប្រើធម៌ត្រជាក់យកជោគជ័យតែម្តង នេះក៏យើងមើលមិនដឹងដែរ។ នេះជាចំណុចមួយដែលមានការគិតគូរច្រើនដែរនៅពេលដែលពិភាក្សាគ្នានោះ។
សំណួរទី៥៖ ថ្នាក់ដឹកនាំកំពូលអាស៊ាននៅក្នុងពិភពលោកជាច្រើន បានបញ្ជាក់អំពីវត្តមានរបស់ខ្លួនក្នុងការចូលរួមនៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅទីក្រុងភ្នំពេញនាពេលខាងមុខនេះ។ យើងក៏អាចដឹងមុនរួចមកហើយក៏មានកម្ដៅ ដែលអាចនឹងកើតមានឡើងនៅក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាពេលខាងមុខទៅនឹងការពិភាក្សា នៅបញ្ហានៅក្នុងតំបន់និងពិភពលោក។ តើកម្ពុជាក្នុងនាមជាអ្នកដឹកនាំ ក៏ដូចជាប្រធានអាស៊ាននឹងត្រូវទប់ស្កាត់នូវស្ថានការណ៍ឆ្គាំឆ្គងទាំងនោះបានដោយរបៀបណា ដើម្បីឱ្យកិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ?
កម្ពុជាមានបទពិសោធន៍លើកទី៣ហើយ កាលពីឆ្នាំ២០០២បានធ្វើជាប្រធានម្ដង ២០១២ម្ដងទៀត ហើយឥឡូវនេះ២០២២។ យើងមើលបទពិសោធន៍៣លើកហ្នឹង គឺគ្រប់គ្រាន់សម្រាប់កម្ពុជា ដែលត្រូវធានាថាកិច្ចប្រជុំនឹងប្រព្រឹត្តទៅដោយរលូន។ យើងមើលកាលពីខែ៨កន្លងទៅនេះ គឺជាការបារម្ភមួយធំ ថាប្រហែលជាកម្ពុជាអាចជួបវាសនាមួយទៀត មិនសូវល្អដូចកាលពីឆ្នាំ២០១២ ដែលប្រទេសជាច្រើនគេបានសម្លឹងមើលមកកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះហាក់ដូចជាមិនសូវបានជោគជ័យល្អសោះ ជាពិសេសទាក់ទងទៅនឹងឯកសារគេហៅថាសេចក្ដីថ្លែងការណ៍រួមដែលមិនបានចេញនោះ ប៉ុន្តែគេមិនបានរំលេច ថាតើមិនបានចេញដោយសារកម្ពុជាឬក៏ដោយសារប្រទេសផ្សេង ដែលគាត់បន្ទច់បង្អាក់មិនឱ្យចេញ ដោយមិនមានការបកស្រាយច្បាស់លាស់។
ដោយឡែកសម្រាប់ឆ្នាំនេះទៀតសោតចេញរួចមិនរួច មិនមែនជាកម្ពុជាដែលជាម្ចាស់ផ្ទះទេ ម្ចាស់ផ្ទះគេតែងតែចង់ឱ្យមានឯកសារ កិច្ចប្រជុំនឹងប្រព្រឹត្តទៅដោយរលូនល្អ និងជោគជ័យ ប៉ុន្តែវាអាចមានប្រទេសមួយ ឬពីរ ដែលគាត់អាចបន្តគិតថា ដើម្បីទម្លាក់កុំឱ្យមុខមាត់កម្ពុជាលេចធ្លោ ឬក៏ជោគជ័យហ្នឹងគឺអាចមកអាចបង្កការរាំងស្ទះហ្នឹង។ ប៉ុន្តែក្នុងចំណុចនេះអ្វីៗដែលគិតថាបាននោះ គឺវាគួរតែកើតឡើងនៅក្នុងខែ៨ ហើយវាក៏បានកើតឡើងមែន ប៉ុន្តែកម្ពុជាមានភាពវៃឆ្លាតនៅក្នុងការដឹកនាំ និងក្នុងការសម្របសម្រួល។ ចុងបញ្ចប់ ក៏យើងចេញរួច និងឆ្លងផុតទៅហើយ។ ដូច្នេះសម្រាប់ខែនេះកិច្ចប្រជុំកំពូលចុងក្រោយនេះ មិនមានអ្វីដែលជាការបារម្ភនោះទេ មកដល់នេះខ្ញុំឃើញថា អ្វីៗគឺបានទៅដោយរលូន ហើយខ្ញុំមើលមិនឃើញទាល់តែសោះថាមានឯកសារអ្វីដែលខ្ទាស់មិនអាចចេញរួចនោះទេ។
សំណួរទី៦៖ យើងឃើញហើយថាកាលពីខែ៨នោះ កម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥បញ្ចប់ទៅដោយរលូន។ បើយើងងាកមកមើលកិច្ចប្រជុំកំពូលនេះវិញ តែយើងអាចរំពឹងថាលទ្ធផលនៃកិច្ចប្រជុំនេះបានដូចម្តេចខ្លះ ហើយកម្ពុជាត្រូវប្រកាន់ជំហរដូចម្តេច ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់កំពូលតំបន់នេះឱ្យមានភាពអព្យាក្រឹត បើកចំហ ការរួបរួម ទំនួលខុសត្រូវ និងមានភាពជាការទូត?
ខ្ញុំចង់ជម្រាបជូនថា នៅក្នុងកិច្ចប្រជុំកំពូលខាងមុខនេះមានឯកសារច្រើនណាស់ ដែលត្រូវធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក៏ដូចជាឯកសារដែលត្រូវអនុម័ត លិខិតចុះហត្ថលេខា ហើយនឹងប្រកាសផ្សព្វផ្សាយចេញរហូតទៅដល់ជិត១០០ឯកសារ។ នៅក្នុងនេះការជជែកជានិច្ចជាកាលតែងបើកចំហ កម្ពុជាត្រៀមខ្លួនត្រូវហើយ ដើម្បីសម្របសម្រួលនៅក្នុងការជជែកវែកញែករបស់ប្រទេសមួយៗដែលតែងតែលើក ជាពិសេសដូចខ្ញុំនៅខាងដើម៥ចំណុចនោះ គឺរឿងសមុទ្រចិនខាងត្បូង ឬឧបទ្វីបកូរ៉េ គឺកូរ៉េខាងជើងពាក់ព័ន្ធទៅនឹងមីស៊ីល រឿងបញ្ហាតៃវ៉ាន់ រឿងភូមា ហើយនឹងរឿងអ៊ុយក្រែន។
អ្វីដែលក្ដៅខ្លាំង គឺរឿងភូមា និងអ៊ុយក្រែន ហើយពេលនោះយើងដឹងថាខាងសហរដ្ឋអាមេរិកនឹងលើកហើយ ក៏ដូចគ្នាខាងរុស្ស៊ីក៏ត្រូវតបត។ ក៏ដូចគ្នាបញ្ហាមួយចំនួនទៀត ដូចជារឿងភូមា យើងពិបាកបន្តិច ដោយសារមិនមានសាមីខ្លួនមកតតាំងជាមួយទេ គឺភូមានឹងអវត្តមានទៀតហើយ។ ដូច្នេះមានតែក្របខ័ណ្ឌអាស៊ានខ្លួនឯងទេ ដែលព្យាយាមខំពន្យល់ដល់ប្រទេសជាដៃគូផ្សេងៗទៀតនៅពេលដែលមានសម្ពាធ។ ដូច្នេះមានតែអាស៊ានខ្លួនឯងទេ ដែលត្រូវតែគិតថាត្រូវដើរទៅផ្លូវណា សម្របសម្រួលដោយវិធីណា ក៏ប៉ុន្តែដោយឡែកសម្រាប់កម្ពុជាខ្ញុំមើលទៅឃើញជំហរច្បាស់លាល់ហើយ គឺអ្វីៗដែលកម្ពុជាបានធ្វើ តាំងពីដើមឆ្នាំរហូតដល់ពេលនេះនឹងរក្សាដដែល។
មានន័យថា អ្វីដែលអនុញ្ញាតឱ្យភូមាចូលរួមប្រជុំបានធ្វើតាមកម្រិតតែ២ទេគឺថ្នាក់ប្រជុំកំពូលមួយ ហើយនិងថ្នាក់រដ្ឋមន្ត្រីការបរទេសគឺចូលរួមដែលមិនមែនជាអ្នកនយោបាយ ប៉ុន្តែក្នុងនេះគឺភូមា ខ្លួនឯងទេគាត់ជ្រើសរើសមិនចូលរួម និងធ្វើពហិកាខ្លួនឯង។ ប៉ុន្តែក្នុងចំណុចនេះអាស៊ានក៏កំពុងតែពិចារណា ដូចថ្នាក់រដ្ឋមន្ត្រីការបរទេសប្រជុំកន្លងមកនេះ នៅថ្ងៃទី២៧ ខែតុលាបានគិតគូរគ្នាថា គួរតែពន្លាតនូវការហាមប្រាមនេះមិនឱ្យចូលរួមកិច្ចប្រជុំដទៃៗទៀតទាំងអស់ គឺថាថ្នាក់មិនមែនជាអ្នកនយោបាយគាត់ចូលរួមបាន ប៉ុន្តែគ្រប់វិស័យផ្សេងៗទៀតទាំងអស់ ឬដំណាក់កាលចុងក្រោយ គឺឈប់ឱ្យចូល និងឈប់អញ្ជើញតែម្ដង ដោយដំណាក់ និងកម្រិតណាក៏មិនឱ្យចូលដែរ។
នេះគឺជាការជជែកគ្នា ហើយចំណុចដែលខ្ញុំបានលើក គឺនឹងដាក់ទៅដល់ថ្នាក់ដឹកនាំកំពូល ដើម្បីលោកសម្រេច ថាត្រូវជ្រើសរើសយកមួយណា។ ខ្ញុំចង់បញ្ជាក់ចំណុចចុងក្រោយដែលល្អគឺ ដំបូងយើងឃើញភូមាមិនអនុវត្ត និងលែងចូលរួមអ្វីទាំងអស់ហ្នឹងគឺជារឿងទីមួយ ប៉ុន្តែទីពីរគឺនៅពេលដែលកម្ពុជាបានអនុញ្ញាតឱ្យអ៊ុយក្រែនគាត់នឹងមកចុះហត្ថលេខាមួយហៅថា «សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ»នេះ ជាភាសាអង់គ្លេសគឺហៅថា «Treaty of Amity and Cooperation (TAC)» គឺរដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែននឹងមកចុះហត្ថលេខានៅទីក្រុងភ្នំពេញនេះ ដើម្បីចូលជាសមាជិកមួយទៀត។ ក្នុងនេះដើម្បីចូលជាសមាជិកបានទាល់តែមានប្រទេសអាស៊ានទាំង១០ ហើយក្នុងនេះភូមាខ្លួនឯងក៏បានព្រមឯកភាពឱ្យអ៊ុយក្រែនចូលរួមដែរ។ ដូច្នេះ មានការចុះហត្ថលេខាពីភូមា។ នេះគឺជាចំណុចវិជ្ជមានមួយ ដែលភូមាមិនបោះបង់អាស៊ានចោលនោះទេ គឺគាត់នៅបន្តភ្ជាប់ខ្លួនជាមួយអាស៊ាននៅឡើយទេ។ នេះគឺជាការវិវឌ្ឍន៍ថ្មី។
សំណួរទី៧៖ ពាក់ព័ន្ធទៅនឹងថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក គឺលោកប្រធានាធិបតី ចូ បៃដិន ដែលលោកបានបញ្ជាក់ហើយថាលោកនឹងចូលរួមផ្ទាល់នៅឯទីក្រុងភ្នំពេញ។ កន្លងមកយើងមើលឃើញថាថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិកហាក់ដូចជា មិនបង្ហាញពីវត្តមានជាប់លាប់ឡើយនៅក្នុងក្របខ័ណ្ឌអាស៊ាន ប៉ុន្តែនៅឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយអាមេរិក គឺលោកប្រធានាធិបតីអាមេរិកផ្ទាល់នឹងមកចូលរួម។ ចំពោះ (វាគ្មិន) តើលោកមើលឃើញទាំងនេះវាអាចនឹងមានន័យដូចម្តេចដែរ ចំពោះកម្ពុជា និងអាស៊ានផ្ទាល់?
សហរដ្ឋអាមេរិកយើងមើលការប្រែប្រួលការចូលរួមរបស់សហរដ្ឋអាមេរិកមានការប្រែប្រួល អាស្រ័យទៅលើមេដឹកនាំកំពូល មានន័យថាប្រធាននាធិបតីសហរដ្ឋអាមេរិកតែម្តង។ កាលពីសម័យលោក បារ៉ាក់ អូបាម៉ា លោកបានចូលរួមអាស៊ាន រាល់កិច្ចប្រជុំទាំងអស់ គឺមិនដែលខានទាល់តែសោះ។ ផ្ទុយទៅវិញបន្ទាប់ពី លោក ដូណាល់ ត្រាំ គាត់ឡើងកាន់អំណាចបាន៤ឆ្នាំនេះ គឺគាត់បានចូលរួមតែ១ម្ដងគត់ មានន័យថាតាមពិតគាត់ត្រូវចូលរួមប្រជុំ៤ដង ប៉ុន្តែគាត់ចូលប្រជុំបានតែ១ម្ដងគត់។ ហើយ១ម្ដងនេះមិនពេញលក្ខណៈទៀត ដោយចូលរួមបានតែរយៈពេលខ្លីគាត់ត្រឡប់ទៅវិញបាត់។ ក្រៅពីនោះគាត់បានបញ្ជូនមនុស្សដែលជាអនុប្រធានាធិបតី ឬក៏តំណាងរបស់គាត់រហូតដល់ឆ្នាំ២០១៩នេះ គាត់បានបញ្ជូនមនុស្សមួយគ្រាន់តែជាទីប្រឹក្សាផ្នែកសន្តិសុខមានន័យថាតំណែងអត់នៅក្នុងប្រអប់ទៅទៀតមកចូលរួម គឺធ្វើឱ្យអាស៊ានអាក់អន់ស្រពោនចិត្តខ្លាំងមែនទែន ខឹងសម្បានឹងសហរដ្ឋអាមេរិក ដែលហាក់ដូចជាមិនឱ្យតម្លៃអាស៊ានទាល់តែសោះ។
ផ្ទុយទៅវិញនៅក្នុងសម័យ លោក ចូ បៃដិន ដែលគាត់ឡើងមកក្រោយនេះ គឺជាតំណែងមួយដែលគាត់ឱ្យតម្លៃខ្ពស់ទៅដល់អាស៊ាន។ គាត់បានសម្រេចថានឹងមកចូលរួម ហើយដូចជាអនុវត្តទៅតាម legacyរបស់លោកអូបាម៉ា។ ដូច្នេះ ចំណុចនេះគឺជាចំណុចល្អហើយកម្ពុជាពិតជាមានមោទនភាពនៅពេលដែលមានមេដឹកនាំធំ មហាអំណាចធំរបស់ពិភពលោកនេះមកចូលរួមដោយផ្ទាល់។ នេះគឺជាចំណុចល្អ ហើយកម្ពុជាពិតជាមានកិត្តិយសដែលមេដឹកនាំធំៗច្រើនមកចូលរួមនៅពេលនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ទន្ទឹមនឹងសហរដ្ឋអាមេរិក ក៏មានប្រទេសមួយចំនួនអវត្តមានទៅវិញដែរ គួរឱ្យសោកស្ដាយដោយសារតែបញ្ហាផ្ទៃក្នុងរបស់គេ។ ខ្ញុំលើកឧទាហរណ៍ ទីមួយ គឺប្រទេសម៉ាឡេស៊ី គាត់ជាសមាជិកអាស៊ានមួយដែលគាត់ក៏ត្រូវមកចូលរួមប្រជុំប៉ុន្តែគាត់មិនអាចមកបាន ដោយសារតែបោះឆ្នោតនៅម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រីឥណ្ឌាដែលត្រូវមកចូលរួមក៏មិនអាចមកចូលរួមបានដែរ ដោយសារតែជាប់បោះឆ្នោតនៅឥណ្ឌាដែរ។ ដូច្នេះយើងអវត្តមានមេដឹកនាំមួយចំនួន ទោះបីជាមានមេដឹកនាំផ្សេងទៀតមក ប៉ុន្តែអវត្តមានពីរទៅបីប្រទេសនេះ វាជាការសោកស្តាយណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយមេដឹកនាំធំៗច្រើនទៀតដែលលោកនឹងអញ្ជើញមក ដូចនាយករដ្ឋមន្ត្រីជប៉ុន ក៏ដូចជានាយករដ្ឋមន្ត្រីរបស់ចិន លោកLi Keqiang ក៏អញ្ជើញមកដែរ។ ដូច្នេះយើងឃើញថាទម្ងន់នៃកិច្ចប្រជុំនេះក៏មិនមានអ្វីប៉ះពាល់ទៅដល់ថាមុខមាត់របស់កម្ពុជាទេ។
**********
វាគ្មិនកិត្តិយស៖ លោក ពុយ គា អ្នកសារព័ត៌មានកម្ពុជាចាស់វស្សា និងជាអ្នកឆ្លើយឆ្លងព័ត៌មាននៃសារព័ត៌មានជប៉ុនក្យូដូ
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ