ហេតុអ្វីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងតាំងតុ ប្រារព្ធជាមួយគ្នា?
ភ្នំពេញ៖ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែជាពិធីមួយដែលប្រទេសកម្ពុជាបានចាត់ជាព្រះរាជពិធី(ពិធីរៀបចំដោយព្រះមហាក្សត្រ)ហើយមានតាំងពីបុរាណកាលមក។ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅឆ្នាំ២០២២ មិនបានប្រារព្ធឡើងក្នុងរាជធានីភ្នំពេញដូចសព្វមួយដងទេ ដ្បិតដោយសារឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលប្រជុំអាស៊ានលើកទី៤០និងលើកទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី៨ដល់ទី១៣ខែវិច្ឆិកាឆ្នាំ២០២២។
ទាក់ទងនឹងពិធីបុណ្យអុំទូកតាមប្រសាសន៍លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបានបង្ហាញថា៖ «កាលពីដើមឡើយ ពោលចាប់តាំងពីសម័យអង្គរមកព្រះរាជាខ្មែរតែងតែប្រារព្ធពិធីបុណ្យអុំទូកនេះជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណដល់ទ័ពជើងទឹក ដឹងគុណទឹក ឬព្រះគង្គា ក្នុងលំនាំជាព្រហ្មញ្ញសាសនា ក៏ដូចជាក្នុងគុណធម៌ជាមនុស្សខ្មែរ ហើយក៏ឱ្យតម្លៃលើធម្មជាតិ សូម្បីដើមឈើទៀតសោតក៏ខ្មែរដាក់តាំងជាទេវៈដែរ ដែលឱ្យឈ្មោះថាជាទេវតា រុក្ខទេវតា»។ នេះជាទំនៀមទម្លាប់មានប្រវត្តិសាស្ត្រដែលខ្មែរចេះដឹងគុណទាំងវត្ថុមានជីវិត និងគ្មានជីវិត។ លោកសាស្ត្រាចារ្យបន្តថា៖ «គោលបំណងនៃពិធីបុណ្យអុំទូកនាសម័យបុរាណ ព្រះរាជាមានព្រះបំណងចង់ឱ្យប្រជាជនក្នុងដែនព្រះអង្គបានជួបជុំនៅអង្គរ ឬកស្សិណអង្គ ពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានការប្រារព្ធច្រើន»។
ដោយឡែក ក្រោយរាជធានីខ្មែរផ្លាស់ប្ដូរពីអង្គរ នៅសតវត្សទី១៥ ពោលគឺប្រហែលឆ្នាំ១៤៣៤ ហើយមកដល់ចតុម្មុខ ក្នុងឆ្នាំ១៤៦០ជាង ខ្មែរយើងនៅតែប្រារព្ធពិធីនេះដដែល។ បើយើងតាមប្រសាសន៍លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដដែលលោកបងបានបញ្ជាក់ថា កាលពីដើមឡើយពិធីបុណ្យអុំទូកគេប្រារព្ធក្នុងខែចែត្រ លុះដល់ពេលខ្មែរផ្លាស់ប្ដូររាជធានីមកចតុម្មុខ ខ្មែរក៏ផ្លាស់ប្ដូរពិធីនេះមកប្រារព្ធក្នុងខែកត្តិកដូចបច្ចុប្បន្នវិញ។
លោកមានប្រសាសន៍បញ្ជាក់ថា៖ «ពិធីបុណ្យអុំទូកបានប្រារព្ធឡើងនៅចតុម្មុខ ហើយព្រះរាជាខ្មែរ និងប្រជាជនបានបន្ថែមពិធីអកអំបុកសំពះព្រះខែ បណ្ដែតប្រទីប និងបុណ្យតាំងតុ ថែមទៀត។ ពិធីបុណ្យតាំងតុ ជាពិធីដាក់តាំងបង្ហាញផលិតផលដែលខ្មែរមានឱ្យមហាជនបានឃើញក្នុងរាជធានី»។
ចំពោះមូលហេតុដែលពិធីនេះបានធ្វើអមជាមួយនឹងពិធីអកអំបុក សំពះព្រះខែ លោកសាស្ត្រាចារ្យបានឱ្យដឹងថា៖ «កាលណាយើងនិយាយអំពីអកអំបុក គឺយើងបានឱ្យតម្លៃលើស្រូវអង្ករស្រូវថ្មីរបស់ប្រជាជនខ្មែរ បញ្ជាក់ប្រាប់ថាខ្មែរធ្វើស្រូវបានផល មានតម្លៃ គេយកអំបុកទៅដាក់លើទីលានមួយ ហើយគេរៀបចំពិធីគោរព សំពះ ចាត់ទុកថា អកអំបុក។ ចំណែកសំពះព្រះខែ ក្នុងន័យឱ្យតម្លៃលើនាងសោមា ឱ្យតម្លៃលើដួងព្រះចន្ទ្រ ឱ្យតម្លៃលើនាងនាគផង និងឱ្យតម្លៃលើទឹកផង ដែលទាំងនេះបូកបញ្ចូលគ្នាគឺខ្មែរឱ្យតម្លៃលើអាទិទេព ដឹងគុណដល់ទឹក និងដឹងគុណដល់ស្ត្រី ដល់មេ»។
លោកសាស្ត្រាចារ្យរម្លឹកថា៖ «យើងមានវង្សពីរនៅសម័យដើម គឺវង្សព្រះអាទិត្យ និងវង្សព្រះចន្ទ្រ។ នៅសម័យចេនឡា គេឱ្យឈ្មោះថា សុរិយវង្ស (វង្សព្រះអាទិត្យ) ឯនៅសម័យអាណាចក្រភ្នំ ឬហ្វូណន គេឱ្យឈ្មោះថា សោមវង្ស (វង្សព្រះចន្ទ្រ)។ វង្សទាំងពីរនេះមានតម្លៃបង្កបង្កើនផលក្នុងការបណ្ដុះស្រូវស្រែ ឬការរស់រានមានជីវិតរបស់សត្វទាំងឡាយនៅលើភពផែនដីនេះ»។
លោកបន្ថែមថា៖ «ពិធីបុណ្យតាំងតុ មានកត់ត្រាទុកក្នុងឯកសារជាច្រើន ហើយពិធីនេះគេឃើញមាននៅក្នុងសម័យលង្វែក។ ពិធីនេះជាព្រះរាជពិធីដែលព្រះរាជាក្នុងសម័យនោះ គឺព្រះចន្ទរាជា លោកជាអ្នកផ្ដើមឱ្យមានពិធីនេះឡើង។ ពិធីតាំងតុ គេប្រារព្ធឡើងនៅទីដែលមានព្រះរាជាគង់នៅ ប៉ុន្តែដោយសារវិបត្តិ ឆ្នាំនេះយើងមិនអាចប្រារព្ធឡើងបានក្នុងរាជធានីភ្នំពេញ តម្រូវឱ្យមានធ្វើនៅតាមខេត្ត»។
ចំណែកការប្រារព្ធនៅតាមបណ្ដាខេត្តវិញ លោកសាស្ត្រាចារ្យយល់ថា៖ «ការប្រារព្ធនៅតាមបណ្ដាខេត្តរឹតតែមានតម្លៃជាពិសេស គឺដើម្បីដាស់ជូនដួងព្រលឹងរបស់ខ្មែរឱ្យងើបឡើងនៅតាមបណ្ដាខែត្រខណ្ឌទាំងអស់។ អភិបាលខេត្តទាំងអស់ក្នុងនាមជាអ្នកទទួលខុសត្រូវលើការផ្ដល់អាជ្ញាពីព្រះរាជាគឺអាចធ្វើកិច្ចការបាន។ ការធ្វើនៅតាមបណ្ដាខេត្តពិតជាការល្អនិងត្រឹមត្រូវបំផុតសម្រាប់ទស្សនៈខ្ញុំ ក្នុងការគោះជួងដាស់ដួងព្រលឹងរបស់ខ្មែរ»។
លោកសាស្ត្រាចារ្យផ្ដល់ទស្សនៈជារួមថា ការប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប និងបុណ្យតាំងតុ នេះគឺជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរមួយធ្វើឡើងក្នុងការជួបជុំមួយឆ្នាំម្ដងយ៉ាងធំ ដើម្បីស្វែងយល់ពីការអភិវឌ្ឍជាតិ ស្វែងយល់ពីវប្បធម៌ប្រពៃណី និងដើម្បីបំពេញកិច្ចជាកត្តញ្ញូ។ ចំណុចសំខាន់មួយទៀតគឺជាការរៀបចំទទួលទឹកអម្រិតពីភ្នំគូលេនដែលមានព្រះរាជាជាអធិបតីតំណាងឱ្យស្ដេចនាគ ជាអ្នកប្រសិទ្ធីដល់នាគទាំងឡាយ(ប្រមុខដឹកនាំតាមបណ្ដាខេត្ត) ហើយទូកដែលមកចូលរួម គឺជាក្បូននាំទឹកអម្រិតទៅស្រោចស្រពដល់ភូមិស្ថានដែលខ្លួនរស់នៅ។
ចំពោះការប្រារព្ធពិធីអកអំបុកសំពះព្រះខែ បណ្ដែតប្រទីប និងបុណ្យតាំងតុក្នុងថ្ងៃផ្សេងៗនៅតាមបណ្ដាខែត្រក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំនេះ លោកសាស្ត្រាចារ្យបញ្ជាក់ថា៖ «មិនអ្វីខុសឆ្គងទេ យើងអាចធ្វើពេលណាក៏បាន ទីណាក៏បាន គ្រាន់តែយើងមិនបានជួបជុំគ្នាក្នុងកន្លែងតែមួយ។ ការណ៍ដែលយើងធ្វើនៅមិនចំថ្ងៃតែមួយទាំងអស់គ្នាមិនសំខាន់ប៉ុន្មានទេ អ្វីដែលសំខាន់គឺជាតិយើងបានរីកចម្រើន យើងអាចអភិវឌ្ឍជាតិឱ្យរីកចម្រើននោះទើបជារឿងត្រឹមត្រូវបំផុត»៕
ដោយ៖ហ៊ួន ស៊ីឡូន