សម្តេចតេជោ ហ៊ុន សែន៖ ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់ថា ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅឥណ្ឌូនេស៊ី ពេលប្រជុំ G20 ថ្ងៃ១៥ ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំ APEC នៅថៃថ្ងៃ១៧ និង១៨វិច្ឆិកា ២០២២ ព្រោះសម្តេចចូលរួមទាំងនៅឥណ្ឌូនេស៊ី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ (ខ្មែរធ្វើបាន)។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញនូវនាឡិកាដៃដែលផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែវិច្ឆិកាថា «មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមក ចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២»។ នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា (ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន»។
គួររម្លឹកថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា ប្រទេសកម្ពុជាបានផលិតតនាឡិកាចំនួន២៥គ្រឿង សម្រាប់ជូនមេដឹកនាំកំពូលអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិសំខាន់ៗមួយចំនួនទៀត។ បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឡិកាទាំង ២៥គ្រឿងនោះ គឺម៉ាកអាស៊ាន តែត្រូវបានដាក់ថា Made in Cambodia ដើម្បីឱ្យគេបានដឹងថា បច្ចុប្បន្ននេះកូនខ្មែរអាចផលិតនាឡិកាបាន ហើយនៅថ្ងៃប្រជុំកំពូលអាស៊ាន សម្ដេចនឹងពាក់នាឡិកាម៉ាកអាស៊ាននោះតែម្តង៕
ដោយ៖ពលជ័យ