ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។នេះបើតាមប្រសាសន៍ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ។
នាឳកាសនោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ និង ៦ភាគរយ នៅឆ្នាំ២០២៣។
ឯកឧត្តមអះអាងទៀតថា៖ «ការបន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ អត្រាអតិផរណា បានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ ៤,៤ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើង ក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក។ ចំនុចនេះ អាចបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន»។
ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ដែលបានរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការវិនិយោគជាភាគទុនិក នៅគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួននាពេលកន្លងមក។
ពាក់ព័ន្ធ នឹងការលើកឡើងនេះដែរ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានគាំទ្រដល់កិច្ចសហប្រតិបត្តិការនៃធនាគារកណ្តាលទាំងពីរ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ។ ឯកឧត្តមក៏បានសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពកូវីដ ១៩ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យសេដ្ឋកិច្ចមានការងើបឡើងយ៉ាងឆាប់រហ័ស ជាពិសេស ការគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ ជាមួយនឹងកម្រិតខ្ពស់ទុនបម្រុងអន្តរជាតិ ខណៈដែលប្រទេសនានា នៅប្រឈមនឹងបញ្ហាអតិផរណា ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុនិងទុនបម្រុងអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម មានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ-១៩ ក្នុងរយៈពេលខ្លីខាងមុខ និងត្រៀមខ្លួនរូមចំណែកទាក់ទាញការវិនិយោគ ទេសចរ និងពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរនេះឱ្យកើនឡើងជាលំដាប់ផងដែរ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ដែលចេញផ្សាយកាលពីចុងខែ កក្កដា ឆ្នាំ២០២២ ក៏បានបង្ហាញថា វិស័យធនាគារបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រការងើបឡើងវិញនៃសកម្មភាព សេដ្ឋកិច្ច ដោយក្នុងនោះទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានកំណើន ១៧,២ភាគរយ ឥណទានទៅកាន់វិស័យចម្បងៗបានកើនឡើង ២៣,៤ភាគរយ និងប្រាក់បញ្ញើអតិថិជនមានកំណើន ១៦ភាគរយ ដែលបង្ហាញពីជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ។
ជាងនេះទៀត បណ្តាញប្រតិបត្តិការនិងពិពិធកម្មសេវាហិរញ្ញវត្ថុ ក៏ត្រូវបានបន្តអភិវឌ្ឍ និងបានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុជាលំដាប់ ដោយបច្ចុប្បន្ន ចំនួន គណនីប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ ១៣,២ លានគណនី និងគណនីឥណទានអតិថិជន កើនដល់ ៣,៥ លានគណនីផងដែរ។ ជ
ជាងនេះទៀត ធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញ មានចំនួន៣២៨ ៥៥២គណនី គិតជាទឹកប្រាក់ប្រមាណ៥.៥ប៊ីលានដុល្លារ ដោយបានរួមចំណែកជួយប្រជាពលរដ្ឋ និងអាជីវកម្ម បានមួយកម្រិតក្នុងអំឡុងពេលផ្ទុះនៃជំងឺកូវីដ១៩។ ចំណែកឯប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅតែបន្តកើនឡើង។
ហេតុនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអះអាងថា ប្រព័ន្ធធនាគារពិតជាបានបន្តឆ្លើយតប នឹងតម្រូវការហិរញ្ញប្បទាន របស់វិស័យឯកជន ដោយរក្សាបាននិរន្តរភាព នៃការផ្តល់ឥណទានទៅគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ៕
ដោយ៖ បូរ ពេជ្រហ្សាលីន