អ្នកនាំពាក្យកងរាជអាវុធហត្ថ៖ កិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ កម្ពុជាបានត្រៀមកងកម្លាំងដែលមានសមត្ថភាព ក្នុងការរក្សាសុវត្ថិភាព
ភ្នំពេញ៖ឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ កម្ពុជាបានត្រៀមកងកម្លាំងដែលមានសមត្ថភាព ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីការពារដំណើរការទូទៅនៃកិច្ចប្រជុំនេះ។
ឯកឧត្តម អេង ហ៊ី បានបញ្ជាក់កាលពីថ្ងៃទី៦ ខែវិច្ឆិកា អំពីការត្រៀមកងកម្លាំង ត្រៀមសម្ភារៈ និងផែនការ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ចំណែកគោលបំណងនៃការរៀបចំផែនការ គឺដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជាមួយក្រសួង ស្ថាប័ន អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថភាព និងមានការបែងចែកការទទួលខុសត្រូវ របស់កងកម្លាំងតាមគោលដៅ ហើយក៏ធានាដល់គណៈប្រតិភូទាំង៣២ប្រទេស ស្ថាប័ន ដែលអញ្ជើញមកប្រទេសកម្ពុជា មិនឲ្យទទួលរងនូវគ្រោះមហន្តរាយណាមួយ និងបង្ការរីងរាំងដាច់ខាតមិនឲ្យមានអំពើភាវកម្ម ដែលកើតឡើងនៅលើទឹកដីប្រទេសកម្ពុជា។
លើសពីនេះទៀតលោកបន្តថា កងរាជអាវុធហត្ថបានរៀបចំកម្លាំងចំនួនប្រមាណមួយពាន់នាក់ និងរៀបចំមធ្យោបាយដូចជា រថយន្តពេទ្យ រថយន្តសម្រាប់បាញ់ទឹក រថយន្តអគ្គីភ័យ រថយន្តដឹកជញ្ជូនកម្លាំង រថយន្តនាំផ្លូវ និងម៉ូតូសម្រាប់ចល័ត ទាំងនេះគឺសម្រាប់កងកម្លាំងបញ្ជាការដ្ឋាន។
លោក អេង ហ៊ី បញ្ជាក់ថា៖ «ដោយឡែកកងកម្លាំងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ ក៏បានប្រើប្រាស់កម្លាំងប្រមាណ១ ៤០០នាក់ និងសម្ភារឧបករណ៍នានា សហការជាមួយអាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច ដើម្បីធានាអំពីការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសង្ក្រោះបឋមនេះដែរ»។
លោកបន្តថា មួយវិញទៀតពាក់ព័ន្ធដំណើរទស្សនកិច្ចគណៈប្រតិភូ គឺមានខេត្តព្រះសីហនុ ខេត្តសៀមរាប ក៏ត្រូវបានរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសង្ក្រោះបឋមថែមទៀតដែរ ហើយខេត្តដែលមិនមានការពាក់ព័ន្ធគណៈប្រតិភូទៅដល់ ការមានការត្រៀមនៅតាមដងផ្លូវធ្វើដំណើរផងដែរ។
ក្រៅពីនេះទៀតសរុបកងកម្លាំងដែលត្រៀមខ្លួនការពារវិញអ្នកនាំពាក្យរូបនេះបញ្ជាក់ថា មានកងកម្លាំងនរគបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ចំនួនប្រមាណជាងមួយម៉ឺន ដែលមកពីបណ្ដាអង្គភាព និងស្ថាប័នចំនួន១៤។
លោក អេង ហ៊ី បន្ថែមថា៖ «ខ្ញុំសំណូមពរទៅដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងកម្លាំងពាក់ព័ន្ធទាំងអស់ សូមឲ្យមានសាមគ្គី ឯកភាពគ្នា ដើម្បីធានាបាននូវការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះបឋមនេះ គឺឲ្យទទួលបានជោគជ័យ។ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមយ៉ាងសកម្ម និងអត់ធ្មត់ ពេលដែលប៉ះពាល់ដល់ការធ្វើដំណើរ»។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយកិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិចូលរួម ចំនួន៣៤រូបផងដែរ៕
ដោយ៖ជា សុខនី