អាមេរិកនឹងស្វែងរកការជំរុញកិច្ចសហការក្នុងតំបន់ នៅកិច្ចប្រជុំកំពូលអាស៊ាន

អាមេរិក៖ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ចូ បៃដិន​ រំពឹង​ថា​នឹង​ចូល​រួម​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ និង​កិច្ច​​ប្រជុំ​កំពូល​អាស៊ីបូព៊ា​ ដែល​នឹង​​​​ប្រព្រឹត្ត​ទៅ​នៅ​​​រាជ​ធានី​ភ្នំ​ពេញ​នៃ​ប្រទេស​កម្ពុជា​​ នៅ​ថ្ងៃ​ទី​ ១២ និង​​ ១៣ ខែ​វិច្ឆិកា ខាង​មុខ​​។ វត្ត​មាន​នេះ​ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​​ថា​ នឹង​មាន​សារៈ​សំខាន់​ខ្លាំង​​សម្រាប់​គោល​នយោបាយ​ការបរទេស​របស់​​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ាន​​ មិន​ថា​ផ្នែក​សេដ្ឋ​កិច្ច​ នយោបាយ​ ឬ​ការ​ទូត​ ជា​ពិសេស​ចំ​ពេល​ដែល​ក្រុង​វ៉ាស៊ីនតោន​ ​ប្រឈម​មុខ​​កាន់​តែ​ខ្លាំង​​ឡើង​ជា​មួយគូ​ប្រជែង​​ចិន​ ក្នុង​បរិបទ​ភូមិ​សាស្រ្ត​នយោបាយ​បច្ចុប្បន្ន​។

​​ការ​ចូល​រួម​របស់លោក​​ បៃដិន​ ក្នុងកិច្ច​​ប្រជុំ​កំពូល​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ ​នឹង​ធ្វើ​ឡើង​​​​ប៉ុន្មាន​​ខែ​ បន្ទាប់​ពី​​​សេតវិមាន​​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹក​នាំ​ប្រទេស​ទាំង​១០​ក្នុង​ប្លុក​ ​ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​តំបន់​ កាល​ពី​ខែ​ឧសភា​​។​

អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​ វត្តមាន​របស់​លោក​ នឹង​ពង្រឹង​អ្វី​ដែល​លោក​ធ្លាប់​អះ​អាង​នៅ​អង្គការ​សហប្រជាជាតិ​​កាល​ពី​ខែ​កញ្ញា​ថា ​សហរដ្ឋ​​អាមេរិក​​មាន​​ឆន្ទៈ​​ធ្វើ​​ការ​​ជាមួយ​​គ្រប់​​ប្រទេស​​ទាំង​​អស់​ ដោយ​​មិន​​​ពី​​ប្រព័ន្ធ​​រដ្ឋាភិបាល​​របស់​​ពួក​​គេ​​ទេ​ ក្នុង​គោល​បំណង​​ជះ​​ឥទ្ធិពល​​លើ​​ការ​​ផ្លាស់​​ប្តូរ​។​

លោក បៃដិន​ ​ថ្លែង​យ៉ាង​ដូច្នេះ​នា​​ពេល​នោះ​​ថា​៖ «​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​មិន​ត្រឹម​តែ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ​ វាក៏​​ត្រូវ​បាន​ចូល​រួម​ផង​ដែរ​ពី​​ចំណោម​​ពល​រដ្ឋ​នៃ​​​ប្រទេស​រាប់​សិប​​ដែល​មាន​ប្រវត្តិ​ និង​មនោគម​វិជ្ជា​ផ្សេង​ៗ​​គ្នា​ជា​ច្រើន​ ដោយ​រួប​រួម​គ្នា​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​​ធ្វើ​ការ​ដើម្បី​សន្តិភាព​»​។​

​​​ជា​ការ​ពិត​ណាស់​ ក្នុង​នាម​​ជា​មហា​អំណាច​ពិភព​លោក​ អាមេរិក​​​កំពុង​រង​​នូវ​បញ្ហា​ជា​ច្រើន​ផ្សេង​ៗក្នុង​ការ​គ្រប់​គ្រង​ឥទ្ធិពល​របស់​ខ្លួន​​ រាប់​តាំង​ពី​វិបត្តិ​​សេដ្ឋកិច្ច​ រហូត​ដល់​ភូមិ​សាស្រ្ត​នយោបាយធំ​​ ​ដែល​កក្រើក​ឡើង​ដោយ​សារ​​​​សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​​ ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាង​ជើង​ ​និង​ជា​ពិសេស​ភាព​​តាន​តឹង​នៃ​​​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ដើ​ម​​​។

បញ្ហា​ប្រឈមអូស​បន្លាយ​​ទាំង​អស់​នេះ​ ​ធ្វើ​ឱ្យ​ចិន​អាច​បន្សាយ​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​​ និង​លឿនជាង​មុន​នៅ​​លើ​ប្លុក​អាស៊ាន​។ ​នោះ​ហើយ​ ជា​អ្វី​ដែល​អ្នក​វិភាគ​​យល់​ឃើញ​ថា​ ​វត្តមាន​​របស់​លោក​បៃដិន​ក្នុង​កិច្ច​ប្រជុំកំពូល​​អាស៊ាន​ នឹង​ក្លាយ​ជា​ឈ្នាន់​មួយ​ដើម្បី​ពង្រឹង​​​ទំនាក់​ទំនង​​ឆ្ពោះ​ទៅ​រក​​ការ​ផ្លាស់​ប្ដូរ​ក្នុង​តំបន់​ ដូច​អ្វី​ដែល​លោក​ បៃដិន​ ធ្លាប់​អះ​អាង ពោល​គឺ​ទប់​ទល់​នឹង​​គូ​ប្រជែង​ចិន​។ ​

ប៉ុន្តែ​នោះ​ក៏​ជា​រឿង​ពិបាកខ្លាំង​​មួយ​​ដែរ​សម្រាប់​អាមេរិក​ ដោយ​សារ​តែ​កិច្ច​សហប្រតិបត្តិ​ការ​​រវាង​ចិន​ និង​បណ្ដា​ប្រទេស​​​​អាស៊ាន​​ដែល​មាន​ស្រាប់​។ អ្នក​​សម្រប​​សម្រួល​​នៃ​​មជ្ឈ​មណ្ឌល​​សិក្សា​​អាស៊ាន​ ​នៅ​​វិទ្យាស្ថាន​ ​ISEAS Yusof Ishak ​ដែល​​មាន​​មូលដ្ឋាន​​នៅ​​សិង្ហបុរី លោកស្រី​​ Joanne Lin Weiling បាន​គូស​បញ្ជាក់​​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA ត្រង់​ចំណុច​នេះ​ថា​ ​​ចិន​គឺ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​​អាស៊ាន​ ​និង​បាន​បង្កើត​មុខងារ​លើ​វិស័យ​ជាច្រើន​សម្រាប់​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្លុក​​។

លោក​ស្រី Joanne ​បន្ថែម​ទៀត​ថា​ ​សម្ព័ន្ធភាព​ជា​យុទ្ធសាស្ត្រ​របស់​លោក​ បៃដិន​ ​នៅ​ក្នុង​តំបន់​ ​ភាគ​ច្រើន​មាន​គោល​បំណង​ប្រឆាំង​ចិន​ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​​មួយ​ចំនួន​មិន​សុខ​ស្រួល​ ដូច​ជា​​ឡាវ ​មីយ៉ាន់ម៉ា​ និង​កម្ពុជា​ ដែល​មាន​​ទំនាក់​ទំនង​ខ្លាំង​ជាមួយ​ចិន​ មិន​ថា​ផ្នែក​​នយោបាយ​ ឬ​សេដ្ឋកិច្ច​​​ ហើយ​លើស​ពី​នេះ​ លោក​ស្រី​​គូស​បញ្ជាក់​ថា​ ​​អាស៊ានក៏​​មិន​ដាក់​ចិន​​ឱ្យ​នៅ​ក្រៅ​វិធី​សាស្រ្តចំពោះ​​​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​​របស់​​ខ្លួន​នោះ​ដែរ​​។ ​ ​

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​ក្នុងការ​​​ប្រកាស​ពី​​ការ​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​របស់​លោក​ បៃដិន​ សេចក្ដី​ថ្លែង​ការណ៍​ពី​​សេតវិមាន​ដែល​ចេញ​ផ្សាយ​នៅ​ចុង​ខែ​តុលា​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​លោក​(បៃដិន​)នឹង​​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​ក្នុង​ការ​ធានា​សន្តិសុខ​ និង​ភាព​រុង​រឿង​នៅ​ក្នុង​តំបន់​ និង​សុខុមាល​ភាព​នៃ​ប្រជាជន​​មួយ​ពាន់​លាន​នាក់​របស់​យើង​រួម​គ្នា​»​។​

តាម​រយៈ​នេះ​ អ្នក​វិភាគ​មើល​ឃើញ​ថា​ រដ្ឋបាលលោក​ ​បៃដិន​ ​​នឹង​ស្វែង​រក​ដៃគូ​ដែល​អាច​ទទួល​យក​បាន​ក្នុង​វិស័យ​ដូច​ជា​ កិច្ច​សហប្រតិបត្តិការ​ដែន​សមុទ្រ​ ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ ការ​ដឹក​ជញ្ជូន​ និង​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ហើយ​ទំនង​ជា​នឹង​ជៀស​វាង​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​ជាក់ស្តែង​ជាមួយ​ទីក្រុង​ប៉េកាំង​។​

​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ លោក​ Phil Robertson ​បាន​ថ្លែង​ប្រាប់​​ VOA​ ថា​៖ «​ការ​ពិត​នៅ​ក្នុង​តំបន់​​ គឺ​ភាគ​ច្រើន​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ ​កំពុង​ព្យាយាម​យ៉ាង​អស់​ពី​ចិត្ត​ដើម្បី​កុំ​ឱ្យ​មាន​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ជ្រើស​រើស​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក​»​។ លោក​បន្ត​ថា​៖ «​​ដូច្នេះ ​មាន​ភាព​មិន​ច្បាស់​លាស់​ជា​យុទ្ធសាស្ត្រ​នៅ​​ក្នុង​តំបន់​ ដែល​ប្រទេស​សមាជិក​អាស៊ាន​នឹង​ទទួល​យក​នូវ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ពី​ភាគី​នីមួយ​ៗ​ ខណៈ​ពេល​ដែល​ព្យាយាម​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជាក់​លាក់​មួយ​ចំនួន​តាម​ដែល​​អាច​ធ្វើ​បាន​ ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេមានបញ្ហាជាមួយ​​ណា​មួយ​»។ ​

ជុំ​វិញ​បញ្ហា​នេះ​ ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​ លោក​ ចន ឃឺរប៊ី​​ ​​បាន​សង្កត់​ធ្ងន់​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ​រដ្ឋាភិបាល​អាមេរិក​មិន​ដែល​ស្នើ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ ជ្រើស​រើស​​ដាច់​មុខ​​រវាង​ខ្លួន​ និង​ចិន​នោះ​ទេ​​ ​ព្រោះ​គ្រប់​ប្រទេស​ទាំង​អស់​ អាច​កសាង​ទំនាក់​ទំនង​ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍​របស់​ខ្លួន​។​

យ៉ាង​ណា​មិញ​ ​លោក​ ឃឺរប៊ី​ បាន​បន្ថែម​ថា​៖ «​វា​នឹង​មិន​ផ្លាស់​ប្តូរ​ការ​ពិត​ដែល​ថា​យើង​បន្ត​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​​ជា​ជម្រើស​​ល្អ​បំផុត​​ដែល​យើង​អាច​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្រ្ត​ជាមួយ​ចិន​ និង​​​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ និង​ការ​ប្រឈម​នានាពី​​​​ចិន​​ ជា​ពិសេស​នៅ​ក្នុង​​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​»។​​

គួរ​បញ្ជាក់​ថា​ ​កិច្ច​ប្រជុំ​កំពូល​នៅ​ក្រុង​ភ្នំ​ពេញ​នេះ​ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ​​​ជុំ​វិញ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន ​និង​មហិច្ឆតា​របស់​ចិន​ក្នុង​ការ​កាន់​កាប់​តៃវ៉ាន់​។​ ប៉ុន្តែ​សម្រាប់​​ក្នុង​ប្លុក​ផ្ទាល់​ ​វិបត្តិ​​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​មីយ៉ាន់ម៉ា​ គឺ​ជា​បញ្ហា​ដ៏​ធំ​បំផុត​ដែល​នឹង​ត្រូវ​លើក​យក​មក​ពិ​ភាក្សា​​ជា​ថ្មី​។ ​​

កន្លង​មក​ ​អាស៊ាន​បាន​​ខ្នះ​ខ្នែង​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះនៅ​មីយ៉ាន់ម៉ា​ ដោយ​ដើរ​តួ​ជា​អ្នក​ស្វែង​រក​សន្តិភាព​។ ​​ឥឡូវ​នេះ​​​​​​​ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ថា​តើ​​លោក​ បៃដិន​ នឹង​នាំ​យក​​​យុទ្ធ​សាស្រ្ត​អ្វី​​ដើម្បី​​ពិភាក្សា​​ក្នុង​កិច្ច​ប្រជុំ​កំពូល​ជាមួយ​​អាស៊ាន​​​ ជុំ​វិញ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​។ ប៉ុន្តែ​​កន្លង​មក​ អាមេរិក​បាន​ថ្កោល​ទោស​ក្រុម​យោធា ​ចំពោះ​​ការ​ធ្វើ​រដ្ឋ​ប្រហារ​ និង​អំពើ​ហិង្សា​​​ ​ហើយ​​ថែម​ទាំង​​​​ដាក់​​ទណ្ឌកម្ម​​ផ្សេង​ៗ​ រួម​ទាំងទណ្ឌកម្ម​​​​លើ​ក្រុម​ហ៊ុន​វិនិយោគ​ណា​ ដែល​ពាក់​ព័ន្ធ​នឹង​ប្រភព​​ផ្គង់​ផ្គង់​សព្វាវុធ​ឱ្យ​​របប​យោធា​មីយ៉ាន់ម៉ា​ទៀត​ផង​។ ​

គួរ​រំឭក​ផង​ដែរ​ថា​ ​បន្ត​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​ភ្នំពេញ​ លោក​ បៃដិន​ នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កោះ​ប៉ាលី​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​នៃ​ក្រុម​ប្រទេស​ទាំង​២០​ (G-20) ហើយ​នៅ​ទី​នោះ​ លោក​​នឹង​ធ្វើ​ការ​ជាមួយ​ដៃគូ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​ ដូច​ជា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ ផល​ប៉ះ​ពាល់​ជា​សាកល​នៃ​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ ​​រួម​ទាំង​វិបត្តិ​​​ថាមពល​ និង​សន្តិសុខ​ស្បៀង ​និង​អាទិភាព​ផ្សេង​ៗ​ទៀត​ ដែល​មាន​សារៈ​សំខាន់​ចំពោះ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​។​ នេះ​បើ​យោង​តាម​សេតវិមាន​៕

ដោយ៖ហួន ឌីណា

ads banner