ពិធីចុះហត្ថលេខាសហប្រតិបត្តិការ ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាជំហានទី១ដំណាក់កាលទី២២

ខេត្តកំពង់ធំ៖ ពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការ ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពលីជីវិតក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តកំពង់ធំ ជំហ៊ានទី១ ដំណាក់កាលទី២២ ក្នុងរដូវប្រាំង ឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម តំណាងឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត ប្រធានគណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ និងលោកវរសេនីយ៍ឯក ហ្វាម ញូគ័ន ប្រធាននយោបាយយោធាខេត្ត អនុប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ ក្នុងរយៈពេលកន្លងមកបានចំនួន ១.១៤២អដ្ឋិធាតុ នឹងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចហើយ ។

លោកវរសេនីយ៍ឯក ហ្វាម ញូគ័ន បានថ្លែងអំណរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនកម្ពុជា ដែលបានសហការល្អលើវិស័យមនុស្សធម៌ ក្នុងការជួយផ្ដល់ព័ត៌មាននិងស្រាវជ្រាវជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ឲ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ចំពោះវីរភាពកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តសហការជួយការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលត្រឡប់មកវិញបានដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងការងារមនុស្សធម៌ ដើម្បីស្រាវជ្រាវ និងជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ដែលក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់កំពុងរង់ចាំអដ្ឋិធាតុនៅឯប្រទេសកំណើត៕
ដោយ ប៊ុន រដ្ឋា

ads banner