សម្ដេចតេជោហ៊ុន សែន ឧបត្ថម្ភអង្ករ ១០តោន មីជាតិ ២០០កេស ត្រីខកំប៉ុង ២០កេស តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង

ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអំណោយឧបត្ថម្ភពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អង្ករ១០តោន មីជាតិ ២០០កេស ត្រីខកំប៉ុង ២០កេស ម៉ាស៊ីនកុំព្យូទ័រយកដៃមួយគ្រឿង និងម៉ាស៊ីនព្រីនធ័រ១ គ្រឿងតាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ សម្រាប់ធ្វើសកម្មភាពការងារក្នុងវិស័យមនុស្សធម៌ ជួយដល់គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាជន មានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដើម្បីសកម្មភាពមនុស្សធម៌ ជាពិសេសប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តនាំយកស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគទាំងនេះ យកទៅជួយដោះស្រាយជូនប្រជាពលរដ្ឋ គ្រួសារអតីតយុទ្ធជន ដែលជួបការលំបាកខ្វះខាតពិតប្រាកដ នៅតាមមូលដ្ឋាននីមួយៗឲ្យបានទាន់ពេលវេលា៕
ដោយ ប៊ុន រដ្ឋា

ads banner