ថ្នាក់ដឹកនាំ និងក្រុមការងារឃុំបឹងព្រះ បន្តទទួលយកសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋលើការងារកសាង និងអភិវឌ្ឍមូលដ្ឋាន
ខេត្តព្រៃវែង ៖ ឯកឧត្តម អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជាតិចុះជួយឃុំបឹងព្រះ អញ្ជើញជួបសំណេះសំណាលជាមួយតំណាងជាប្រជាពលរដ្ឋនៅក្នុងភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម អ៉ីវ លាង ប្រធានក្រុមការងារឃុំ បានលើកឡើងពីផែនការអភិវឌ្ឍឃុំ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសារៈសំខាន់នៃការចូលរួមផ្តល់កិច្ចសហការនិងរាយការណ៍ហេតុការណ៍នានាពីបងប្អូនប្រជាជនមកអាជ្ញាធរ។ ឆ្លៀតឱកាសនោះ ឯកឧត្តម បានលើកទឹកចិត្តដល់បងប្អូនករណីដែលបានរាយការណ៍ឱ្យដឹងពីការឆក់ត្រី លួចឆក់ប្លន់ ក្មេងទំនើងវ៉ៃគ្នាជាដើម ។ ហើយ ឯកឧត្តម បានស្នើសុំចូលរួមរាយការណ៍ពីអ្នកទីទាល់ជួបការលំបាក មកក្រុមការងារ ដើម្បីជួយសម្រួលជូនគាត់តាមលទ្ធភាពជាក់ស្តែងផងដែរ។
ឯកឧត្តម ក៏បានអនុញ្ញាតជូនបងប្អូនប្រជាពលរដ្ឋលើកឡើងពីសំណូមពរនានា ក្នុងនោះមាន ស្នើសុំចាក់ដីបំពេញជង្ហុកតាមដងផ្លូវ កាយប្រឡាយទឹកប្រមាណ៨០០ម៉ែត្រ និងដាក់លូរំដោះទឹក ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមបានទទួលយកទាំងអស់ ដោយឡែកសម្រាប់ការកាយប្រឡាយទឹក និងដាក់លូ ឯកឧត្តមបានប្រគល់ជូនក្រុមការងារភូមិជាមួយឃុំ សិក្សាពិនិត្យដើម្បីទទួលយកបានទាំងអស់គ្នា ជៀសវាងអ្នកខាងលើសប្បាយ តែអ្នកខាងក្រោមបែរជាមិនសប្បាយទៅវិញ ៕ ដោយ-រ៉ាវុធ