ការប្រណាំងទូក”ង” នៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងមានភាពសប្បាយរីករាយ

កំពត ៖ ការប្រណាំងទូក”ង “ខ្នាត់ប្រពៃណី ១៣គូ ក្នុងរយៈចម្ងាយ ៨០០ម៉ែត្រ នៅលើដងព្រែក ឆ្នេរខ្សាច់កោះស្មៅ បានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយ ដែលទទួលបាន ភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ចំនួន ជាង ៤២មុឺននាក់ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ១ពាន់ពីរយនាក់ រយ:ពេលពីរថ្ងៃនៃពិធីបុណ្យអំទូក នេះបើតាមការឱ្យដឹងអំពី លោក សយ សុីណុល ប្រធានមន្ទីរទេសចរខេត្តកំពត។

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានសន្យាថា នឹងរៀបចំការប្រណាំងទូក “ង”ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ភាពសប្បាយរីករាយផង និងអភិរក្សកីឡាប្រណាំងទូក “ង “ដែលជាកេរដំណែលដូនតាបន្សល់ទុកឲ្យតាំងពីបុរមបុរាណមកផង។

ថ្លែងនៅក្នុងកម្មវិធីបិទការប្រណាំងទូកង ខ្នាត់ប្រពៃណីនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា បើទោះជាឆ្នាំនេះ ជាឆ្នាំដំបូងដែលរដ្ឋបាលខេត្ត រៀបចំការប្រណាំងទូក ង ក៏ពិតមែន ប៉ុន្តែកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ ហើយរយៈពេលពីថ្ងៃនេះ គ្មានបញ្ហាអ្វីកើតឡើង ចំពោះកីឡាករចំណុះទូកនិមួយៗនោះទេ។ ម្យ៉ាងទៀតតាមការសង្កេតពិនិត្យជាក់ស្តែងឃើញថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករទូកងយ៉ាងខ្លាំង ហើយក្នុងនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ សប្បុរសជនដែលបានឧបត្ថម្ភចំពោះកីឡាករទូក ង ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែអធិកអធមថែមទៀត ។

លទ្ធផលប្រណាំងទូកចំណាត់ថ្នាក់លេខ១ បានទៅលើទូកដែលមានឈ្មោះថា “នារីសែនជ័យបារមីលោកយាយម៉ៅ” ជាទូករបស់សមាគមនារី និងមន្ទីរកិច្ចការនារីខេត្ត ទទួលបានពាន១ និងប្រាក់រង្វាន់ចំនួន ៤០លានរៀល, លេខ២ បានទៅលើទូក “ដែនដីបុព្វតាមហានាគសែនជ័យ” ជាទូករបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទទួលបានពាន១ និងប្រាក់រង្វាន់ចំនួន ៣៥លានរៀល, លេខ៣ បានទៅលើទូក “សភាពាណិជ្ជកម្មកំពត កែបសែនជ័យ” ជាទូករបស់សភាពាណិជ្ជកម្មកំពត-កែប ទទួលបានពាន១ និងប្រាក់រង្វាន់ចំនួន ៣០លានរៀល និងលេខ៤ បានទៅលើទូក “កំពតសែនជ័យបារមីលោកតាទីង” ជាទូកឧបត្ថម្ភដោយឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត។ ដោយឡែកទូកដែលមិនជាប់ចំណាត់ថ្នាក់ផ្សេងទៀត ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១០លានរៀលស្មើគ្នាផងដែរ ៕ Sila Sarin

ads banner