សង្គមស៊ីវិល និងរដ្ឋាភិបាលរួមគ្នាបញ្រ្ជាបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសម្រាប់ពលរដ្ឋកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺសំដៅលើការមានចំណេះដឹង មានការគិតស៊ីជម្រៅលើមាតិ កាដែលចែករំលែកតាមបណ្ដាញសង្គម។ ជាគោលដៅរួមមួយរបស់ភាគីរដ្ឋាភិបាល និងអង្គការសង្គម ស៊ីវិល ក្នុងការធ្វើយ៉ាងណាបញ្រ្ជាបចំណេះដឹងនេះទៅកាន់ពលរដ្ឋកម្ពុជា ជាពិសេសពីស្រទាប់យុវជន ដែលជាវ័យសកម្មក្នុងការប្រើប្រាស់បណ្ដាញសង្គម។

ជាការពិត! ការផ្លាស់ប្ដូរនេះមិនមែនជារឿងងាយស្រួលទេ តែក៏មិនមែនមានន័យថា វាមិនអាចសម្រេចបាននោះដែរ។ ការណ៍នេះអាចជោគជ័យទៅបាន ដោយទាមទារឱ្យមាន ពេលវាលាច្រើន និងត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។

នៅកម្ពុជា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុង ដំណាក់កាលនៃជំងឺកូវីដ១៩។ ការកើនឡើងនៃអ្នកប្រើប្រាស់ទាំងនេះ បានបង្កជាផលប៉ះពាល់មួយផ្នែកដល់ការចែកចាយព័ត៌មានមិនពិត ជាហេតុធ្វើឱ្យមានការភាន់ច្រឡំ និងចលាចលជាញឹកញាប់។

ដោយមូលហេតុនេះ ក្រសួងអប់រំបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីពង្រឹង ចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឡើងវិញ។ ក្នុងនោះមានការសហការជាមួយគម្រោង DW Akademie ដើម្បីពង្រឹងសមត្ថិភាពគ្រូបង្រៀន ក្នុងការឈានទៅបណ្ដុះបណ្ដាលសិស្សនៅកម្រិត វិទ្យាល័យផងដែរ។

អ្នកស្រី សេង ស៊ីណែត អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំបានរៀបរាប់ថា៖ «យើងមិនត្រឹមតែបណ្ដុះបណ្ដាលក្នុងស្រទាប់សិស្សសកលវិទ្យាល័យប៉ុណ្ណោះទេ ថ្មីៗនេះយើងក៏បាន ពង្រីកចុះទៅថ្នាក់វិទ្យាល័យផងដែរ ដើម្បីឱ្យពួកគេបានយល់ដឹងតាំងពីវ័យនោះទៅ។»

ប៉ុន្តែយ៉ាងណា សកម្មភាពទាំងនេះក៏នៅប្រឈមនឹងបញ្ហាមួយចំនួន ក្នុងនោះគឺការយកចិត្តទុកដាក់ របស់សិស្សផ្ទាល់ ដោយហេតុថាពួកគេមានកាតព្វកិច្ចត្រូវផ្ដោតសំខាន់លើការប្រឡងមធ្យមសិក្សា ទុតិយភូមិ ដូច្នេះតិចឬច្រើន គុណភាពនៃការយល់ដឹងគឺនៅមានកម្រិត។

ក្រៅពីនោះ ក៏មានផងដែរនូវការចេញសៀវភៅសិក្សាគោល ដើម្បីជួយសម្រួលដល់ការបង្រៀន និងរៀនក្នុងកម្រិតមូលដ្ឋាន។ និងមានវេបសាយផ្លូវការរបស់នាយកដ្ឋានក្នុងការចែករំលែកមាតិកា គ្រប់ប្រភេទពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផងដែរ។

ចំណែកអង្គការយូណេស្កូប្រចាំនៅកម្ពុជាវិញ ក៏បានធ្វើការច្រើនផងដែរ លើការបញ្រ្ជាបចំណេះដឹងផ្នែកនេះ។ មួយក្នុងចំណោមសកម្មភាពជាច្រើនទៀតគឺ សហការជាមួយក្រសួងប្រៃសនីយ៍ តាមរយៈការផ្ដល់ជាជំនួយបច្ចេកទេស ក្នុងការស្រាវជ្រាវកំណត់លើទិន្នន័យនៃកម្រិតយល់ដឹងរបស់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីងាយស្រួលដល់ភាគីពាក់ព័ន្ធក្នុងការចេញជាសកម្មភាពឱ្យ ឆ្លើយតបទៅនឹងកម្រិតចំណេះដឹងជាក់ស្ដែង។

លោក ស ចាន់ដារ៉ា ប្រធានគម្រោង DW Akademie ប្រចាំកម្ពុជា ដែលជាអ្នកជំនាញធ្វើការរាប់ឆ្នាំ លើបញ្ហានេះបានមើលឃើញពីបញ្ហាជាក់ស្ដែង ព្រមទាំងទាមទារការចូលរួមពីបុគ្គលគ្រប់រូប ដែលជា អ្នកប្រើប្រាស់បណ្ដាញសង្គម។

លោក ស ចាន់ដារ៉ា មានប្រសាសន៍ថា៖ «យើងមិនដាក់គំនាបលើនរណាម្នាក់ ឬទំលាក់ថាជាកំហុសរបស់អ្នកណាទេ ប៉ុន្តែយើងឃើញសកម្មភាពនេះដូចគ្នា ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា… អ្នកទាំងអស់គ្នាសុទ្ធតែមានសេរីភាពក្នុងការចូលរួម»។

បន្ថែមពីការចូលរួម លោកក៏បានចែករំលែកនូវវិធីសាស្រ្តមួយចំនួនដែលអ្នកប្រើប្រាស់អាចអនុវត្ត ដើម្បីចៀសវាងនូវការធ្លាក់ចូលទៅជាជនរងគ្រោះនៃមាតិកាក្លែងក្លាយ។ លោកបានចែករំលែកពីមូល ដ្ឋានគ្រិះក្នុងការកំណត់សម្គាល់ថាព័ត៌មាននោះជាព័ត៌មានមិនពិត តាមរយៈការពិនិត្យមើលលើចំណងជើង កាលបរិច្ឆេទ ទីតាំងនៃសាច់រឿង ខ្លឹមសារ និងចុងក្រោយការតាមដានលើស្ថាប័នព័ត៌មានគួរទុកចិត្ត តើមានផ្សព្វផ្សាយព័ត៌មានដែលអ្នកអានកំពុងតែឃើញនេះឬទេ?

លោកបញ្ជាក់ថា បើនោះជារឿងធំ ច្បាស់ជាមានស្ថាប័នព័ត៌មានធំៗចុះផ្សាយដែរ ប៉ុន្តែបើមិនមានចុះផ្សាយទេនោះ ភាគរយនៃដែលព័ត៌មាននោះជាព័ត៌មានមិនពិតគឺមានកម្រិតខ្ពស់។ ត្រឡប់មកវិញ លោកគូសបញ្ជាក់ថា ពលរដ្ឋដើរតួសំខាន់ណាស់នៅក្នុងសង្គម ដូច្នេះហើយពួកគេត្រូវមានទំនួល ខុសត្រូវក្នុងនាមជាពលរដ្ឋ បើមិនដូច្នោះទេ សង្គមកម្ពុជាពិបាកនឹងរីកចម្រើនទៅមុខណាស់។

តាមរយៈការរួមគ្នាធ្វើការលើអក្ខកម្មប្រព័ន្ធផ្សព្វផ្សាយនេះ ទាំងអង្គការសង្គមស៊ីវិល ទាំងរាជរដ្ឋាភិបាលសង្ឃឹមថា នឹងមានការចូលរួមកាន់តែច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់អក្ខរកម្មប្រព័ន្ធ ផ្សព្វផ្សាយឱ្យទៅមុខរួមជាមួយការបណ្ដុះបណ្ដាល ឈានឱ្យបានសម្រេចនូវគោលនយោបាយមួយ ប្រកបដោយចីរភាពដែលមានចែងនៅក្នុងផែនការ SDGទី៤។

គួរបញ្ជាក់ថា វេទិកាពិភាក្សារួមគ្នារវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលនេះ ត្រូវបានរៀបចំឡើងដោយអង្គការយូណេស្កូប្រចាំកម្ពុជា សហការជាមួយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ៕
ដោយ៖កែវ បុស្បា

ads banner