ប្រធានាធិបតីឥណ្ឌូនេស៊ីជឿជាក់ថា លោក ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទទី០៧ ខែវិច្ឆិកាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ G20 នាពេលខាងមុខនេះ នៅឯកោះបាលីនោះទេ។
លោក វីដូដូ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ថា គាត់ជឿជាក់ថា មេដឹកនាំរុស្ស៊ីនឹងរំលងព្រឹត្តិការណ៍នេះ។ លោក វីដូដូ បានបញ្ជាក់ថា រុស្ស៊ីត្រូវបានស្វាគមន៍នៅក្នុងកិច្ចប្រជុំកំពូល ហើយបានសម្តែងការព្រួយបារម្ភថា ការប្រមូលផ្តុំអាចត្រូវបានគ្របដណ្ដប់ដោយការកើនឡើង “គួរឱ្យព្រួយបារម្ភ” នៅក្នុងភាពតានតឹងអន្តរជាតិ។
លោកថា “G20 មិនមែនមានន័យថា ជាវេទិកានយោបាយទេ… វាសំដៅទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍ។ កិច្ចប្រជុំកំពូល G20 នឹងក្លាយជាការជួបជុំលើកដំបូងរបស់មេដឹកនាំ នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក វីដូដូ ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបាននិយាយថា លោកនឹងមិនចូលរួម ប្រសិនបើលោក ពូទីន នៅទីនោះ។ ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា