នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ឯកភាពគ្នាជំរុញឱ្យមានការហោះហើរត្រង់ពីខេត្ត ឬពីទីក្រុងធំៗ ទៅវិញទៅមក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានឯកភាពគ្នាជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្រោយជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរ ទាំងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ផាម មិញជិញ បានឯកភាពគ្នា ជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះ ក៏មានការឯកភាពគ្នា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល និងជាពិសេស លើវិស័យដទៃទៀតផងដែរ ។

សូមជម្រាបថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមមានជើងហោះពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines និងបានចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat ដែលជាព្រឹតិ្តការណ៍បើកដំណើរការអាកាសចរណ៍អន្តរជាតិរបស់វៀតណាម បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានធូរស្រាល ។

ប្រទេសទាំងពីរ វៀតណាម-កម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាតម្រូវការធ្វើដំណើររបស់អាណិកជនវៀតណាមនៅកម្ពុជា តម្រូវការពិនិត្យសុខភាព និងព្យាបាលជំងឺរបស់ប្រជាជនកម្ពុជានៅវៀតណាម បន្ទាប់ពីមានការលំបាកក្នុងការធ្វើដំណើរអស់រយៈពេលជាយូរដោយសារជំងឺរាតត្បាត ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner