នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព ជាពិសេស លើវិស័យសេដ្ឋកិច្ច
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្រោយជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរ ទាំងសម្ដេចតេជោ និងឯកឧត្តម ផាម មិញជិញ ក៏បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។
សូមជម្រាបថា តាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ បានឲ្យដឹងថា គិតក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានចំនួនប្រមាណ ៤,៦៣ពាន់លានដុល្លារ កើនឡើងប្រមាណ ២២ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់វៀតណាម មានតម្លៃ ប្រមាណ ១,៥៥ពាន់លានដុល្លារ បានកើនឡើង ៣,១ភាគរយ។ ចំណែកឯការនាំចូលពីវៀតណាម មកកម្ពុជា មានតម្លៃ ប្រមាណ ៣,០៧ពាន់លានដុល្លារ ៕ ស៊ូ វណ្ណលុក



