គ.ជ.ប ចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចំនួន២៦៦១នាក់

ភ្នំពេញ​៖ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានចំនួន២៦៦១នាក់។

គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេស ដែលជាសមាជិកនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ គ.ជ.ប បន្តថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទី។

គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិដែលត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតដែលបានអនុម័តដោយ គ.ជ.ប៕
ដោយ៖ពលជ័យ

ads banner