ថៃ លុបចោលផែនការអនុញ្ញាតឱ្យជនបរទេសអាចទិញដីធ្លីបាន

ថៃ៖ មន្ត្រីរដ្ឋាភិបាលថៃម្នាក់បាននិយាយនៅថ្ងៃអង្គារ ទី៨វិច្ឆិកាថា រដ្ឋាភិបាលកំពុងដកចេញនូវគោលនយោបាយដែលអនុញ្ញាតឱ្យជនបរទេស អាចមានសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងទឹកដីថៃបាន។ ការប្រកាសខាងលើ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មប្រឆាំងនឹងផែនការនេះពីសាធារណជន។

កាលពីប៉ុន្មានខែមុន រដ្ឋាភិបាលថៃបានប្រកាសពីគម្រោងផែនការដែលមានបំណងទាក់ទាញការវិនិយោគពីបរទេស ដោយកំណត់ឲ្យជនបរទេសអាចមានសិទ្ធិទិញផ្ទៃដីក្នុងទំហំ ០,១៦ ហិកតា ប្រសិនបើពួកគេ វិនិយោគក្នុងទឹកប្រាក់យ៉ាងតិចចំនួន ៤០លានបាត (១,០៧ លានដុល្លារអាមេរិក) ជាមូលបត្រ ឬមូលបត្របំណុលយ៉ាងហោចណាស់រយៈពេលបីឆ្នាំ។

ផែនការនេះ ទទួលបានប្រតិកម្មប្រឆាំងជាច្រើនពីមតិសាធារណជនថៃ។ ក្រុមអ្នករិះគន់ បានលើកឡើងថា ផលចំណេញដែលបានមកពីផែនការនេះគឺតិចតួច និងថាគោលនយោបាយនេះ អាចរុញច្រានឱ្យតម្លៃអចលនទ្រព្យកើនឡើង ពោលគឺធ្វើឱ្យបាត់បង់ភាពជាម្ចាស់កម្មសិទ្ធិក្នុងស្រុក។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក អានុឆា ប៊ូរ៉ាប៉ាឆៃស្រី (Anucha Burapachaisri) បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា៖ «ក្រសួងមហាផ្ទៃ បានដកសំណើ…ស្តាប់មតិយោបល់ពីគ្រប់ភាគីទាំងអស់ ដើម្បីឲ្យផែនការនេះមានភាពគ្រប់ជ្រុងជ្រោយ»។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក អានុពុង ប៉ាវឈីនដា (Anupong Paochinda) បានហៅរឿងនេះថាបញ្ហារស៊ើបខ្លាំង និងត្រូវដោះស្រាយយ៉ាងប្រុងប្រយ័ត្ន និងបាននិយាយទៀតថា ការសិក្សាមួយគឺចាំបាច់ត្រូវធ្វើដើម្បីថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ។

គួរជ្រាបថា រដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទាក់ទាញការវិនិយោគពីបរទេសដើម្បីជំរុញសេដ្ឋកិច្ច រួមមានទាំងគម្រោងទិដ្ឋាការរយៈពេលវែង និងការបន្ធូរបន្ធយពន្ធលើប្រាក់ចំណូលសម្រាប់ ជនបរទេសដែលមានសក្តានុពលខ្ពស់ អ្នកចូលនិវត្តន៍ដែលសម្បូរទ្រព្យ និងអ្នកដែលមានជំនាញ។

ជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២របស់អាស៊ីអាគ្នេយ៍ ថៃត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ៣,៣ភាគរយ នៅឆ្នាំ២០២២ ហើយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលថៃបានក្លាយជាគោលដៅដ៏ពេញនិយមបំផុតមួយនៅអាស៊ីសម្រាប់ជនបរទេស អាជីវកម្ម និងអ្នកចូលនិវត្តន៍មកពីបណ្តាប្រទេសលោកខាងលិច៕
ដោយ៖ លី លីយ៉ា

ប្រភពព័ត៌មាន៖
Thailand scraps plan to allow foreigners to buy land

ads banner