ក្រុមរាជសីហ៍ឈ្នះថៃយកបានតំណែងជើងឯកថាសហោះមហាអនុតំបន់ទន្លេមេគង្គ ២០២២
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល០២ថ្ងៃ ក្រុមរាជសីហ៍របស់កម្ពុជា ក្រសោបបានតំណែងជើងឯកព្រឹត្តិការណ៍កីឡាថាសហោះមហាអនុតំបន់ទន្លេមេគង្គ ប្រចាំឆ្នាំ២០២២ ឬ Mekong Cup ក្រោយឈ្នះក្រុមជម្រើសជាតិថៃអាយុក្រោម២៤ឆ្នាំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។
ដោយឡែកចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Siamian មកពីប្រទេសសិង្ហបុរី ដែលបានយកឈ្នះក្រុមវៀតណាម Saigon Chaos ដោយលទ្ធផល ៧ទល់នឹង៤។
គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាថាសហោះពានរង្វាន់មហាអនុតំបន់ទន្លេមេគង្គ ឆ្នាំ២០២២ និងជាលើកទី០៩ នេះប្រព្រឹត្តទៅពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ ខែវិច្ឆិកា នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ
ដោយមានការចូលរួមពីក្រុមចំនួន៨មកពី៤ប្រទេស គឺម្ចាស់កម្ពុជា (៣ក្រុម), វៀតណាម (២ក្រុម), ថៃ (២ក្រុម) និងសិង្ហបុរី (១ក្រុម) ។
ព្រឹត្តិការណ៍ក្នុងឆ្នាំ២០២២នេះរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
ក្នុងពិធីបិទការប្រកួត ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងសរសើរការខិតខំប្រឹងប្រែងរបស់ក្រុមទាំងអស់ដែលបានចូលរួមព្រឹត្តិការណ៍កីឡាថាសហោះមហាអនុតំបន់ទន្លេមេគង្គនេះ។
ឯកឧត្តម សំហេង បុរស សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិនេះនឹងជំរុញទឹកចិត្តដល់កីឡាករកីឡាការិនីដែលជាយុវជន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថាសហោះពានរង្វាន់មហាអនុតំបន់ទន្លេមេគង្គឬ Mekong Cup ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១២។ អ្វីដែលពិសេសនោះ គឺក្រុមមកពីកម្ពុជាដណ្ដើមបានតំណែងជើងឯក៣លើកជាប់គ្នា ពោលមុនការឈ្នះរបស់ក្រុមរាជសីហ៍ ឆ្នាំ២០២២ ក្រុម SWA Ultimate បានគ្រប់គ្រងពានក្នុងឆ្នាំ២០១៨ និង២០១៩៕ជាវ ចន្ធូ


