លោកស្រី ស៊ុ សុខា ទទួលបានការគាំទ្រដឹកនាំសហព័ន្ធកីឡាបាល់ឳបកម្ពុជា អាណត្តិថ្មី ឆ្នាំ២០២២-២០២៦
ភ្នំពេញ៖លោកស្រី ស៊ុ សុខា ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ឳបកម្ពុជាអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីសមាជិកប្រវត្តិបតិ និងក្លិបទំាង ២៨ រូបបានបោះឆ្នោតឲ្យកាលពីចុងសប្តាហ៍នេះ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិ។
ក្នុងឳកាសមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុករួម និងលោក កាំង សុធា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សម្រាប់អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ មានសមាជិកប្រតិបត្តិ១១រូបរួមមាន៖លោកស្រី ស៊ុ សុខា ជាប្រធានថ្មី លោក ខេង សុភាព លោក លន់ សាមឌី លោក ម៉ូណាំង ហ្វីលីព អនុប្រធាន លោក ពេជ្រ រតនា អគ្គលេខាធិការ លោក ចន សាមឺឌី លោក ផាន សុភា លោក អ៊ុក ដារ៉ា អគ្គលេខាធិការរង លោក យ៉ន វ៉ាន់ថា អគ្គហិរញ្ញិក លោក អ៊ុត វុទ្ធី និងលោក ជ្រូ គឹមសៀង សមាជិក។
លោកស្រី ស៊ុ សុខា ជាប្រធានថ្មីបានមានប្រសាសន៍ថា កីឡាបាល់ឳបជាប្រភេទកីឡាជាក្រុមយើងត្រូវការវិន័យ និងសាមគ្គីភាពជាធ្នុងមួយដ៏រឹងមាំក្នុងក្រុមទើបធ្វើឲ្យយើងទទួលជោគជ័យរាល់ការប្រកួតនានាទំាងជាតិ និងអន្តរជាតិ។ សព្វថ្ងៃនេះសហព័ន្ធនឹងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ និងការប្រកួតកមិ្រតអន្តរជាតិនានាពេលខាងមុខនេះ៕ជាវ ចន្ធូ


