មេទាហានអាមេរិកអះអាងថា ទាហានរុស្ស៊ីជាង ១០ ម៉ឺននាក់ស្លាប់ និងរងរបួសនៅអ៊ុយក្រែន
អាមេរិក៖ឧត្តមសេនីយកំពូលអាមេរិក លោក Mark Milley បានប៉ាន់ប្រមាណកាលពីថ្ងៃពុធ ទី ៩ ខែវិច្ឆិកា ថា យោធារបស់រុស្ស៊ីចំនួន ១០ ម៉ឺននាក់ បានស្លាប់ និងរងរបួសនៅអ៊ុយក្រែន ហើយបន្ថែមថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏អាចមានកម្រិតប្រហាក់ប្រហែលគ្នានេះដែរ។
ការអះអាងរបស់លោក Milley គឺជាការផ្ដល់ប៉ាន់ប្រមាណខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកអំពីចំនួនយោធាស្លាប់ និងរងរបួស នៅពេលដែលការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីអូសបន្លាយជិត ៩ ខែ និងខណៈដែលអ្នកជំនាញបានលើកឡើងពីឱកាសសម្រាប់ការចរចាគ្នាលើផ្នែកមួយចំនួននៅរដូវរងានេះ។
មុនការអះអាងនេះ រុស្ស៊ីបានប្រកាសថា កងទ័ពរបស់ខ្លួននឹងដកចេញពីច្រាំងខាងលិចនៃទន្លេនីប៉ឺរ ក្បែរទីក្រុងឃឺសុន នៃភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលជាតំបន់យុទ្ធសាស្រ្តមួយសម្រាប់ទីក្រុងម៉ូស្គូ និងជាចំណុចរបត់ដ៏មានសក្តានុពលនៅក្នុងសង្គ្រាម។
អ្នកជំនាញខ្លះលើកឡើងថា ការដកថយរបស់រុស្ស៊ីអាចអនុញ្ញាតឱ្យអ៊ុយក្រែនចរចាពីទីតាំងនៃកម្លាំង ខណៈអ្នកផ្សេងទៀតអះអាងថា រុស្ស៊ីអាចប្រើការចរចាដើម្បីមានពេលកំណត់ និងពង្រឹងកម្លាំងរបស់ខ្លួនឡើងវិញ សម្រាប់ការវាយលុកជាថ្មី។
ជុំវិញបញ្ហានេះ លោក Milley បាននិយាយថា សូចនាករដំបូងបង្ហាញថា រុស្ស៊ីកំពុងធ្វើតាមការដកខ្លួនចេញពីឃឺរសុន ប៉ុន្តែវានឹងអាចចំណាយពេលច្រើន ព្រោះរុស្ស៊ីមានកងកម្លាំងប្រហែលពី ២០ ០០០ ទៅ ៣០ ០០០ នាក់នៅភាគខាងជើងនៃទន្លេនីប៉ឺរ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «វានឹងចំណាយពេលជាច្រើនថ្ងៃ ហើយប្រហែលអាចជាច្រើនសប្តាហ៍ផង ដើម្បីដកកងកម្លាំងទៅភាគខាងត្បូងនៃទន្លេ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ មិនធ្វើអន្តរាគមន៍ដោយផ្ទាល់នៅអ៊ុយក្រែនទេ ប៉ុន្តែបានផ្ដល់ជំនួយសព្វាវុធ ការប្រឹក្សាយោបល់ និងលទ្ធភាពផ្សេងៗ ដើម្បីប្រឆាំងនឹងកងទ័ពឈ្លានពានរុស្ស៊ី។
លោក Milley បានបន្តថា រហូតមកដល់ពេលនេះ ជម្លោះធ្វើឱ្យជនជាតិអ៊ុយក្រែនភៀសខ្លួនពី ១៥ ទៅ ៣០ លាននាក់ ខណៈជនស៊ីវិលប្រហែល ៤០ ០០០ នាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាម។ នៅពេលលើកឡើងថា ទាហានរុស្ស៊ី ១០០ ០០០ នាក់ស្លាប់ និងរងរបួស ដែលដូចគ្នានឹងកងទ័ពអ៊ុយក្រែនដែរ លោក Milley និយាយថា៖ «មនុស្សជាច្រើនត្រូវរងទុក្ខ»។
ទោះបីជាចំនួនអ្នកស្លាប់មានច្រើនក៏ដោយ មន្ត្រីអាមេរិកនានាបាននិយាយថា រុស្ស៊ីមិនអាចសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយបានចោទជាសំណួរអំពីរយៈពេលដែលរុស្ស៊ីអាចទប់ទល់នឹងការលុកលុយ ដែលសម្លាប់ និងបំផ្លាញធនធានយោធារបស់ខ្លួនជាច្រើន។
ជុំវិញតួរលេខនៃចំនួនកងទ័ពស្លាប់ រុស្ស៊ីមិនបានប្រតិកម្មយ៉ាងណាទេ។ កាលពីខែមីនា រុស្ស៊ីអះអាងថា កងទ័ពរបស់ខ្លួនតែជាង ១ ៣០០ នាក់ប៉ុណ្ណេះបានស្លាប់នៅអ៊ុយក្រែន ហើយតួលេខនេះបានកើនដល់ជិត ៦ ០០០ នាក់នៅចុងខែកញ្ញា ដែលជាការធ្វើបច្ចុប្បន្នចុងក្រោយពីមន្រ្តីកំពូលរុស្ស៊ី៕
ដោយ៖ហួន ឌីណា ប្រភព៖ More than 100,000 Russian military casualties in Ukraine