អ៊ីរ៉ង់ប្រកាសអំពីជោគជ័យនៃការផលិតមីស៊ីលអ៊ីពែរសូនិក

អ៊ីរ៉ង់៖មេបញ្ជាការ​អង្គភាព​អវកាស​ឆ្មាំ​បដិវត្តន៍​របស់អ៊ីរ៉ង់ លោកឧត្តមសេនីយ Amirali Hajizadeh បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា​នេះ​ថា អ៊ីរ៉ង់​បាន​ផលិត​មីស៊ីលអ៊ីពែរសូនិក (Hypersonic) ជា​ប្រភេទ​មីស៊ីល​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង និង​​មាន​សមត្ថភាព​វាយ​ប្រហារ​គ្រប់​ប្រព័ន្ធ​ការពារ​ទាំង​អស់​។

មីស៊ីលអ៊ីពែរសូនិក Hypersonic គឺ​ជា​មីស៊ីល​ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ និង​អាច​ហោះ​បាន​លឿន​ជាង​សំឡេង​ដល់​ទៅ​៥​ដង​​ឯ​ណោះ​ ពោលគឺ ចាប់​ពីប្រាំមួយពាន់​គីឡូម៉ែត្រ​ក្នុងមួយម៉ោងឡើងទៅ។ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​អ៊ីរ៉ង់ Fars បាន​ស្រង់​សម្ដី​លោក​ឧត្តមសេនីយ Hajizadeh ថា មីស៊ីល​អ៊ីពែរសូនិក​ដែល​អ៊ីរ៉ង់​ផលិត​នេះ ធ្វើ​ឡើង​ដើម្បី​ទប់ទល់​នឹង​ប្រព័ន្ធ​ការពារដែន​អាកាស និង​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីស៊ីល​ទាំង​អស់​។

លោក Haijizadeh បាន​ថ្លែង​ដោយ​អំនួត​និង​ភាព​ជឿជាក់​ថា ប្រទេស​ដទៃ​ត្រូវ​ប្រើ​ពេល​យូរ​ទៀត គឺ​ជា​ច្រើន​ទសវត្សរ៍​ទៀត មុន​ពេលអាច​ផលិត​ប្រព័ន្ធ​ការពារ​ឬ​ប្រព័ន្ធ​ចាប់​ស្ទាក់​មីស៊ីល​អ៊ីពែរសូនិក​ដែល​អ៊ីរ៉ង់​ទើប​តែ​ផលិត​បាន​នេះ​។ សម្រាប់​ឧត្តមសេនីយ Haijizadeh មីស៊ីល​អ៊ីពែរសូនិក​របស់​អ៊ីរ៉ង់​នេះ ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពី​ការលោតផ្លោះ​ដ៏អស្ចារ្យនៅក្នុងវិស័យផលិត​មីស៊ីល​របស់​អ៊ីរ៉ង់​។

គួរ​កត់​សម្គាល់​ថា ការ​ប្រកាស​នេះ​ធ្វើ​ឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​​ថា ​ខ្លួន​បាន​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​រុស្ស៊ី។ ចំណែកកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី១៦ ខែតុលាថា អ៊ីរ៉ង់​កំពុងរៀបចំបញ្ជូនមីស៊ីលទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែទីក្រុងតេអេរ៉ង់បានច្រានចោលរបាយការណ៍នេះថា មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ​។

ទាំងអ៊ីរ៉ង់ និងរុស្ស៊ី សុទ្ធតែជាគោលដៅដោយការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង។ អ៊ីរ៉ង់​រង​ការ​ដាក់​ទណ្ឌកម្មដោយ​សារតែ​ប្រទេស​នេះ រឹង​ទទឹង​មិន​ព្រម​បន្ទន់​ជំហរ​ដើម្បី​ស្ដារ​​កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើង​វិញ​។ ចំណែក​រុស្ស៊ីវិញ រង​ទណ្ឌកម្ម ចាប់តាំងពីប្រទេស​នេះ​បានចូល​ឈ្លានពានអ៊ុយក្រែនតាំង​ពី​ខែកុម្ភៈ។

ប្រទេសទាំងពីរ គឺ​អ៊ីរ៉ង់​និង​រុស្ស៊ី បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មទាំង​នេះ ដោយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​សំខាន់ៗ ដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់ពួកគេ។

កាល​ពី​ខែ​មីនា រដ្ឋបាល​អាមេរិករបស់​លោក ចូ បៃដិន ​បានសម្រេច​​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ទាក់ទង​នឹង​សកម្មភាព​​មីស៊ីល​របស់​ប្រទេស​នេះ​។ អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ក្នុង​ខែ​មីនា​នោះថា វិធានការដាក់ទណ្ឌកម្មនេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​នឹង​ការវាយប្រហារដោយមីស៊ីល​របស់អ៊ីរ៉ង់ ទៅលើទីក្រុង Arbil ប្រទេសអ៊ីរ៉ាក់ ក៏ដូចជាការវាយប្រហារមីស៊ីល​សំណាក់ភ្នាក់ងារអ៊ីរ៉ង់ ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម។

សហរដ្ឋអាមេរិក ចាត់​ទុក​ការអភិវឌ្ឍន៍ និងការរីកសាយភាយនៃមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ថាជាកំពុងតែ​បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕

ដោយ៖កែវ កិរិយា

ads banner