អ្នកជំនាញ៖ កម្ពុជាគួរជំរុញឲ្យមានការបើកស្ថានទូតរវាងកម្ពុជា និងកាណាដា
ភ្នំពេញ៖ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងភូមិសាស្ត្រនយោបាយយល់ថា កម្ពុជាគួរជំរុញឲ្យមានការដាក់ស្ថានទូតរវាងកម្ពុជានិងកាណាដា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងទំនាក់ទំនងនិងពាណិជ្ជកម្ម ដែលកាណាដាក៏ជាមហាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជឿនលឿនទាំង២០(G-20) ក្នុងសកលលោក។
អ្នកតាមដាននយោបាយអន្តរជាតិយល់ឃើញថា កម្ពុជាគួរចាប់យកឱកាសបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កាណាដា ក្នុងពេលដែលនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau មកបំពេញទស្សនកិច្ចផ្លូវការក្នុងក្របខណ្ឌអាស៊ាននារាជធានីភ្នំពេញ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា មើលឃើញថា វត្តមានរបស់នាយករដ្ឋមន្ត្រីកាណាដានៅកម្ពុជា ជាការសបញ្ជាក់ឲ្យឃើញពីការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីក្នុងក្របខណ្ឌអាស៊ានក្តី ។ ប៉ុន្តែវាជាការឲ្យតម្លៃដល់កម្ពុជាជាម្ចាស់ផ្ទះពីសំណាក់ប្រទេសមហាអំណាចទាំងនោះតួយ៉ាងកាណាដា សហរដ្ឋអាមេរិក ចិន ឥណ្ឌាជាដើម ដែលយលព្រមទទួលការអញ្ជើញរបស់កម្ពុជា ហើយកម្ពុជាក្លាយជានិយ័តករសំខាន់ក្នុងបញ្ហាតំបន់ និងពិភពលោកក្នុងកែវភ្នែកប្រទេសមហាអំណាច។
លោកបណ្ឌិតគិន ភា ៖ «វត្តមានរបស់មេដឹកនាំកាណាដាស្របជាមួយមេដឹកនាំពិភពលោកសំខាន់ៗផ្សេងៗទៀត រាប់ទាំងសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប អង្គការសហហប្រជាជាតិ បង្ហាញពីសមត្ថភាពក្នុងការសម្របសម្រួលរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំទាំងនេះ ហើយជានយោបាយការបរទេសមួយដែលមានយើងមានភាពចម្រុះ »។
សម្រាប់ស្ថានភាពទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដា លោកបណ្ឌិត គិន ភា យល់ថា ទំនាក់ទំនងនៃរដ្ឋទាំងពីរកំពុងវិវត្តទៅមុខជាសហវិជ្ជមានដោយមិនមានភាពរកាំរកូសណាមួយឡើយ ក្នុងពេលបច្ចុប្បន្ននេះ ហើយកាណាដាក៏ជាដៃគូរអភិវឌ្ឍន៍ប្រទេសដ៏សំខាន់សម្រាប់កម្ពុជាផង ក្នុងវិស័យកសាងធនធានមនុស្ស វិស័យបរិស្ថាន និងសង្គមសេដ្ឋកិច្ច។
លោកបណ្ឌិតគិន ភា ជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិឱ្យយោបល់ដូច្នេះថា៖«កម្ពុជាគួរជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីររហូត យើងអាចថានឹងមានការដាក់នូវស្ថានទូតរៀងៗខ្លួន ហើយជំរុញការបម្លាស់ប្តូរវិស័យពាណិជ្ជកម្មពីកម្ពុជាទៅកាណាដាបន្ថែមទៀត ហើយជំរុញឲ្យកាណាដាជួយកម្ពុជាបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ព្រោះតម្រូវការកាណាដាមិនសូវខុសគ្នាទៅទីផ្សារសហរដ្ឋអាមេរិកនោះទេ» ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ដំណើរទស្សកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅក្នុងលក្ខខណ្ឌដៃគូរសន្ទនារបស់អាស៊ានក្តី ក៏ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងលំហភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ ការណ៍នេះបង្ហាញពីឥទ្ធិពលការទូតដែលកម្ពុជាជោគជ័យ ព្រោះបានអញ្ជើញភាគីពាក់ព័ន្ធ ជាពិសេសមហាអំណាចរបស់ពិភពលោកមកអង្គុយពិភាក្សាគ្នានៅរាជធានីភ្នំពេញ។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានមើលឃើញពីកាលានុវត្តភាពនៃនយោបាយការបរទេសកម្ពុជា និងមធ្យោបាយដែលកម្ពុជាអាចធ្វើពិពិធកម្មការទូតជាមួយប្រទេសធំៗបានក្នុងពេលច្ចុប្បន្ន ដូច្នេះថា៖ «វាបង្ហាញថា កម្ពុជាពេលនេះ ខុសពីកម្ពុជានៅទសវត្សរ៍មុនៗ ដែលគេមើលឃើញគ្រាន់តែជាប្រទេសទន់ខ្សោយ ខ្សោយទាំងនយោបាយ ទាំងការទូត និងសេដ្ឋកិច្ច តែបច្ចុប្បន្ននេះ ទោះបីកម្ពុជាជាប្រទេសតូច តែនយោបាយការទូតរបស់កម្ពុជាបានទទួលលទ្ធផលជោគជ័យ »។
លោកបណ្ឌិតយង់ ពៅ ចង់ឃើញ ការដាក់ស្ថានទូត ឬស្ថានតំណាង រវាងកាណាដា និងកម្ពុជា ដើម្បីបង្កើនការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងស្ថានភាពលំហភូមិសាស្ត្រនយោបាយថ្មីនេះ បើទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលចុងក្រោយនេះ ហាក់មិនសូវមានភាពសកម្មនិងនៅមានកម្រិតក្តី តែត្រូវចាប់ផ្តើមទំព័រទំនាក់ទំនងថ្មី។
គួររំឭកថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នឹងមានវត្តមាននៅរាជធានីភ្នំពេញសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ -៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ ដែលនៅថ្ងៃទី ១២ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ នាយករដ្ឋមន្ត្រីកាណាដានឹងចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកជាមួយសមភាគីអាស៊ាន និងបណ្តារដ្ឋក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសលោកនឹងចូលរួមកិច្ចប្រជុំអនុស្សាវរីយ៍អាស៊ាន-កាណាដា ដើម្បីប្រារព្ធខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា។
លោក Justin Trudeau បានបញ្ជាក់ពីបំណងរបស់លោកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញខាងមុខថាលោកនឹងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ពាណិជ្ជកម្មដែលផ្អែកតាមទិដ្ឋភាពច្បាប់ កំណើនសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមដល់មនុស្សគ្រប់គ្នា និងដើម្បីរឹតចំណងទំនាក់ទំនងឱ្យរឹងមាំរវាងប្រជាជន និងប្រជាជនរវាងកាណាដានិងប្រជាជាតិអាស៊ីអាគ្នេយ៍ ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា