តំណាងក្រសួងអប់រំស្នើឲ្យមន្ត្រីបច្ចេកទស អាជ្ញាកណ្តាល ចៅក្រមវូស៊ូប្រឹងប្រែងដុសខាត់សមត្ថភាព ដើម្បីជោគជ័យស៊ីហ្គេម ២០២៣

ភ្នំពេញ៖ តំណាងក្រសួងអប់រំ យុវជន និងកីឡាបានស្នើឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រមកីឡាវូស៊ូប្រឹងប្រឹងប្រែងដុសខាត់សមត្ថភាពរបស់ខ្លួនឲ្យមានគុណភាពល្អប្រសើរ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។

នេះជាការលើកឡើងរបស់លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើង នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមកីឡាវូស៊ូ ដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

តំណាងក្រសួងអប់រំ យុវជន និងកីឡារូបនេះបានចាត់ទុកថា វគ្គនេះពិតជាមានសារសំខាន់ណាស់ ក្នុងការដុសខាត់សមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រមកីឡាវូស៊ូ សម្រាប់បម្រើដល់ការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខ។ ជាពិសេស គឺការប្រកួតកីឡាជាតិលើកទី៣ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងដំណើរការជាផ្លូវការពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ នេះជាការបង្ហាញពីការខិតខំរបស់សហព័ន្ធ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបញ្ជ្រាបចំណេះដឹងថ្មីៗជាលក្ខណៈអន្តរជាតិដល់មន្ត្រីថ្នាក់ជាតិ នាពេលនេះ។

ជាមួយគ្នានេះ ប៉ែន វុទ្ធី បានស្នើសុំឲ្យសិក្ខាកាមទាំងអស់ខិតខំក្រេបជញ្ជក់យកចំណេះដឹងនិងចំណេះធ្វើពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរ ដើម្បីយកទៅអនុវត្តការងារ ក្នុងនាមជាមន្រ្តីរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់អំណាចទាំងស្រុងលើផ្នែករដ្ឋបាល បច្ចេកទេស រួមទាំងថវិកាគាំទ្រជូនដល់សហព័ន្ធកីឡាជាតិទាំងអស់ ក្រសួងនឹងបានមើលឃើញពីភាពរឹងមាំរបស់សហព័ន្ធក្នុងការរៀបចំ មន្ត្រីបច្ចេកទេស សម្រាប់ការប្រកួតនានា។

ប្រសិនបើនៅទន់ខ្សោយលើចំណុចណា សហព័ន្ធកីឡាជាតិត្រូវតែបំពេញនូវការខ្វះខាត ដើម្បីបំពេញបន្ថែមឲ្យបានល្អប្រសើរ ក្នុងពេលព្រឹត្តិការណ៍កីឡាជាតិ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ។ «ខ្ញុំជឿជាក់ថា ពេលវេលារៀបចំស៊ីហ្គេម ២០២៣ កាន់តែខ្លីទៅៗ បើដើរ គឺមិនដល់គោលដៅ នូវអ្វីដែលយើងចង់បាននោះទេ ដូច្នេះក្នុងនាមសហព័ន្ធកីឡាជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមត្រូវប្រឹងប្រែងរត់ទាំងអស់គ្នា ដើម្បីជោគជ័យ ស៊ីហ្គេម ២០២៣ របស់ជាតិយើងទាំងអស់គ្នា»។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រមកីឡាវូស៊ូនេះ ដំណើរការពីថ្ងៃទី ១០ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងស្ដីពីការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សហព័ន្ធកីឡាវស៊ូកម្ពុជាបានរៀបចំបើកវគ្គបណ្តុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រមកីឡាវ៉ូស៊ូ បង្កើនចំណេះដឹងបន្ថែមទៀត។

អគ្គលេខាធិការរូបនេះអះអាងថា សិក្ខាកាមបានមកពីបណ្តាក្លិបនានា ដោយផ្ដោតលើការសិក្សា បច្ចេកទេសវិញ្ញាសាថាវលូ (សម្ដែង) និងវិញ្ញាសា សាន់ដា (ប្រយុទ្ធ) ឲ្យកើនឡើងទាំងបរិមាណ និងគុណភាពពីកម្រិតមូលដ្ឋានមកជាកម្រិតជាតិ និងឈានទៅកម្រិតអន្តរជាតិថែមទៀត។ ពិសេសបង្កើនសមត្ថភាព ដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ វគ្គសិក្សានេះមានចំនួន០៩ ថ្ងៃ និងមានមន្ត្រីកីឡាចូលរួមសរុបចំនួន៤៤នាក់ គិតទាំងគ្រូឧទ្ទេស និងសិក្ខាកាម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner