លោក ហ្សេលេនស្គី៖ អ៊ុយក្រែនដណ្តើមបានភូមិជាច្រើនចេញពីកណ្តប់ដៃរុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកា បានបញ្ជាក់ថា យោធារបស់ប្រទេសលោកបាននិងកំពុងព្យាយាមដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ នៅតំបន់ខឺសុន ភាគខាងត្បូងប្រទេសអ៊ុយក្រែន និងកន្លែងផ្សេងទៀត។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់គាត់ទៅកាន់ប្រទេសជាតិថា ថ្ងៃនេះយើងមានដំណឹងល្អពីភាគខាងត្បូង។ ទង់ជាតិអ៊ុយក្រែនជាច្រើនកំពុងត្រឡប់ទៅកាន់កន្លែងត្រឹមត្រូវរបស់ពួកវាវិញហើយ។ លោកថា ទីប្រជុំជន និងភូមិចំនួន ៤១ ត្រូវបានរំដោះពីការកាន់កាប់របស់រុស្ស៊ី។
ដោយឡែករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េស្នីកូវ បានប្រាប់កាសែតរ៉យទ័រថា រុស្ស៉ីត្រូវការពេលយ៉ាងហោចមួយសប្ដាហ៍ ដើម្បីដកកងទ័ពរបស់ខ្លួនចេញពីទីក្រុងខឺសុន ខណៈអ៊ុយក្រែននៅតែបន្តតាមដានសកម្មភាពដកកងទ័ពនេះ។
លោកថា គិតមកទល់ពេលនេះ រុស្ស៉ីនៅតែបន្តរក្សាកងទ័ពជាង ៤០,០០០នាក់នៅក្នុងទីក្រុងខឺសុន ហើយព័ត៌មានពីចារកម្មអ៊ុយក្រែនក៏បានឱ្យដឹងដែរថា កងទ័ពរុស្ស៉ីកំពុងបន្តស្ថិតនៅក្នុង និងជុំវិញទីក្រុងមួយនេះ។
រុស្ស៉ីបានប្រកាសក្នុងថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងដកកងទ័ពចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ នៃទីក្រុងខឺសុន ជារដ្ឋធានីនៃតំបន់ខឺសុន ជាទីដែលលោក ពូទីន បានប្រកាសកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី។ ប៉ុន្តែអ៊ុយក្រែននៅតែសង្ស័យ និងមានការប្រុងប្រយ័ត្ននៅឡើយ ចំពោះការដកកងទ័ពនេះ ដែលអ្នកជំនាញខ្លះយល់ថា អាចជាអន្ទាក់៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា