សហរដ្ឋអាមេរិកទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងត្បូង ដើម្បីផ្តល់ឱ្យអ៊ុយក្រែន
វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ជាទិញគ្រាប់កាំភ្លើងធំចំនួន ១០០.០០០គ្រាប់ពីឧស្សាហករកូរ៉េខាងត្បូង ដើម្បីផ្តល់អោយអ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលទាំងពីរ។
ការទម្លាយអោយដឹងអំពីការទិញគ្រាប់កាំភ្លើងធំខាងលើនេះ កើតឡើងចំពេលសហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធា ៤០០លានដុល្លារទៀតទៅឱ្យអ៊ុយក្រែន ដែលភាគច្រើនជាគ្រាប់រ៉ុក្កែត គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំ។
ដោយឡែកកិច្ចព្រមព្រៀងទិញលក់គ្រាប់កាំភ្លើងធំខាងលើនេះ កើតមានឡើងចំពេលក្រុមមេដឹកនាំអ៊ុយក្រែន ជំរុញឱ្យផ្តល់សព្វាវុធ និងជំនួយបន្ថែម ដើម្បីខ្លួនមានប្រៀបក្នុងការវាយបកលើកងកម្លាំងរុស្ស៊ី អោយចេញពីតំបន់ខ្លះដែលរុស្ស៊ីបានវាយកាន់កាប់ចាប់តាំងពីដើមសង្គ្រាម។
ហើយវាក៏ជួយសម្រាលការព្រួយបារម្ភ ក្នុងចំណោមមន្ត្រីយោធាអាមេរិក ដែលបារម្ភថា ការបញ្ជូនគ្រាប់រំសេវអោយអ៊ុយក្រែនជាប្រចាំ នឹងធ្វើឱ្យអស់អាវុធពីឃ្លាំងរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានទទួលស្គាល់ផងដែរ អំពីការចរចាទិញលក់គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ ដើម្បីបំពេញឃ្លាំងសហរដ្ឋអាមេរិកឡើងវិញ។
ប៉ុន្តែក្រសួងថា កិច្ចព្រមព្រៀងនេះចែងថា អាមេរិកជាអ្នកប្រើគ្រាប់កាំភ្លើងទាំងនេះ ហើយថា កូរ៉េខាងត្បូងនៅតែរក្សាគោលការណ៍របស់ខ្លួន គឺថា ខ្លួនគាំទ្រអ៊ុយក្រែនសំរាប់តែអ្វីដែលមិនសម្លាប់មនុស្សតែប៉ុណ្ណោះ៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា