ក្រសួងអប់រំបង្ហាញពី បទប្បញ្ញត្តិសុខភាព សម្រាប់បេក្ខជនប្រឡងបាក់ឌុបដែលនឹងត្រូវប្រឡងនៅថ្ងៃ ០៥ ធ្នូ ២០២២ខាងមុខ
ភ្នំពេញ៖ ខណៈពេលដែលការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប កាន់តែខិតជិតឈានចូលមកដល់ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយដល់បេក្ខជនពីបទប្បញ្ញត្តិសុខភាព សម្រាប់បេក្ខជនទូទៅ ក្នុង សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ២០២២ ដែលត្រូវអនុវត្តនៅថ្ងៃខាងមុខ។
ដើម្បីរក្សាលក្ខខណ្ឌសុខភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារអនាម័យឱ្យបានល្អ ក្រសួងអប់រំបានកំណត់ឱ្យ បេក្ខជនទាំងឡាយត្រូវអនុវត្តដូចខាងក្រោម ៖
*ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង លើកលែងតែពេលផ្ទៀងផ្ទាត់មុខបេក្ខជន ជាមួយសលាកបត្រឯកត្តជន
- រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
*ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាកឆ្លងវិញ្ញាសា និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ - ត្រូវឆាប់ជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាម មណ្ឌលប្រឡង ក្នុងករណីមានបញ្ហាសុខភាពដូចជា ឡើងកម្ដៅ ឬមានរោគសញ្ញា ផ្សេងៗ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម
*បេក្ខជនត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណី មានបញ្ហាមិនស្រួលខ្លួន ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាល ប្រចាំការនៅតាមមណ្ឌលប្រឡង៕
គួរបញ្ជាក់ថា៖បើតាមសេចក្តីប្រកាស នាកន្លងមករបស់ក្រសួងអប់រំក៏បានកំណត់ពីបទប្បញ្ញត្តិ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិង ប្រការដែលបេក្ខជន ត្រូវអនុវត្ត ផងដែរមានដូចជា៖ ត្រូវមកដល់មណ្ឌលប្រឡង ឱ្យបានមុនដំណើរការប្រឡង និងត្រូវមកដល់មណ្ឌលប្រឡង ឱ្យ បានមុនបេក្ខជនទូទៅ ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងបេក្ខជនដែលមានកម្ដៅ លើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញា ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម… ដើម្បីទទួលការស្ទង់កំដៅ និងឆែកឆេរសំណៅ ឯកសារមុនគ និងដាច់ដោយឡែកពីគេ។
ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវ ពណ៌ស និងខោ សំពត់ ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់ ឱ្យបានត្រឹមត្រូវ។ ត្រូវយកប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ ដែលមានបិទ រូបថត និងមានចុះហត្ថលេខានាយក នាយិកាសាលា បានត្រឹមត្រូវច្បាស់លាស់ ចំពោះបេក្ខជនចំណេះទូទៅ និងបេក្ខជនបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិន ចំណេះទូទៅ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ត្រូវយកសលាកបត្រឯកត្តជន ឬ ប័ណ្ណសម្គាល់ខ្លួនសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តជាដើម ៕ ដោយ៖ម៉ាដេប៉ូ