សម្ដេចតេជោនាយករដ្ឋមន្រ្តី ​ជំរុញឱ្យមាន​ការយកចិត្តទុកដាក់បន្ថែមទៀត​​លើ​អនាម័យ​ជនបទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាអនាម័យជនបទ។ នេះបើតាមសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលថ្លែងក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣នៅឆ្នាំនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែន បានអំពាវនាវនិងលើកទឹកចិត្តឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាក្នុងការជំរុញការងារលើកកម្ពស់ អនាម័យជនបទឱ្យកាន់តែប្រសើរឡើងនិងខ្លាំងក្លាបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការចូលរួមគ្រប់រូបភាព ក្នុងការកៀរគរធនធានបន្ថែមទៀត ដើម្បីបន្តជំរុញការលើកកម្ពស់អនាម័យជនបទ ឈានទៅ សម្រេចអត្រាគ្របដណ្តប់អនាម័យ ៩០% ស្របតាមផែនការសកម្មភាពជាតិជំហានទី២ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទនៅឆ្នាំ២០២៣»។

សម្ដេចតេជោក៏បានបន្តជំរុញលើកទឹកចិត្ត និងគាំទ្រដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមានអត្រា អនាម័យខ្ពស់ឱ្យសម្រេចបានជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។លោកក៏បានអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតទៅលើអត្រាអនាម័យនៅតំបន់ប្រឈម ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ដើម្បីឱ្យពួកគាត់ទទួលបានសេវាអនាម័យកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌។

​សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាតាមរយៈ​សារលិខិត​​​អបអរសាទរទិ​វាជាតិ​លើកក​ម្ពស់អនា​​ម័យជនបទលើកទី១៣ នា​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​លើកឡើងថា ៖ «ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១៣ ដែលកម្ពុជា​យើង បានប្រារ​ព្ធទិវា​ជាតិ​លើកកម្ពស់ អនាម័យជនបទ ដែលជាព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំមួយដ៏សំខាន់ដើម្បីឱ្យយើ​ងទាំងអស់គ្នាត្រូ​វតែយកចិ​ត្តទុកដាក់បន្ថែមទៀត ដើម្បី​បង្កើន​និងពនឿនអត្រាគ្របដណ្តប់អនាម័យ​នៅប្រទេសកម្ពុជាយើងឱ្យមានភាព​ល្អប្រសើរ»។

សម្ដេចតេជោបានបន្តថា រាជរដ្ឋាភិបាល​បាន​កំណត់​ឈានទៅសម្រេចឱ្យបាននូវ​ចក្ខុវិស័យរ​បស់ខ្លួន​ដែលបាន​បញ្ជាក់​យ៉ាង​ច្បាស់ថា៖ «ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលសេវាផ្គត់ផ្គង់ទឹកស្អាតនិង​អនាម័យប្រកប​ដោ​យស​មធម៌ និងមាននិរន្តរភាព​នៅ ឆ្នាំ២០២៥»។

​បើតាម​សម្ដេចតេជោនាយករដ្ឋមន្រ្តី ខេត្តដែល​នឹងសម្រេចបានជាខេត្តបញ្ចប់កា​របន្ទោបង់ពាសវាលពា​សកាលនា​ពេលឆាប់ៗខាងមុខទៀតនេះរួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពង់ឆ្នាំង ហើ​យដោយឡែកភូមិចំនួន ៥ ២៩៨, ឃុំ-សង្កាត់ចំនួន ៣៩៣, ក្រុង ស្រុក ខណ្ឌ ចំនួន៣១ ក៏សម្រេចបានជាភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលផងដែរ។

សម្តេចតេជោ  ហ៊ុន សែន បានគូសបញ្ជាក់ថា ៖ « ​វឌ្ឍនភាពជាវិជ្ជមាននៃស្ថានភា​ពអនា​​ម័យជនបទ គឺជាមោទន​ភាពរបស់ជាតិ ដែលធ្លាប់តែមានស្ថានភាព​អនា​ម័​យទាប បានក្លាយទៅ​ជាប្រទេ​ស​មាន​​បរិស្ថានស្អាតជាបណ្តើរៗផងដែរ»។​

​យោងតាម​​ក្រសួង​​អភិវឌ្ឍន៍​ជនបទ បាន​ឱ្យដឹងថា ​រាជរដ្ឋាភិបាល​បាន​ធ្វើផែនការ​​​កំណត់​ទិសដៅ​នៃ​ការផ្ដល់សេវា​ទឹកស្អាត​ និង​អនាម័យ​ឱ្យ​បាន​​សម្រេច​ ១០០ ភាគរយ​នៅ​ឆ្នាំ​ ២០២៥ ដែល​ផែនការ​យុទ្ធសាស្ត្រ​ជាតិនោះគឺ​​ដើម្បី​ធ្វើឱ្យ​សេវា​ទឹកស្អាត សុខ​ភាព និង​អនាម័យ​នៅ​ជនបទ​មាន​ភាព​ប្រ​សើរ​ឡើង​ និង​លើក​​កម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​ផងដែរ។​​យោងតាម​ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុង​រយៈពេល​​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២២​ ​អត្រា​គ្រប​ដណ្តប់​លើ​ការទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​ជនបទ​សម្រេច​បាន​កើនឡើង​រហូតដល់​ជាង ៨០ភាគរយ​។

ទាក់ទងនឹង​បញ្ហា​ទឹកស្អាត និង​អនាម័យនេះដែរ ​អង្គការ​យូនីសេហ្វប្រចាំកម្ពុជាធ្លាប់​បានលើកឡើងថា ​ប្រទេសកម្ពុជា កំពុងសម្រេចបាននូវវឌ្ឍ​នភា​ពជាប​ណ្តើ​រៗ ប៉ុន្តែ​វឌ្ឍនភាពទាំងនេះពុំទា​ន់គ្រ​ប់​​គ្រាន់ ដើម្បីបំពេញទៅតាម​ចំណុច​គោល​ដៅផ្នែកអនា​ម័យ និងទឹ​កស្អា​ត​ឡើ​យ។  បើទោះបីជាប្រព័ន្ធទឹកស្អាត និង​អនាម័យ និងទម្លាប់​ប្រើប្រាស់ទឹកស្អាត  និងអនាម័​យ​មា​​​នភាពល្អប្រសើរជា​ងមុន​ក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអត្រាបន្ទោរ​បង់ពាសវាល​ពាសកាល​ខ្ពស់ជាងគេនៅក្នុងតំបន់ ​គឺក្នុ​ងចំណោម​ពល​រដ្ឋកម្ពុជារស់នៅជនប​ទនៅមានជីវភា​ពក្រីក្រជាងគេ ១០​នាក់ មាន​ប្រមាណ ៨នាក់ទៅហើ​យ។​

អង្គការយូនីសេហ្វ បាន​បញ្ជាក់ថា ៖ «មានតែការផ្លាស់ប្តូរឥរិយាបថតែប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យទម្លា​ប់អនា​ម័​យ និងទឹកស្អាតនៅជាប់ឋិតថេ​រជានិរន្តរពិត​ប្រាកដ។ ការអប់រំផ្សព្វផ្សាយ ​ដើម្បី​ឲ្យប្រជាពលរដ្ឋយ​ល់ពីសារៈ​សំខា​ន់​នៃ​ការប្រើប្រាស់ទម្លាប់​អនាម័យ និងទឹកស្អាត និងកាត់បន្ថយគម្លាតរវាងការសាងសង់បង្គន់ និងកន្លែ​ងលាង​ស​ម្អា​តដៃ និងពេលដែលមានមនុស្សប្រើប្រាស់បរិក្ខារទាំងនេះពិតប្រាកដ»។

​បច្ចុប្បន្ននេះកម្ពុជាសម្រេចបាននូវខេត្តចំនួន ២ដែលជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាស កាលដំបូងគេនៅក្នុងប្រទេស គឺខេត្តស្វាយរៀងនិងខេត្តព្រៃវែង ហើយនឹងមានខេត្តជាបន្តបន្ទាប់ទៀតដែលនឹងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនាពេលឆាប់ៗខាងមុខផងដែរ។ របាយការណ៍របស់រាជរដ្ឋាភិបាលបង្ហាញថា ត្រឹមឆ្នាំ២០២២នេះ អត្រាគ្របដណ្តប់​អនាម័យរបស់សហគមន៍ជនបទនៅកម្ពុជា បានកើនដល់ជាង៨០ភាគរយ ខណៈអត្រានៃ​ខ្នងផ្ទះជនបទ មានកន្លែងលាងសម្អាតដៃ​បានកើនឡើងដល់៩៦ភាគរយ៕

ដោយ៖នាង សុគន្ធា

ads banner