អ្នកនាំពាក្យ៖ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺទទួលបានជោគជ័យដ៏ត្រចេះត្រចង់

អ្នកនាំពាក្យ៖ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺទទួលបានជោគជ័យដ៏ត្រចេះត្រចង់

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកានេះថា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទូទៅ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺទទួលបានជោគជ័យដ៏ត្រចេះត្រចង់។

ក្នុងនាមអ្នកនាំពាក្យ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដ៏ថ្លៃថ្លាចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់។ នេះគឺជាមហាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់។

លោក សាន សុខសីហា បានបន្តថា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមសហការយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេលដ៏មមាញឹកនេះ។ ប្រជាពលរដ្ឋបានចូលរួមគោរព និងស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ដែលញាំងឱ្យកិច្ចប្រជុំនេះទទួលបានភាពជោគជ័យល្អបំផុត និងមិនមានបាតុភាពអ្វីណាមួយកើតឡើងនោះទេ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គឺល្អបំផុត មិនមានអ្វី កើតឡើងនោះទេ៕
ដោយ៖ពលជ័យ

ads banner