បេក្ខជនប្រឡងបាក់ឌុប ចូរប្រយ័ត្នទង្វើទាំងអស់នេះត្រូវបានចាត់ទុកថាជាការលួចចម្លង ដែលនាំឱ្យអាចធ្លាក់ជាស្វ័យប្រវត្តិ
ភ្នំពេញ៖ ក្នុងខណៈពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅបាក់ ឌុប នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២ កាន់តែខិតជិតមកដល់ក្រសួងអប់រំយុវជន និង កីឡាបានធ្វើការបង្ហាញពីកំហុស និងទង្វើមួយចំនួនដែលក្រសួងចាត់ទុកថាខុសវិន័យ ហើយអាចឈានទៅដល់ការដាក់ទោសកំហុសនាំឱ្យត្រូវធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្រសួងអប់រំបានចេញសារជាបន្តបន្ទាប់ប្រាប់ដល់បេក្ខជន ប្រឡងបាក់ឌុប ក្នុងនេះមានទាំងប្រការហាមឃាត់១៦ចំណុច ,ទាំងក្នុងបទប្បញ្ញត្តិសុខភាព និងពិសេសចុងក្រោយនេះបានបង្ហាញកំហុសឆ្គងក្នុងការលួចចម្លងដែលនាំឱ្យបេក្ខជន អាចត្រូវ ធ្លាក់ជាស្វ័យប្រវត្តិណាមួយកើតឡើង។
ខាងក្រោមនេះជាទង្វើមួយចំនួនដែលត្រូវបានកំណត់ថាបេក្ខជនលួចចម្លងដូចជា៖
• យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
• លាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទ ឬឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ
• មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាស សដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើ បាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡង
• ចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅ កន្លែងដែលខ្លួនអង្គុយ
• អើតមើលសន្លឹកកិច្ចការអ្នកដទៃ
• ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
• អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមក អង្គុយកៀកអ្នកដទៃ
• រំកិលតុមកអង្គុយជាប់គ្នា ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
• បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃចម្លង
• ប្ដូរសន្លឹកកិច្ចការគ្នា ឬប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នា ជាក់ស្តែង ៕ ដោយ៖ម៉ាដេប៉ូ

