អត្តពលិកកីឡាប៉េតង់កម្ពុជា បានមកដល់មាតុប្រទេសដោយសុវត្តិភាព ជាមួយនឹងការឈ្នះមេដាយសរុប៧គ្រឿង ពីជើងឯកអាស៊ី នៅប្រទេសថៃ

ភ្នំពេញ៖ កញ្ញា គិន សំណាង អគ្កលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានអោយដឹងថា កាឈ្នះមេដាយ៧គ្រឿង ក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកអាស៊ី លើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) នៅទីក្រុងបាងកក ប្រទេសថៃ គឺសមិទ្ធផលថ្មីមួយបន្ថែម នឹងការត្រៀមមួយដ៏ល្អមុនព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការថ្លែងបញ្ជាក់ដូច្នេះ ធ្វើឡើងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ គ្រាអត្តពលិកកីឡាប៉េតង់កម្ពុជា សរុប២៧នាក់ត្រឡប់មកពីប្រទេសថៃ ដោយមានការអញ្ជើញទទួលស្វាគមន៍ ពីសំណាក់ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា។

កញ្ញា គិន សំណាង បន្ថែមថា ព្រឹត្តិការណ៍ខាងលើនេះ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានអត្តពលិកមកពី១៥ប្រទេសចូលរួម។ សម្រាប់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកម្ពុជា សរុប២៧នាក់ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសរុប៧គ្រឿង លើ៦វិញ្ញាសា រួមមាន៖មេដាយមាស ចំនួន៣គ្រឿង, មេដាយប្រាក់ ចំនួន២គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន២គ្រឿង។

មេដាយមាសទី១ ដណ្តើមបានដោយកីឡាករ អ៊ុក ដួងខែ លើវិញ្ញាសាយុវជនអាយុក្រោម ១៨ឆ្នាំ វាយយកពិន្ទុ, មេដាយមាសទី២ ដណ្តើមបានដោយកីឡាករ ថោង ឈឿន វិញ្ញាសាវាយយកពិន្ទុ ,និងមេដាយមាសទី៣ ដណ្តើមបានលើវិញ្ញាសា បុរស ៣នាក់ទល់៣នាក់ ក្រុម (A) ៖ ក្នុងនោះមាន កីឡាករ ថោង ឈឿន, យឹម សុភ័ណ្ឌ, សៅ សុភារ៉ាន់ និងកីឡាករ តិប នរ៉ា។ ដោយឡែកមេដាយប្រាក់ ២គ្រឿង៖
ដណ្តើមបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាសាវាយយកពិន្ទុ និងមួយគ្រឿងទៀតដណ្តើមបានលើវិញ្ញាសា នារី ៣នាក់ទល់៣នាក់ ៖ ក្នុងនោះមាន កីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ឃួន យ៉ារី និង អ៊ុ ដាវីន។ សម្រាប់មេដាយសំរឹទ្ធ ២គ្រឿង៖ ដណ្តើមបានលើវិញ្ញាសា យុវជនអាយុក្រោម ១៨ឆ្នាំ ៣នាក់ទល់៣នាក់ ក្រុម (B) ៖ ក្នុងនោះមាន កីឡាករ ភាព ផាឃិន, អ៊ុត សុខជា, នូច សុខេមរៈ និងកីឡាការិនី ហាក់ ស្រីនុត។ មួយគ្រឿងទៀត ដណ្តើមបានលើវិញ្ញាសា បុរស ៣នាក់ទល់៣នាក់ ក្រុម(B) ៖ ក្នុងនោះមានប កីឡាករ ហេង ស៊ូមៀន, ស៊ីន វង់, ញ៉ែម បូរ៉ា និង ពុធយ៉ុន ច័ន្ទដារ៉ា។

គួរបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកអាស៊ី លើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) ឆ្នាំ២០២២ អត្តពលិកកីឡាប៉េតង់កម្ពុជា ឈ្នះមេដាយលើសពីការរំពឹងទុក បើធៀបព្រឹត្តការណ៍ដូចគ្នាកាលពីលើកទី៣កន្លងទៅ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner