សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា
ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន” (Advancing Together for Sustainable, Inclusive, and Resilient ASEAN) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា ពិធីបើកមហាសន្និបាតជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះ និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។
នៅក្នុងពិធីបើកមហាសន្និបាតនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឺទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអាយប៉ា ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។
ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងកំឡុងពេលនៃការប្រារព្ធធ្វើមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញអាយប៉ាជាច្រើន ដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំរួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិកិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។
សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាសភានៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ទាំង១០ រួមមានៈ ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
គួរបញ្ជាក់ថា អន្តរសភាអាស៊ាន(AIPA) ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយរបស់សហគមន៍អាស៊ាន។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយការប្តូរវេនតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសជាអក្សរឡាតំាង៕
ដោយ៖ពលជ័យ
