កប៉ាល់ដឹកប្រេងអ៊ីស្រាអ៊ែលត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក

អូម៉ង់៖ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន The Associated Press នៅថ្ងៃពុធទី ១៥ ខែវិច្ឆិកា ថា នាវាដឹកប្រេងមួយគ្រឿងដែលមានជាប់ពាក់ព័ន្ធជាមួយមហាសេដ្ឋីអុីស្រាអែល ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅឯឆ្នេរសមុទ្រប្រទេសអូម៉ង់ ចំពេលកំពុងមានភា ព តានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសអុីរ៉ង់។

មន្ត្រីការពារជាតិដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ាបាននិយាយថា ការវាយប្រហារលើនាវាដឹកប្រេងដែលមានទង់ជាតិលីបេរីយ៉ា មានឈ្មោះថា Pacific Zircon បានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅឯឆ្នេរសមុទ្រនៃប្រទេសអូម៉ង់។ ក្រុមមន្ត្រីទាំងនោះបានលើកឡើងដោ យមិនបញ្ចេញឈ្មោះនោះទេ ដោយសារតែពួកគេមិនមានការអនុញ្ញាតឱ្យលើកឡើងអំពីការវាយប្រហារនេះជាសាធារណៈនោះឡើយ។

គួរដឹងដែរថា នាវាដឹកប្រេង Pacific Zircon គ្រប់គ្រងដោយក្រុមហ៊ុន Eastern Pacific Shipping មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយមហាសេដ្ឋីអ៊ីស្រាអែលម្នាក់ឈ្មោះថា Idan Ofer ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Eastern Pacific Shipping បានលើកឡើងថា នាវារបស់ខ្លួនដែលមានឈ្មោះថា Pacific Zircon ដែលកំពុងដឹកប្រេងឧស្ម័ន ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង ចម្ងាយប្រហែល ២៤០ គីឡូម៉ែត្រ បាញ់ចេញពីឆ្នេរសមុ ទ្រនៃប្រទេសអូម៉ង់។

សេចក្ដីថ្លែងការណ៍ដដែលបានបន្តថា ៖ «យើងកំពុងទាក់ទងជាមួយក្រុមការងារនៅលើនាវាផ្ទាល់ ហើយមិនមានការរាយការណ៍អំពីការរ ងរបួស ឬការបំពុលនោះទេ។ នាវិក ទាំង អស់ មាន សុវត្ថិភាព ប៉ុន្តែមានការ ខូចខាត បន្តិចបន្តួចត្រង់កន្លែងចំហៀងផ្នែកខាងក្រោមរបស់នាវា ប៉ុន្តែ មិនមាន ការ លេច ធ្លាយ ប្រេង ឬ ទឹក ហូរចូល ឡើយ »។
មន្ត្រី អុីស្រាអែល ម្នាក់ ដែល បាន និយាយ ជាមួយ ទីភ្នាក់ងារ ព័ត៌មាន AP ក្នុង លក្ខខណ្ឌ មិន បញ្ចេញ ឈ្មោះ បានបកស្រាយ លម្អិត អំពី ការ វាយប្រហារថា វា ហាក់ ដូច ជាអុីរ៉ង់ បាន ធ្វើ ការ វាយ ប្រហារ ដោយ យន្តហោះ គ្មាន មនុស្ស បើកប្រភេទ Shahed-136 ព្រោះអុីរ៉ង់ បាន ផ្គត់ផ្គង់ យន្តហោះ គ្មានមនុស្សបើក ប្រភេទទាំងនោះ ទៅ ឲ្យ រុស្ស៊ី ក្នុង គោលដៅបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និង ជនស៊ីវិល នៅ អ៊ុយក្រែន។

មន្ត្រីរូបនេះបានលើកឡើងបន្តថា មានការឯកភាពគ្នាលើរឿងនេះនៅក្នុងក្រុមស៊ើបការណ៍សម្ងាត់ និងការពារជាតិអុីស្រាអែលថា វាគឺជាការវាយប្រហាររបស់អុីរ៉ង់។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល អុីរ៉ង់ មិនបាន ប្រកាសទទួល ខុសត្រូវចំពោះ ការ វាយ ប្រហារ លើ នាវាមួយនេះទេ ហើយស្ថានបេសកកម្មរបស់អុីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះដែរ។
ជាការកត់សម្គាល់ តម្លៃ ប្រេង បាន ឡើង ថ្លៃមួយរំពេច បន្ទាប់ពី ព័ត៌មាន នៃ ការ វាយ ប្រហារ មួយនេះត្រូវបានបែកធ្លាយ ដោយ ការទិញលក់ ប្រេង ឆៅមានតម្លៃ លើសពី ៩៤ ដុល្លារ ក្នុង ១ បារ៉ែល។

ខណៈ ដែល គ្មាន នរណា ម្នាក់ ចេញ មុខ ប្រកាស ទទួល ខុស ត្រូវ ចំពោះ ការ វាយ ប្រហារ នោះ ការ សង្ស័យ បាន ធ្លាក់ មក លើ អុីរ៉ង់ ភ្លាមៗ។ នេះអាចមកពីកន្លងមក ទីក្រុងតេអេរ៉ង់ និងអុីស្រាអែលបានពាក់ព័ន្ធទៅនឹងសង្រ្គាមស្រមោលអស់រយៈពេលជាច្រើនឆ្នាំនៅមជ្ឈិមបូព៌ា។ ភាគីទាំងពីរតែងធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយបានកំណត់គោលដៅលើនាវាដែលពាក់ព័ន្ធជាមួយអុីស្រាអែល ជាពិសេសនាវាដែលធ្វើដំណើរជុំវិញតំបន់។

សហរដ្ឋអាមេរិកក៏បានស្តីបន្ទោសអុីរ៉ង់ចំពោះការវាយប្រហារជាបន្តបន្ទាប់ដែលកើតឡើងនៅឆ្នេរសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមក្នុងឆ្នាំ២០១៩ កន្លងទៅ។ នៅពេលនោះ ទីក្រុងតេហេរ៉ង់បានចាប់ផ្តើមបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញដោយឯកតោភាគីពីកិច្ចព្រមព្រៀងបរមាណូរបស់អុីរ៉ង់ជាមួយមហាអំណាចពិភពលោក។

គួររម្លឹកផងដែរថា នៅឆ្នាំ២០២១ មានការសង្ស័យថា យន្តហោះគ្មានមនុស្សបើករបស់អុីរ៉ង់ បានវាយប្រហារលើនាវាដឹកប្រេងដែលជាប់ពាក់ព័ន្ធជាមួយប្រទេសអុីស្រាអែល ឈ្មោះថា Mercer Street ដោយបានសម្លាប់មនុស្សពីរនាក់នៅលើនាវានោះទៀតផង។
យ៉ាងណាមិញ គេ មិន ទាន់ ច្បាស់នៅឡើយទេ ថា តើ នាវា ដឹកប្រេង Pacific Zircon នោះ នៅ ទី ណានោះទេ កាលពីថ្ងៃ ពុធ។ ទិន្នន័យដែលតាមដានតាមរយៈផ្កាយរណបពីល្ងាចថ្ងៃអង្គារ ផ្តល់ជូនដោយ MarineTraffic.com បានដាក់សញ្ញានាវាធ្វើដំណើរចូលទៅក្នុងសមុទ្រអារ៉ាប់ បន្ទាប់ពីចាកចេញពីកំពង់ផែ Omani នៃទីក្រុង Sohar ប្រទេសអូម៉ង់។

ចាប់តាំងពីការបរាជ័យនៃកិច្ចព្រមព្រៀងនុយក្លេអែររបស់អុីរ៉ង់ អ្នកជំនាញបានព្រមានថា អុីរ៉ង់ឥឡូវនេះមានសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានគ្រប់គ្រាន់ដើម្បីធ្វើអាវុធនុយក្លេអ៊ែរ យ៉ាងហោចណាស់ អាចផលិតអាវុធនុយក្លេអ៊ែរបានមួយហើយប្រសិនបើប្រទេសនេះជ្រើ សរើសចង់ផលិត ទោះបីជាទីក្រុងតេអេរ៉ង់តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមិនមានសកម្មភាពអ្វីក៏ដោយ។ លោក Torbjorn Soltvedt អ្នកវិភាគនៅក្រុមហ៊ុនស៊ើបការណ៍ហានិភ័យដែលមានឈ្មោះថា Verisk Maplecroft បាននិយាយថា ៖ «កា រវាយប្រហារនេះ មិនមានអ្វីជាការភ្ញាក់ផ្អើលទេ»។

លោកបានបន្តថា ហានិភ័យនៃការវាយប្រហារប្រឆាំងនឹងការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់បានកើនឡើងដោ យសារតែកង្វះវឌ្ឍនភាពក្នុងទំនាក់ទំនងការទូតនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ និងការសម្រេចដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់សម្ពាធបន្ថែមលើប្រទេសអុីរ៉ង់។ ចាប់តាំងពីឆ្នាំ២០១៩ មក អុីរ៉ង់បានឆ្លើយតបចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក តាមរយៈការបង្កើនសកម្មភាពយោធាសម្ងាត់នៅក្នុងតំបន់។

លោក Torbjorn Soltvedt បានលើកឡើងថា ៖ «វាមិនត្រឹមតែមានការកើនឡើងហានិភ័យដែលបណ្ដាលមកពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានហានិភ័យដែលត្រូវប្រឈមមុខគ្នាផ្នែកយោធាកាន់តែតានតឹង ហើយផលវិបាកនឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតសម្រាប់ទីផ្សារថាមពលពិភពលោក»។

ចំណុចគួរកត់សម្គាល់មួយទៀតនោះគឺថា ការ វាយ ប្រហារ នាវា ដឹក ប្រេងនេះ កើត មាន តែ ប៉ុន្មាន ថ្ងៃ មុន ការ ប្រកួត FIFA World Cup នៅ ប្រទេស កាតា។ ខណៈដែលរដ្ឋាភិបាលទីក្រុងដូហា ប្រទេសកាតា កំពុងរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ប្រទេស អុីរ៉ង់។ ប្រទេសទាំងពីរជាតំបន់ដែលសម្បូរទៅដោយឧស្ម័នធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ដូចគ្នា។ ម៉្យាងទៀត អុីស្រាអែលក៏នឹងចូលរួមការប្រ កួតនាពេលខាងមុខនេះផងដែរ។ ក្រុម ជម្រើស ជាតិ អុីរ៉ង់ នឹង ត្រូវ ប៉ះជាមួយ អង់គ្លេស និង សហរដ្ឋអាមេរិក ក្នុង ការ ប្រកួត ជុំ ទី ១ ដែល ម ហាអំណាចទាំង ពីរនេះកំពុងទទួលរងការ ចោទ ប្រកាន់ពីសំណាក់អុីរ៉ង់ ថា បាន បង្ក ភាព ចលាចល នៅ ក្នុងប្រទេសអុីរ៉ង់ផ្ទាល់៕
ដោយ:ធា សុណា

ads banner