ទង់ប្រផេះជាសត្វដ៏កម្រ និងកម្ពុជាកំពុងមានវត្តមានច្រើនជាងបណ្តាប្រទេសដទៃទៀត
ភ្នំពេញ៖ សត្វទុងប្រផេះដែល មានឈ្មោះជាភាសាអង់គ្លេស Spot-billed Pelican (Pelicanus philippensis)។ រដូវកាលបន្តពូជរបស់សត្វប្រភេទនេះមានចន្លោះពីខែសីហា ដល់ឧសភា។ អំឡុងបន្តពូជនេះដេរវាមានខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមមានរូបរាងជាថ្នក់ថង់ ហើយនៅលើចំពុះនិងថង់មានអុជៗខ្មៅពាសពេញ ចំណែកនៅរដូវមិនបន្តពូជ ពុំមានអុជៗខ្មៅនៅលើចំពុះនិងថង់នោះទេ។

បើតាមការចុះផ្សាយនៃទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកន្លងមកបានឱ្យដឹងថា៖ទុងប្រផេះ មានវត្តមាននៅតាមតំបន់ដីសើមនៃប្រទេសកម្ពុជា ជាពិសេសនៅតំបន់ បឹងទន្លេសាប និងតាមដងទន្លេមេគង្គ។

ទង់ប្រផេះមានប្រវែងដងខ្លួន ១២៧-១៤០សង់ទីម៉ែត្រ។ សត្វប្រភេទនេះមាន មាឌធំ ខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ និងមានអុជៗខ្មៅពាសពេញ។ ទីជម្រករបស់ទង់ប្រផេះនៅតាម បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប និងមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជាគឺ តំបន់រ៉ាមសារព្រែកទាល់ ហើយក៏ជាកន្លែងបន្តពូជពងកូនចុងក្រោយបំផុតរបស់ប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍។

ទុងប្រផេះ ជាប្រភេទសត្វដែលស្ថិតក្នុងចំណាត់ថ្នាក់ក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វជិតទទួល រងការគំរាមកំហែង(NT) នៅគ្រាដែលចំនួនសត្វប្រភេទនេះ កំពុងថយចុះនៅលើពិភលោក ដោយសារ ការបាត់បង់ទីជម្រកនិងការប្រម៉ាញ់។

តាមការសិក្សាស្រាវជ្រាវកន្លងមកបានឱ្យដឹងថាកម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១៥០០គូ ស្មើ៣០ភាគរយនៃចំនួនទុងប្រផេះសរុបទូទាំងពិភពលោក។ខណៈសត្វប្រភេទនេះនៅលើពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចន្លោះពី ៨៧០០ ទៅ ១២០០០ ក្បាល ៕ ដោយ ៖ ម៉ាដេប៉ូ