ខេត្តកំពត ត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ (Count Down ) ២០២២ ឈានចូល២០២៣

កំពត ៖ អភិបាលខេត្កតំពត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានគិតគូ និងត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ (Count Down ) ២០២២ ឈានចូល២០២៣ ខាងមុខនេះ មានដូចជាការប្រគុំតន្ត្រី៣ទីតាំង ការប្រកួតកីឡាប្រដាល់ និងគុនល្បុកតោ ការប្រណាំងទូកនេសាទ ការបាញ់កាំជ្រូក រាប់ថយក្រោយ ជាមួយនិងនាឡិការយក្ស ដាក់នៅលើស្ពានឥន្ទធនូជាដើម។

ថ្លែងនៅក្នុង កិច្ចប្រជុំសាមញ្ញលើកទី ៤២ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី ៣ ដែលបានរៀបចំនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកលើកឡើងថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ល្អប្រសើរ កម្ពុជាចាប់ផ្តើមបើកទ្វារសេដ្ឋកិច្ចប្រទេសឡើងវិញ សញ្ញានៃភាពល្អប្រសើរ និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ បានបង្ហាញតាមរយៈកំណើននៃការដើរកម្សាន្តរបស់ពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

និយាយដោយឡែក ខេត្តកំពត ទើបតែបានបញ្ចប់ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដោយជោគជ័យ។ ក្នុងនោះខេត្តកំពតបានស្រូបទាញទេសចរជាង ៥៨ម៉ឺននាក់មកដើរលេងកម្សាន្ត។ ហើយនៅក្នុងព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំ(Count Down ) ២០២២ ឈានចូល២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តក៏បាននិងកំពុងត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទាក់ទាញទេសចរ ដោយ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ពិធីបុណ្យឆ្លងឆ្នាំនេះនឹងរៀបចំឲ្យធំគគ្រឹកគគ្រេង មិនឲ្យចាញ់ពីធីបុណ្យអុំទូក កន្លងទៅនោះទេ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រៅពីការខិតខំអភិវឌ្ឍន៍ខេត្ត ឯកឧត្តមនឹងរៀបចំជាព្រឹត្តិការណ៍សប្បាយៗធំៗ នៅក្នុងឱកាសបុណ្យទានផ្សេងៗ ឲ្យបានច្រើនដងក្នុងមួយឆ្នាំ ដើម្បីទាក់ទាញទេសចរ និងដើម្បីជំរុញដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ឲ្យល្អប្រសើរ និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។ ឯកឧត្តមបានធ្វើការវាយតម្លៃ និងសន្និដ្ឋានថា ការរៀបចំព្រឹត្តិការធំៗ ដើម្បីទាក់ទាញទេសចរ ធ្វើឲ្យរដ្ឋបាលខេត្តហត់ ហើយអស់ថវិកា ប៉ុន្តែវាបានបង្ហាញអំពីកិច្ចអភិវឌ្ឍន៍ បង្ហាញអំពីសុខសុវត្ថិភាព សន្តិភាព និងភាពសម្បូរសប្បាយ អាចស្រូបទាញអ្នកវិនិយោគ និងភ្ញៀវទេសចរឲ្យមកចាយលុយ ចាក់ស្រោចទៅដល់គ្រួសារពលរដ្ឋខេត្តកំពត និងថាការរៀបចំព្រឹត្តការណ៍សប្បាយៗនៅក្នុងខេត្ត វាប្រៀបដូច ជាការយកគ្រាប់ពូជមួយតៅ ទៅសាបព្រោះដើម្បីទទួលបាននូវផលរាប់តោនដូច្នោះដែរ៕ Sila Sarin

ads banner