មេដឹកនាំជប៉ុន និង ៥ ប្រទេសផ្សេងទៀត រៀបចំកិច្ចប្រជុំបន្ទាន់ផ្តោតសំខាន់លើកូរ៉េខាងជើង
បាងកក៖ មេដឹកនាំមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង កាណាដា អូស្ត្រាលី និងនូវែលសេឡង់ បានបើកកិច្ចប្រជុំបន្ទាន់រួមគ្នាមួយ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ក្នុងថ្ងៃសុក្រទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ក្រុមមេដឹកនាំខាងលើនេះ បានជួបប្រជុំគ្នានៅខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកក ប្រទេសថៃ។ ថ្លែងនាឱកាសនោះ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានសង្កត់ធ្ងន់ថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះ បានធ្វើឱ្យសន្តិសុខក្នុងតំបន់មានអស្ថិរភាព និងបង្កើនភាពតានតឹងដែលមិនចាំបាច់។
អនុប្រធានាធិបតីអាមេរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា យើងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពទាំងនេះ ហើយយើងអំពាវនាវម្តងទៀតឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពអស្ថិរភាពខុសច្បាប់បន្ថែមទៀត។ ទន្ទឹមគ្នា ប្រទេសទាំង ៦ ក៏បានអះអាងសារជាថ្មីដែរថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង៕ ប្រភព៖ NHKដោយ៖ ទីណា និងបុត្រា