កូរ៉េខាងជើងប្រកាសពីជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ICBM នាពេលថ្មីៗនេះ
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសពីការបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ ដែលមានឈ្មោះថា Hwasong-17។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក្នុងថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកានេះបានរាយការណ៍ថា ការបាញ់បង្ហោះមីស៊ីល ICBM នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ត្រូវបានត្រួតពិនិត្យដោយផ្ទាល់ពីមេដឹកនាំកំពូល លោក គីម ជុងអ៊ុន។
មីស៊ីលនេះត្រូវបានគេជឿជាក់ថា បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក គីម ជុងអ៊ុន បានសន្យាទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈដែលលោក គីម បានត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីរបស់ប្រទេសខ្លួន។
នាឱកាសចូលរួមពិនិត្យនៅទីតាំងធ្វើតេស្ត ជាមួយកូនស្រីបង្កើតរបស់គាត់ជាលើកដំបូង លោក គីម បាននិយាយថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការជំរុញឱ្យមានគោលនយោបាយអរិភាព បានជំរុញឱ្យប្រទេសរបស់គាត់បង្កើនល្បឿនយ៉ាងខ្លាំង ក្នុងការពង្រឹងការទប់ស្កាត់នុយក្លេអ៊ែរដ៏លើសលប់របស់ខ្លួន។
បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក គីម បានប្រកាសជាឱឡារិកថា ប្រសិនបើសត្រូវនៅតែបន្តការគំរាមកំហែង… គណបក្ស និងរដ្ឋាភិបាលរបស់យើង នឹងបញ្ចេញប្រតិកម្មយ៉ាងម៉ឺងម៉ាត់ជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការប្រឈមមុខដាក់គ្នាទាំងអស់៕ ប្រភព៖ NHK និង CNA ដោយ៖ ទីណា និងបុត្រា