ក្រសួងបរិស្ថាន ប្រាប់ពលរដ្ឋថា ដីនៅក្នុងតំបន់ការពារធម្មជាតិ មិនអាចរត់ការ ធ្វើបណ្ណសម្គាល់កម្មសិទ្ធិបានឡើយ

កំពត៖ មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ស្នើកុំអោយពលរដ្ឋ បន្តចាញ់បោកក្រុមជនខិលខូច ដោយអះអាងថា ដីនៅក្នុងតំបន់ការពារធម្មជាតិ ជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន វាមិនអាចទៅរួច។ ក្រោយពីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពតបានទប់ស្កាត់បាន ក្រុមជនខិលខូច ដែលបង្កើតទំព័រហ្វេសប៊ុក និងបានដាក់ផ្ទៃដីនៃឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងតំបន់អន្លង់ក្មេងលេង ស្ថិតក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ឯកឧត្តម នេត្រ ភក្ត្រា ថ្ងៃទី១៩ ខែវិច្ឆិកា បញ្ជាក់ថា ផ្ទៃដីដែលមានទំហំ ១,៨០០ហិកតា ដែលជនខិលខូច រៀបចំផែនទីដាក់លក់នោះ ជាផ្ទៃដីព្រៃស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ហើយក្រុមនេះ លួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ។

តាមការបញ្ជាក់របស់ មន្ត្រីនៃមន្ទីរបរិស្ថាន ខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូបក្នុងចំណោម ២រូប ដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខុសច្បាប់នៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន។ បច្ចុប្បន្នសំណុំរឿងបាននិងកំពុងបន្តនីតិវិធីនៅតុលាការខេត្តកំពត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner