សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាសះស្បើយពីជំងឺកូវីដ-១៩

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ នា ថ្ងៃ សៅរ៍ ទី ១៩ ខែ វិច្ឆិកា នេះ ពោល គឺ ៦ ថ្ងៃ ក្រោយ ពីសម្ដេចប្រកាស ថា បាន ឆ្លង ជំងឺ កូវីដ -១៩។ នេះ បើ តាម លទ្ធផល អវិជ្ជមាននៃ ការ ធ្វើ តេស្ត រហ័ស និង តេស្ត PCR រក វីរុស កូវីដ-១៩ បញ្ជាក់ដោយក្រុមវេជ្ជបណ្ឌិតថែទាំសុខភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ។

សូម រំឭក ថា ប្រមុខ រដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន ធ្វើ តេស្ត រក ឃើញ វិជ្ជមាន កូវីដ-១៩ នៅ ទីក្រុង បាលី ប្រទេស ឥណ្ឌូនេស៊ី កាល ពី ថ្ងៃទី ១៤ ខែ វិច្ឆិកា ក្នុង ពេល ដែល លោក ត្រៀម អញ្ជើញ ចូល រួម កិច្ច ប្រជុំ កំពូល G20។ ដោយ សារ តែ មាន ផ្ទុក វីរុស កូវីដ -១៩ លោក នាយករដ្ឋមន្ដ្រី បាន បង្ខំចិត្ត ដឹក នាំ គណៈប្រតិភូ កម្ពុជា ធ្វើ មាតុភូមិ និវត្តន៍ វិញ ដើម្បី ដាក់ ខ្លួន ឱ្យ នៅ ដាច់ ដោយ ឡែក ដើម្បី ធ្វើ ការ តាម ដាន និង ព្យាបាល ជំងឺ នៅ គេហដ្ឋាន។

បើ ទោះ បី ជា មាន វិជ្ជមាន កូវីដ-១៩ ក៏ ដោយ ក៏ ទាំង សម្ដេចតេជោនាយករដ្ឋមន្ដ្រីនិង ទាំង ក្រុម វេជ្ជបណ្ឌិត ថែ ទាំ សុខភាព លោក បាន បញ្ជាក់ ថា សម្ដេចតេជោមាន ស្ថានភាព សុខភាព របស់សម្តេចតេជោនៅ ល្អ ជា ប្រក្រតី ពុំ មាន រោគ សញ្ញា ណាមួយ ដែល នាំ ឱ្យ រំខាន ឡើយ ហើយ ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន បញ្ជាក់ ឱ្យ សាធារណជន ជ្រាប នា ពេល កន្លង មក ថា លោកនៅ បន្ត បំពេញ ការងារ ជា ធម្មតា លើក លែង តែ ការ ទទួល ជួប ភ្ញៀវ តែ ប៉ុណ្ណោះ ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីតាម រយៈ ទំព័រ ហ្វេសប៊ុក ផ្លូវ ការ របស់ សម្តេច បាន ឱ្យ ដឹង ថា៖ «ចាប់ ពី ថ្ងៃ អាទិត្យ ស្អែកនេះ និង ពេញ មួយ សប្ដាហ៍ លោក មាន កម្មវិធី ពេញ ទាំង អស់ តែ ច្បាស់ ជា មិនហត់ ពេក នោះ ទ»។ ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ថ្លែង អំណរគុណ ដល់ បង ប្អូន រួម ជាតិ ដែល បារម្ភ និង ជូនពរ ដល់ រូប លោក ។
ដោយ ឡែក លោកសាស្ត្រាចារ្យ ហ៊ុន ចំរើន ដែល ជា វេជ្ជបណ្ឌិត ថែ ទាំ សុខភាព លោក នាយករដ្ឋ មន្ដ្រី ហ៊ុន សែន បាន គូស បញ្ជាក់ នៅ ក្នុង លិខិត ចុះ ថ្ងៃ ទី ១៩ ខែ វិច្ឆិកា នេះអំពី ការ បញ្ចប់ ការ ព្យាបាល ជំងឺ កូវីដ -១៩ បំប្លែង ថ្មី ប្រភេទ អូមីក្រុង ដែល កើត មាន ចំពោះ សម្តេចតេជោនាយករដ្ឋមន្ដ្រី ចាប់ ពី ថ្ងៃ ទី ១៩ ខែ វិច្ឆិកា នេះ ត ទៅ ដោយ ពុំ តម្រូវ ឱ្យ បន្ត ធ្វើ ចត្តាឡីស័ក ក្រោយ ការ បញ្ចប់ ការ ព្យាបាល ឡើយ ។ បើ តាមសម្ដេចការ សម្រេច បញ្ចប់ ការ ព្យាបាល នេះ ធ្វើ ឡើងស្រប តាម លក្ខខណ្ឌ បច្ចេកទេស វេជ្ជសាស្ត្រ និង លក្ខខណ្ឌ នៃ ការ បញ្ចប់ ការ ព្យាបាល ជំងឺ កូវីដ-១៩ បំប្លែង ថ្មី អូមីក្រុង កម្រិត ស្រាល ធ្វើ ការ ព្យាបាល តាម ផ្ទះ និង ការ ចាក់ វ៉ាក់សាំង បាន ពេញ លេញ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ផ្ទាល់ ៕ ដោយ៖ កែវ កិរិយា

ads banner