ក្រសួងអប់រំ នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ដំណើរការប្រឡងបាក់ឌុប ក្រោយលើកពេលការប្រឡងចំនួនពីរដង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួង អប់រំ យុវជន និង កីឡា នឹង រៀបចំ សន្និសីទ សារព័ត៌មាន មួយ ដើម្បី ផ្ដល់ ព័ត៌មាន ពិស្ដារ អំពី ដំណើរការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុទិយភូមិ ឬ បាក់ ឌុប សម័យ ប្រឡង ០៥ ធ្នូ ២០២២។

បើ តាម សេចក្ដី ប្រកាស ព័ត៌មាន របស់ ក្រសួង អប់រំ សន្និសីទ សារព័ត៌មាន នេះ នឹង រៀបចំ ធ្វើ នៅ ថ្ងៃ ចន្ទ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅ អគារ ទី ស្ដី ការ ក្រសួង អប់រំ ដោយ មាន បណ្ឌិតហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី ក្រសួង អប់រំ យុវជន និង កីឡា និង ថ្នាក់ ដឹក នាំ ពាក់ព័ន្ធ ជា វាគ្មិន ។

សូម រំឭក ជូន ថា ការ ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុទិយភូមិ ឬ បាក់ឌុប ឆ្នាំ សិក្សា ២០២១-២០២២ នេះ ត្រូវ បាន លើក ពេល ពីរ ដង រួច មក ហើយ ។ ដំបូង ឡើយ ក្រសួង គ្រោង រៀបចំ ការ ប្រឡង នេះ នៅថ្ងៃ ទី ១៤ និង ១៥ ខែ វិច្ឆិកា ទៅ ថ្ងៃ ទី ២១ និង ថ្ងៃ ទី ២២ ខែ វិច្ឆិកា ដោយ សារ តែ កម្ពុជា ត្រូវ ធ្វើ ជា ម្ចាស់ ផ្ទះ រៀបចំ កិច្ច ប្រជុំ កំពូល អាស៊ាន លើក ទី ៤០ និង ៤១ និង កិច្ច ប្រជុំ ពាក់ព័ន្ធ នៅ ថ្ងៃ ទី ១០ ដល់ ថ្ងៃ ទី ១៣ ខែ វិច្ឆិកា ។ លុះ ក្រោយ មក គម្រោង រៀបចំ ការ ប្រឡង នៅ ថ្ងៃ ទី ២១ និង ២២ ខែ វិច្ឆិកា ត្រូវ លើក ម្ដង ទៀត ទៅ ធ្វើ នៅ ថ្ងៃ ទី ០៥ និង ០៦ ខែ ធ្នូ ឆ្នាំ ២០២២ វិញ ដោយ សារ តែ កម្ពុជា ត្រូវ រៀបចំ ព្រឹត្តិការណ៍ ជាតិ និង ព្រឹត្តិការណ៍ តំបន់ មួយ ចំនួន ដូច ជា ព្រះ រាជ ពិធី បុណ្យ អុំទូក អកអំបុក និង សំពះ ព្រះ ខែ និង ព្រឹត្តិការណ៍ កីឡាជាតិ លើក ទី ៣ នៅ ថ្ងៃ ទី ២១ ដល់ ថ្ងៃ ទី ៣០ ខែ វិច្ឆិកា។

ជុំ វិញ ការ លើក ពេល ប្រឡង ម្ដង ជា ពីរ ដង នេះបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី ក្រសួង អប់រំ យុវជន និង កីឡា បាន ពន្យល់ ថា គឺ ជា ការ ទុក ពេល ឱ្យ សិស្សានុសិស្ស មាន ពេល វេលា គ្រប់ គ្រាន់ ដើម្បី រៀនសូត្រ ព្រោះ មិន មាន ការ អនុញ្ញាត ឱ្យ សិស្ស ថ្នាក់ ទី ១២ ជាប់ បាក់ឌុប ដោយ ស្វ័យ ប្រវត្តិ ដូច ឆ្នាំ មុន ឡើយ ។

បណ្ឌិត ហង់ជួន ណារ៉ុន៖ «ការ ពន្យារ ពេលប្រឡង គឺ ដើម្បី ឱ្យ សិស្ស មាន ពេល គ្រប់ គ្រាន់ ដើម្បី រៀន ។ អ៊ីចឹង សំខាន់ គាត់ ត្រូវ ខំ រៀន ហើយ ក្រសួង ត្រូវ រៀបចំ ឱ្យ បាន ល្អ និង លើក ទឹក ចិត្ត ឱ្យ សិស្ស ខំ រៀន ដើម្បី កុំ ឱ្យ គាត់ បោះ បង់ ចោល ការ សិក្សា »។
ទន្ទឹម គ្នា នេះ ក្រសួងអប់រំ យុវជន និង កីឡា ក៏ បាន កំណត់ វិញ្ញាសាជម្រើស សម្រាប់ ការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យ ប្រឡង ៥ ធ្នូ ២០២២ ដោយ រួម មាន ១.សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានប្រវត្តិវិទ្យា និង ២.សម្រាប់ថ្នាក់ វិទ្យាសាស្រ្ត សង្គម មាន ផែនដី និង បរិស្ថាន វិទ្យា៕ ដោយ៖ កែវ កិរិយា

ads banner