លោក បៃដិន មានបំណងរឹតបន្តឹងការកាន់កាប់កាំភ្លើងថែមទៀត បន្ទាប់ពីហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស៥នាក់ និងរបួស ១៨នាក់

វ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងម្នាក់ នៅថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះ បានបើកការបាញ់ប្រហារនៅឯក្លឹបរាត្រីស្រឡាញ់ភេទដូចគ្នាមួយ ដែលមានឈ្មោះថា LGBTQ ក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស៥នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតបានរងរបួស។

ប៉ូលីសបាននិយាយថា បុរសវ័យ ២២ឆ្នាំម្នាក់បានចាប់ផ្តើមការបាញ់ប្រហារភ្លាមៗ នៅពេលដែលគាត់បានចូលទៅក្នុងក្លឹប LGBTQ ក្នុងទីក្រុងខូឡូរ៉ាដូស្ព្រីង (Colorado Springs) ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីពីរ ក្នុងរដ្ឋខូឡូរ៉ាដូ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ។ បច្ចុប្បន្ន ប៉ូលិសកំពុងស៊ើបអង្កេតថាតើការបាញ់ប្រហារនេះ បង្កឡើងដោយការស្អប់ឬអត់។

ពាក់ព័ន្ធនឹងករណីបាញ់ប្រហារខាងលើនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហគមន៍មួយទៀតនៅអាមេរិក ត្រូវបានហែកហួរដោយអំពើហិង្សាដោយកាំភ្លើង។ លោកថា ខណៈពេលដែលមិនទាន់មានហេតុផលនៅក្នុងការវាយប្រហារនេះនៅឡើយទេ យើងដឹងថា សហគមន៍ស្រឡាញ់ភេទដូចគ្នា ឬ (LGBTQI+) ត្រូវបានទទួលរងនូវអំពើហិង្សាស្អប់ខ្ពើមដ៏គួរឱ្យរន្ធត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមិនអាច និងមិនត្រូវអត់ឱនចំពោះការស្អប់ខ្ពើមបានទេ។

ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកត្រូវតែធ្វើបន្ថែមទៀត ដើម្បីដោះស្រាយការរីករាលដាល នៃវិបត្តិសុខភាពសាធារណៈ ដោយសារតែអំពើហិង្សាដោយកាំភ្លើងគ្រប់ទម្រង់ទាំងអស់។ លោកថា យើងត្រូវតែអនុម័តការហាមឃាត់ការកាន់កាប់អាវុធបន្ថែមទៀត ដើម្បីដកអាវុធធ្វើសង្គ្រាមចេញពីតាមដងផ្លូវរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner