ក្រុមឃ្លាំមើលសិទ្ធិមនុស្ស៖ រុស្ស៊ីបញ្ជូនទាហានស៊ីឈ្នួលប្រមាណ ២.០០០នាក់មកពីស៊ីរីទៅប្រយុទ្ធ នៅអ៊ុយក្រែន

ម៉ូស្គូ៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា រុស្ស៊ីបានបញ្ជូនទាហានស៊ីឈ្នួលប្រហែល ២,០០០នាក់មកពីប្រទេសស៊ីរីទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជំរុញការឈ្លានពានរបស់ខ្លួន។

ចំណែកក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ក៏បានបញ្ជាក់ដែរថា ទាហានស៊ីឈ្នួលត្រូវបានគេជឿជាក់ថា កំពុងធ្វើការគាំទ្រផ្នែកភស្តុភារ និងបេសកកម្មផ្សេងទៀត នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ក្រុមនេះបន្ថែមថា គិតត្រឹមខែមុន មនុស្សប្រហែល ៥០.០០០នាក់នៅស៊ីរីបានចុះហត្ថលេខាក្នុងការប្រយុទ្ធដើម្បីរុស្ស៊ី។

ការចុះឈ្មោះបែបនេះ បាននិងកំពុងធ្វើឡើងនៅក្នុងតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី។ អ្នកជ្រើសរើសមនុស្សនៅភាគខាងជើងនៃទីក្រុងអាឡេប៉ូ ត្រូវបានគេរាយការណ៍ថា បានប្រាប់ប្រជាជនថា ពួកគេអាចរកប្រាក់បាន ៣,០០០ដុល្លារក្នុងមួយខែ ហើយអាចទទួលបានសញ្ជាតិរុស្ស៊ី ប្រសិនបើពួកគេចុះឈ្មោះ។

បុរសជនជាតិស៊ីរីម្នាក់បានក្លាយជាទាហានស៊ីឈ្នួល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រពន្ធ និងកូនបីនាក់របស់គាត់។ គាត់ត្រូវបានបញ្ជូនទៅតំបន់ ដូណេត ភាគខាងកើតអ៊ុយក្រែនក្នុងខែកក្កដា។ ក្រោយមក បុរសនោះបានទូរស័ព្ទទៅមិត្តភ័ក្តិរបស់គាត់នៅស៊ីរី ដើម្បីហាមគាត់មិនឱ្យធ្វើដំណើរទៅអ៊ុយក្រែន។បុរសនោះបាននិយាយថា ទាហានស៊ីឈ្នួលស៊ីរីត្រូវបានគេចាត់ទុកដូចជាទាសករដាច់ថ្លៃ ហើយថា ការពន្យល់ដែលផ្តល់ដោយអ្នកជ្រើសរើស គឺសុទ្ធតែជាការកុហក៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner