រដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម ឯកភាពគ្នាបង្កើតកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ក្រោយរួមការងារជាង៣០ឆ្នាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋសភានៃប្រទេសកម្ពុជា-ឡាវ-វៀតណាមឬស៊ី អិល វី (CLV) បានឯកភាពគ្នាបង្កើតយន្តការកិច្ចប្រជុំកំពូលសភា CLV ក្នុងគោលដៅពង្រឹងចំណងកិច្ចសហប្រតិបត្តិការបន្ថែមឲ្យកាន់តែស៊ីជម្រៅសម្រាប់រដ្ឋសភានៃប្រទេសទាំង៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ នៃប្រទេសក្របខណ្ឌ CLV ទាំង៣ នេះ ក្រោយរួមសហការគ្នាជាង៣០ឆ្នាំ ។

ការឯកភាពគ្នានេះ ត្រូវបានអ្នកតាមដានបញ្ហាសង្គមយល់ថា ជាការល្អក្នុងការពង្រឹងចំណងកិច្ចសហប្រតិបត្តិដើម្បីបម្រើប្រយោជនន៍ទៅវិញទៅមកសម្រាប់ប្រទេសភូមិផងរបងជាមួយគ្នាទាំង ៣នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានពីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងជំនួបស្តីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងប្រធានសភាកម្ពុជា ឡាវ និងវៀតណាម(CLV) ជុំវិញ កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម” នាឱកាសនៃម ហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

ប្រធានរដ្ឋសភានៃប្រទេសទាំង៣ បានពិភាក្សាគ្នាដើម្បីពង្រឹងចំណងកិច្ចសហការរវាងសភាកម្ពុជា ឡាវ និងវៀតណាម ក្នុងគោលដៅបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាប្រទេសជិតខាងល្អ ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង។

ក្នុងពិធីនេះ ប្រធានរដ្ឋសភានៃប្រទេស CLV ទាំង៣ បានចុះហត្ថលេខានៅរាជធានីភ្នំពេញដោយប្រធានរដ្ឋសភាកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានព្រមព្រៀងគ្នាបង្កើតយន្តការ កិច្ចប្រជុំកំពូលសភា CLV ឡើង បន្ថែមលើយន្តការកន្លងមកដែលមានស្រាប់កន្លងមកពោលគឺ កិច្ចប្រជុំគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេស CLV ក្នុងគោលដៅចំនួន៣។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ពីគោលដៅនៃការបង្កើតយន្តការ កិច្ចប្រជុំកំពូលសភា CLV នេះ ដូច្នេះថា៖ «កិច្ចប្រជុំនេះមានគោលបំណង ធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងចំណោមប្រទេស CLV»។

ប្រភពដដែលបានបន្តថា ជាការជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយ ព័ត៌មាន បទពិសោធន៍ និងការអនុវត្តឲ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV និងកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV(CLV-DTA)។

នាសេចក្តីថ្លែងការណ៍រួមនោះ សមភាគីទាំង៣ កម្ពុជា-ឡាវ-វៀតណាម បានប្តេជ្ញាចិត្តយ៉ាងមុតមតាំក្នុងការពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនឹងគ្នា និងបម្រើផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ CLV បានសម្រេចឲ្យរដ្ឋសភារបស់ឡាវ នឹងធ្វើជាម្ចាស់ផ្ទះជាលើកទី១ ក្នុងក្របខណ្ឌកិច្ចប្រជុំសភាកំពូល CLV នេះនៅឆ្នាំ២០២៣ ខាងមុខ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការសហការនាចំណោមប្រទេសជិតខាងទាំង៣ នេះជាការចងជាប្លុកក្នុងន័យសហការ ផ្លាស់ប្តូរផលប្រយោជន៍ដលើគ្នាទៅវិញមកក្រោមកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ច នយោបាយ និងសន្តិសុខរួមសម្រាប់ភាគីទាំង៣ កម្ពុជា ឡាវ និងវៀតណាម។

ទាក់ទងនឹងការព្រួយបារម្ភមួយចំនួន ថា កម្ពុជាហាក់មាននិន្នាការងាករេទៅកាន់ប្លុកកុម្មុយនីស្តក្នុងតំបន់នោះ លោកផៃ ស៊ីផាន អះអាងថា មិនមែនជាការពិតឡើយ ដោយកាលៈទេសៈសាកលលោកបច្ចុប្បន្ន បណ្តាប្រទេសនីមួយៗតែងរកច្រកកិច្ចសហការដើម្បីប្រយោជន៍សេដ្ឋកិច្ចរៀងៗខ្លួន ជាជាងគិតទៅលើនិន្នាការលទ្ធិនយោបាយ។

មួយវិញទៀត លោកថា កម្ពុជាមានរដ្ឋាភិបាលស្វយភាពដឹកនាំប្រទេស មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលស្រាប់ ដែលប្រទេសយើងមិនអាចបាត់បង់អធិបតេយ្យខ្លួនទោរទន់ទៅកាន់ប្រទេសណាមួយឡើយ។

ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ ដូច្នេះថា ៖ «ការធ្វើកិច្ចសហប្រតិបត្តិការ មិនអាចចោទទៅលើភាគីនៅជាមួយបាននោះទេ ជាក់ស្តែងសហរដ្ឋអាមេរិកធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន មិនអាចចាត់ទុកថា សហរដ្ឋអាមេរិកគាំទ្រលទ្ធិកុម្មុយនីស្តបានឡើយ»។

ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ថា ការពង្រឹងកិច្ចសហប្រតិបត្តិផ្នែកសភាបន្ថែមសម្រាប់ប្រទេសត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV) ជាការល្អ ព្រោះប្រទេសទាំង៣ មានកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលល្អស្រាប់ ហើយក៏ជាប្រទេសភូមិផងរបងជាមួយដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាផង។

លោក យង់ ពៅ លើកឡើងពីផលប្រយោជន៍ចេញពីទំនាក់ទំនងសភាត្រីភាគី CLV នេះថា ៖ «ទោះជាយ៉ាងណា វាមាភាពជាប់ពាក់ព័ន្ធគ្នាទាំងកត្តាភូមិសាស្រ្ត ប្រវត្តិសាស្រ្ត សង្គមជាដើម។ យន្តការសភានេះមានប្រយោជន៍ក្នុងការចែករំលែកគ្នាបន្ថែមទៅលើ ការអនុវត្តច្បាប់នៃប្រទេសរៀងខ្លួន ចែករំលែកព័ត៌មានគ្នាឲ្យគ្រប់ជ្រុងជ្រោយនិងស្មើមុខស្មើមាត់តួយ៉ាងនិតិបញ្ញត្តិ ច្បាប់នានា និងព័ត៌មាននានាក្នុងចំណោមប្រទេសទាំង៣»។
ពាក់ព័ន្ធទៅនឹង ការព្រួយបារម្ភនានាជុំវិញការបាត់បង់អធិបតេយ្យកម្ពុជាដោយសារការរឹតចំណងជាមួយប្រទេសជិតខាងទាំងពីរដែលសុទ្ធសឹងជាប្រទេសប្រកាន់លទ្ធិកុម្មុនីស្តនោះ លោកយង់ ពៅ បញ្ជាក់ថា ការរឹតចំណងទំនាក់ទំនងសភានេះ មិនអាចប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ឬប្រទេសណាមួយឡើយ ផ្ទុយទៅវិញការណ៍នេះ នាំឲ្យមានការចែករំលែកព័ត៌មានគ្នាកាន់តែស៊ីជម្រៅទៅវិញទេ។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បន្ថែមថា ដោយសារកត្តាសត្យានុម័តនៃលក្ខខណ្ឌភូមិសាស្រ្ត វាទាមទារឲ្យប្រទេសទាំង៣ ដែលជាមិត្តភូមិផងរបងជាមួយគ្នា កម្ពុជា ឡាវ និងវៀតណាម រួមសហប្រតិបត្តិការនឹងគ្នាឲ្យបានស៊ីជម្រៅក្នុងន័យបម្រើប្រយោជន៍សង្គម សេដ្ឋកិច្ច រវាងប្រជាជននិងប្រជាជននៃប្រទេសទាំង៣ ជាផលប្រយោជន៍ជាតិរៀងៗខ្លួន ទោះបីមាននិន្នាការនយោបាយខុសៗគ្នាក្តី ដែលនាសម័យសាកលភាវូបនីយកម្ម គេលែងយកលទ្ធិមនោគមន៍វិជ្ជាជាត្រីមុខទៀតហើយ។

សូមរំឭកថា ចំណងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាជាតិកម្ពុជា-ឡាវ-វៀតណាម(CLV) កកើតឡើងជាង ៣០ឆ្នាំមកហើយ ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ ម្ល៉េះ ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំង៣ បង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA)៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner