លោក សួន សេរីរដ្ឋា អំពាវនាវកុំឲ្យប្រជាកសិករចាញ់បោកអ្នកនយោបាយដែលកំពុងប្រើវោហារបោកប្រាស់ និយាយបោកប្រាស់អំពីតម្លៃផលិតផលកសិកម្ម

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញៈ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអំពាវនាវកុំឲ្យប្រជាកសិករ កុំយល់ច្រឡំ កុំបន្ទោស ហើយកុំចាញ់បោកអ្នកនយោបាយដែលកំពុងប្រើវោហារបោកប្រាស់ និយាយបោកប្រាស់បងប្អូន អំពីតម្លៃផលិតផលកសិកម្ម ស្រូវអង្ករ បន្លែ សាច់ និងផ្លែឈើគ្រប់ប្រភេទ ។

លោក សួន សេរីរដ្ឋា បានថ្លែងថា “តម្លៃផលិតផលកសិកម្ម ស្រូវអង្ករ បន្លែ សាច់ និងផ្លែឈើគ្រប់ប្រភេទ មិនមែនស្ថិតនៅលើការទាមទារលក់ឲ្យបានថ្លៃនិងឡើងថ្លៃនៅទីផ្សារទេ ! ពីព្រោះផលិតផលកសិកម្មមិនមែនជាប្រភេទផលិតផលកម្រនោះទេ ។ ដូចនេះសូមបងប្អូនប្រជាកសិករ កុំយល់ច្រឡំ កុំបន្ទោស ហើយកុំចាញ់បោកអ្នកនយោបាយដែលកំពុងប្រើវោហារបោកប្រាស់ និយាយបោកប្រាស់បងប្អូន ! “។

លោកបន្តថា អ្នកនយោបាយដែលនៅចំពោះមុខកសិករសន្យាថា ខ្លួនដឹកនាំអាចធ្វើឲ្យផលិតផលកសិកម្មឡើងថ្លៃ ហើយនៅចំពោះមុខអ្នកទិញយកទៅហូបចុកសន្យាថា ខ្លួនដឹកនាំអាចធ្វើឲ្យតម្លៃទំនិញហូបចុក ចុះថោកនោះ គឺជាអ្នកនយោបាយថោកដែលបោកប្រាស់ប្រជាពលរដ្ឋទាំងកសិករនិងអ្នកទិញហូបចុកប៉ុណ្ណោះ ! ។ នៅប្រទេសណាក៏ដោយ… គេព្យាយាមរក្សាឬទម្លាក់តម្លៃ ផលិតផលកសិកម្ម ស្រូវអង្ករ បន្លែ សាច់ និងផ្លែឈើដែលជាប្រភេទអាហារហូបចុកប្រចាំថ្ងៃរបស់មហាជនឲ្យមានតម្លៃទាប ដើម្បីឲ្យអ្នកទិញហូបចុក អាចមានលទ្ធភាពទិញយកទៅហូបចុកទទួលទានបានគ្រប់ៗគ្នា ! ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានលេីកឡេីងថា តែអ្វីដែលត្រូវគិតគូនោះគឺ ត្រូវគិតរឿងធ្វើយ៉ាងណា រកវិធីអ្វី ដើម្បីធ្វើឲ្យតម្លៃនៃកាផលិត (ថ្លៃដើម) ចំណាយតិចបំផុត និងបង្កើនទិន្នផលផលិតកម្មឲ្យបានខ្ពស់ ! នេះទើបជាអ្វីដែលបងប្អូនកសិករនិងយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយជាមួយរដ្ឋាភិបាល… ។ កាលណាយើងចំណាយដើមផលិតទាប ទិញពូជន៍បានថោក ទិញជីទិញថ្នាំកសិកម្មបានថោក ហើយអាចបង្កើនទិន្នផលផលិតបានខ្ពស់ បានច្រើន ហើយរក្សាតម្លៃលក់ជូនអ្នកទិញហូបចុកបានទាប នោះវាជាជោគជ័យរបស់យើងទាំងអស់គ្នាហើយ… ។ បេះដូងកសិករពិតគឺ ៖ ផលិតឲ្យបានច្រើន មានគុណភាពខ្ពស់ ចំណាយឲ្យតិចបំផុត ហើយលក់ឲ្យអ្នកទទួលទានក្នុងតម្លៃទាប..! ៕ ដោយៈពលជ័យ

ads banner