សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតិឲ្យគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ អនុញ្ញាតិឲ្យគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ដឹកនាំដោយឯកឧត្តមហ៊ុន ម៉ានី ចូលជួបគោរពសម្តែងការគួរសម នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងឱកាសជួបសម្តែងការគួរសម ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងឱកាសនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលជួបគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា។
ឯកឧត្ត ហ៊ុន ម៉ានី បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងជាលើកទី១ និងដោយផ្ទាល់ នារសៀលថ្ងៃនេះ ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២២នេះ។
តំណាងឲ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមថា៖ «ជាមួយការចូលរួមបន្ថែមពីសមាជិកសភាវ័យក្មេងអាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភា នៃប្រទេសសមាជិកអាយប៉ា និងអាស៊ានជារួម យើងនឹងឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ានមួយពោរពេញទៅដោយកាលានុវត្តភាពនិងការចូលរួមចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជា-ជនវ័យក្មេង ដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា យុវជន គឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅ គ្រប់ទិសទី។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី៤៣របស់អាយប៉ា នាពេលនេះ នឹងទទួលបាននូវកិច្ចសន្ទនា និងការពិភាក្សា ដែលផ្តល់នូវលទ្ធផលដ៏ប្រសើរ ក្នុងការលើក កម្ពស់តួនាទីរបស់AIPA ឱ្យកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល។

សូមបញ្ជាក់ថា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើប្រធានបទស្តីពី «ជំរុញការផ្សាភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួមចំណែកស្របទៅនឹងមូលបទរួមនៃមហាសន្និបាតអាយប៉ា លើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់»៕ ដោយ / គ្រី សម្បត្តិ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner