ក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសានារៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសជ័យលាភីអារាមមេត្រីបរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសានាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសជ័យលាភីអារាមមេត្រីបរិស្ថាន។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃទាំងពីរគណៈ ព្រះចៅធិការ ព្រះសង្ឃពុទ្ធសាសនា ឯកឧត្តមអគ្គនាយក តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងសាសនិកឥស្លាម ជាច្រើនរូបទៀត។

កម្មវិធីប្រកាសជ័យលាភីនេះ មានគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីអារាមមេត្រីបរិស្ថាន ដែលក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនាបានដាក់អនុវត្តតាំងពីឆ្នាំ២០២១ និងប្រកាសទទួលស្គាល់អារាមដែលបានជាប់ជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំ២០២២។ ឆ្នាំ២០២២នេះ ជាគឺជាឆ្នាំដំបូងដែលក្រសួងបរិស្ថាន សហការជាមួយក្រសួងធម្មការ និងសាសនា រៀបចំចលនាប្រឡងប្រណាំង ជ្រើសរើសវត្តអារាមដែលបានអនុវត្តល្អប្រសើរលើការងារបរិស្ថាន សំដៅដល់ការប្រតិបត្តិមេត្រីភាពបរិស្ថាន និងការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាននៅតាមសហគមន៍។ សម្រាប់ការវាយតម្លៃជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំនេះ ក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនា បានជ្រើសរើសអារាមចំនួន០៣ ដែលបានជាប់ជ័យលភី ក្នុងចំណោមអារាមចំនួន៣៤ដែលបានដាក់ពាក្យចូលរួមប្រឡង ប្រណាំងក្នុងឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះអារាមសាសនាដែលបានចូលរួមជាមួយក្រសួងបរិស្ថានលើការងារអប់រផ្សព្វផ្សាយបរិស្ថានដល់សាសនិក ដើម្បីចូលរួមចំណែករៀបចំប្រទេសកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍដោយចីរភាព៕ ដោយ: ដេប៉ូ




